ភូមា-OCI

គណៈប្រតិភូ​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ទៅ​ភូមា ក្រោយ​អំពើហិង្សា​ប្រឆំាង​រ៉ូហ៊ីងយ៉ា

ទង់ជាតិ​នៃ​ក្រុមប្រទេស​​ ជា​សមាជិក​របស់​អង្គការ OCI
ទង់ជាតិ​នៃ​ក្រុមប្រទេស​​ ជា​សមាជិក​របស់​អង្គការ OCI

ប្រភព​ផ្លូវការ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ ទី១១ កញ្ញា​ម្សិលមិញ​ឲ្យ​ដឹង​ថា អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ហៅកាត់​ថា OCI ដែល​ប្រមូលផ្តុំ​ដោយ​ក្រុម​ប្រទេស​អារ៉ាប់​បាន​បញ្ជូន​​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​កាន់​ប៉ែក​ខាង​លិច​ប្រទេស​ភូមា។ បេសកកម្ម​របស់​គណៈប្រតិភូ​អ៊ីស្លាម​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់​ព្រះពទ្ធសាសនា និង​អ្នកកាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ភូមា​ម្នាក់​ឲ្យ​ដឹង​ថា អ្នកតំណាង​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ចំនួន ៣​រូប​បាន​ទៅ​ប្រទេស​ភូមា​តំាង​ពី​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា និង​បាន​ចុះ​ទៅ​ពិនិត្យ​ជំរំ​ជនភៀសខ្លួន។ ក្នុង​ចំណោម​អ្នកតំណាង​ទំាង ៣រូប​របស់​អង្គការ OCI ក៏​គេ​ឃើញ​មាន​វត្តមាន​លោក Ufuck Gokcen ដែល​ជា​អ្នកសង្កេតការណ៍​អចិន្រ្តៃយ៍​របស់​អង្គការ OCI ប្រចំា​អង្គការ​សហប្រជាជាតិ។ គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ជំនួប​កំពូល​ចុង​ក្រោយ​របស់​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ក្នុង​ប្រទេស Arabie Saoudite អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​បាន​សម្រេច​លើក​យក​សំណុំរឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង​ក្នុង​ប្រទេស​ភូមា​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

រដ្ឋ​ទំាង ៥៧​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ OCI បាន​ផ្តន្ទាទោស​រដ្ឋាភិបាល​ភូមា​ដែល​បាន​ប្រើ​អំពើហិង្សា​ប្រឆំាង​នឹង​សហគមន៍​រ៉ូហ៊ីងយ៉ា និង​ការ​បដិសេធ​របស់​ទីក្រុង​ណៃពីដ៏​ដែល​មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ក្រុម​រ៉ូហ៊ីងយ៉ា អ្នកកាន់សាសនា​អ៊ីស្លាម​មួយ​នេះ។ ចំណែក​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ ក៏​បាន​ចោទ​កម្លំាង​រដ្ឋាភិបាល​ភូមា ពី​បាន​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​​របស់​ពួក​រ៉ូហ៊ីងយ៉ា​ដែរ។ សូម​បញ្ជាក់​ជូន​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ អំពើ​ហិង្សា​រវាង​ក្រុម​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ក្រុម​ជនជាតិ​ភាគតិច​រ៉ាក់ឃីន​អ្នកកាន់​ព្រះពុទ្ធសាសនា​ក្នុង​រដ្ឋ​រ៉ាក់ឃីន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩០នាក់ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ។ តែ​បើ​យោង​តាម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។

អំពើហិង្សា​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​ទំាង​ពីរ​មាន​ការ​បាត់បង់​ទំាង​អស់គ្នា។ មាន​ស្រុក ភូមិ​ទំាង​មូលៗ​បាន​ត្រូវ​កម្ទេច ហើយ​ពួក​រ៉ូហ៊ីងយ៉ា​ក៏​បាន​ជម្លៀស​ខ្លួន​ទៅ​រស់នៅ​ក្នុង​ជំរំ​ដែល​គ្មាន​អនាម័យ​ត្រឹមត្រូវ។ បច្ចុប្បន្ន​នេះ មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ចំនួន ៣០ម៉ឺននាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ដែល​ក្នុង​នោះ មាន ៣ម៉ឺននាក់​កំពុង​រស់នៅ​ក្នុង​ជំរំ​ពីរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។ គួរ​រំលឹក​ជូន​ថា មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ប្រមាណ ៨០ម៉ឺននាក់​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន និង​ដែល​មិន​បាន​ត្រូវ​រដ្ឋាភិបាល​ភូមា​ទទួល​ស្គាល់ ជា​ជនជាតិ​ភាគតិច ឬមួយ​ក៏​ជា​ពលរដ្ឋ​ភូមា​ទេ តែ​ជា « ជនអន្តោប្រវេសន៍​ខុសច្បាប់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI