ក្រុមបាតុករជួបជុំគ្នាក្រោមកម្តៅថ្ងៃ នៅទីលានប្រជាធិបតេយ្យ
នៅឯទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃពុធនេះ ក្រុមបាតុករគណបក្សសង្គ្រោះជាតិបានមកជួបជុំគ្នាជាបន្តបន្ទាប់ ដើម្បីរង់ចាំកម្មវិធីផ្លូវការនៅរសៀលនេះ។ តាមការវាយតម្លៃរបស់អង្គការសង្គមស៊ីវិល មនុស្សប្រមាណជា២ម៉ឺននាក់ បានមកជួបជុំគ្នានៅព្រឹកនេះ ក្រោមអាកាសធាតុក្តៅហែង។ បាតុករកំពុងបន្តចូលមកជាបន្តបន្ទាប់ទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកនេះ បានចាប់ផ្តើមឡើងដោយមានអ្នកចូលរួមច្រើនកុះករនៅទីលានប្រជាធិបតេយ្យ។ នៅព្រឹកនេះ នៅមិនទាន់មានកម្មវិធីអ្វីសំខាន់នៅឡើយទេ ដោយពួកគេគ្រាន់តែមកជួបជុំគ្នាដើម្បីរង់ចាំដង្ហែញត្តិនៅថ្ងៃរសៀលតែប៉ុណ្ណោះ។
អ្នកដែលមានវត្តមាននៅទីលានប្រជាធិបតេយ្យនៅព្រឹកនេះ មានចំនួនប្រហែល២ម៉ឺននាក់ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានតាមដានព្រឹត្តិការណ៍នេះ។ ពួកគេបានជ្រកក្រោមដំបូលប្រក់សំពត់តង់ ដើម្បីគេចពីកម្តៅថ្ងៃដ៏ហួតហែង។ លោក សួន ប៊ុនស័ក្តិ មន្ត្រីនៃគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សដែលបានតាមដានរឿងនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅតាមបណ្តាច្រកចូលភ្នំពេញ អាជ្ញាធរមិនបានរារាំងអ្នកដំណើរដែលមកចូលរួមបាតុកម្មទេ ប៉ុន្តែ គ្រាន់តែមានការឆែកឆេរខ្លះៗប៉ុណ្ណោះ។
ការឆែកឆេរនេះបានបង្កការរំខានខ្លះដល់អ្នកដំណើរ។ យ៉ាងណាក៏ដោយ លោក សួន ប៊ុនស័ក្តិ កត់សម្គាល់ថា អាជ្ញាធរហាក់ដូចជាមានការសម្របសម្រួលឲ្យបាតុករបានចូលមកធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។ រហូតមកទល់ថ្ងៃត្រង់នេះ នៅមិនទាន់មានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់នៅឡើយទេ។
សូមបញ្ជាក់ថា តាមគម្រោងសម្រាប់មហាបាតុកម្មថ្ងៃដំបូងនេះ អ្នកចូលមហាបាតុកម្មនឹងដង្ហែញត្តិដែលមានស្នាមមេដៃពលរដ្ឋរាប់លាននាក់ដែលខ្លួនប្រមូលបាន ទៅដាក់ជូនការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំទីក្រុងភ្នំពេញ។ មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា ក៏គ្រោងនឹងចូលរួមក្នុងពិធីដង្ហែញត្តិនេះដែរ។ បន្ទាប់ពីការដាក់ញត្តិរួចហើយ ក្រុមបាតុករនឹងវិលមកកាន់ទីលានប្រជាធិបតេយ្យវិញ។ នៅយប់នេះ ក៏មានការបញ្ចាំងខ្សែភាពយន្តឯកសារស្តីពីការតស៊ូរបស់វីរជនបរទេសមួយចំនួន ដើម្បីបង្ហាញក្រុមបាតុករផងដែរ។
មហាបាតុកម្មនឹងបន្តធ្វើរយៈពេលបីថ្ងៃជាប់ៗគ្នា។ នៅថ្ងៃស្អែក និងថ្ងៃបន្តបន្តាប់ទៀត ក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងដង្ហែញត្តិស្នាមមេដៃរបស់អ្នកគាំទ្រទៅជូនស្ថានទូតបរទេសនានានៅទីក្រុងភ្នំពេញផងដែរ ដើម្បីសុំឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ