កម្ពុជា

បក្ស​សង្គ្រោះ​ជាតិ​រង់​ចាំ​ចម្លើយ​ពី​ក្រសួង​មហា​ផ្ទៃ​អំពី​ការ​ហែក្បួន​ និង​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​

លោក សម​ រង្ស៊ី​​ ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ក្នុង​ពេលកន្លងមក។
លោក សម​ រង្ស៊ី​​ ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ក្នុង​ពេលកន្លងមក។ RFI/Siv Chana

ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​យឹម សុវណ្ណ​ បាន​ជួប​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ជជែក​បន្ថែម​អំពី​ការរៀបចំ​មហា​បាតុកម្ម៣ថ្ងៃ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី២៣ តុលា។ គណបក្សប្រឆាំង​បានទាមទារ​សិទ្ធិ​រៀបចំ​ដែលមាន​មនុស្ស​ចូលរួម​ពី២ម៉ឺន ដល់៤ម៉ឺន​នាក់ ហែក្បួន និង​អោយ​ពលរដ្ឋ​ប្រមាណ​៥០០០នាក់​ សំរាក​ពេលយប់ លើទីលាន​ប្រជាធិបតេយ្យ។ សាលា​រាជធានី​ភ្នំពេញ​មិនបាន​យល់ព្រម​ឡើយ​លើ​សំណើ​ទាំងនេះ ហើយ​បាន​បញ្ជូន​កំណត់​ហេតុនេះ ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សម្រេច។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រង់ចាំ​ចម្លើយ​របស់​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ប្រតិភូ​នៃ​គណបក្ស​នេះ​មិន​ទទួលបាន​ការយល់ព្រម​ពី​សាលា​រាជធានី​ភ្នំពេញ លើ​សំណើ​របស់​ពួកគេ។ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដឹកនាំ​ប្រតិភូ​តំណាង​គណបក្ស​ចំនួន៧នាក់​ ទៅ​ជួប​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នោះ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើសុំ​អោយមាន​អ្នកចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ​ចន្លោះ​ពី២ម៉ឺន ទៅ៤ម៉ឺន​នាក់ ស្នើ​សុំអោយ​អ្នកចូលរួម​ចំនួន៥០០០នាក់​ សំរាក​ពេលយប់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​សុំ​ហែ​ក្បួន​នៅពេល​ព្រឹក​នៅ​ថ្ងៃទី២៣-២៤ និង២៥តុលា ជាមួយ​អ្នកចូលរួម​ប្រហែល១ម៉ឺន​នាក់។

លោក​យឹម សុវណ្ណ​បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ដែល​មិនបាន​យល់ព្រម​នឹង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​នោះ នឹង​ផ្ញើ​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​នេះ ទៅ​ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​អោយ​ក្រសួងមហាផ្ទៃ​យល់ព្រម​តាម​សំណើ​របស់ខ្លួន។ លោក​យឹម សុវណ្ណ​ បាន​បញ្ជាក់ថា នេះ​គឺជា​សំណូមពរ​ចាំបាច់​មួយ​ដែល​ក្រសួង​មហាផ្ទៃ​​ត្រូវ​ឆ្លើយតប​ទៅនឹង​សុ​ឆន្ទៈ​របស់​ពលរដ្ឋ។ ចំពោះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​​ដដែល​នេះ គណបក្ស​នេះ​ធ្លាប់​រៀបចំ​មហា​បាតុកម្ម​ច្រើនលើក​កន្លងមកនេះ ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ។

គួរ​រម្លឹក​ឡើងវិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានគ្រោង​ធ្វើ​មហា​បាតុកម្ម៣ថ្ងៃ គឺ​ថ្ងៃទី២៣ដល់​ថ្ងៃទី២៥តុលា ដើម្បី​សម្តែង​មតិ​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ ក្នុងពេលនោះ គណបក្ស​នេះ​ក៏​គ្រោង​ដង្ហែ​នាំយក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ទៅកាន់​ការិយាល័យ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា។ 

គម្រោង​​ធ្វើ​មហា​បាតុកម្ម​ដែល​ត្រូវ​បង្ខំ​អោយកំលាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​សន្តិសុខ​យ៉ាងខ្លាំង​ដូច​សព្វដង។ មុន​ការរៀបចំ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មកដល់ កងកំលាំង​ចម្រុះ​បាន​ត្រៀម​ហ្វឹកហ្វឺន​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ផងដែរ​ នៅ​ព្រឹក​មិញ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI