កម្ពុជា

សាលារាជធានី ហៅ​​បក្ស​​សង្គ្រោះជាតិ​ពិភាក្សា​អំពី​ការ​ដង្ហែ​ញត្តិ​ទៅ​តាម​ស្ថាន​ទូត​

អ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងមហាបាតុកម្ម ក្នុង​ពេល​កន្លងមក​​
អ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងមហាបាតុកម្ម ក្នុង​ពេល​កន្លងមក​​ RFI/Im Rachna

នៅ​រសៀល​ថ្ងៃអង្គារ​នេះ តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ​នឹង​ជួប​គ្នា​ម្តងទៀត ដើម្បី​ជជែក​អំពី​បញ្ហា​លំអិត​​ទាក់ទង​នឹង​ការ​ដង្ហែ​ស្នាម​មេដៃ​ ទៅ​តាម​បណ្តា​ស្ថានទូត ដែល​គណបក្ស​នេះ​បាន​គ្រោង។ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ពន្យល់​ថា អាជ្ញាធរ​ត្រូវ​ការរៀបចំ​​តម្រាយ​ផ្លូវ​សម្រាប់​ការ​ដង្ហែ​​ញត្តិ​នេះ ដើម្បី​បញ្ចៀស​អសណ្តាប់ធ្នាប់ និង​ការ​ពារ​សន្តិសុខ​ចំពោះ​ស្ថានទូត​​ផង។

ផ្សាយពាណិជ្ជកម្ម

មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​ហើយ ការ​ជួប​គ្នា​រវាង​គណបក្ស​នេះ​ និង​អាជ្ញាធរ​រាជធានី​នៅ​តែ​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​នេះ។ នៅរសៀល​ថ្ងៃ​អង្គារ​នេះ សាលារាជធានី​ភ្នំពេញ​នឹង​ពិភាក្សា​លំអិត​អំពី​គម្រោង​ហែក្បួន​ដាក់​ញត្តិ​ ឬ​ស្នាមដៃ​របស់​គណបក្ស​​សង្គ្រោះជាតិ​ទៅ​​តាម​បណ្តាស្ថានទូត។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ឡុង​ ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ។

ចំនួន​មនុស្ស​ដែល​ចូលរួម​ហែ​​ញត្តិ​ក៏​នឹង​ក្លាយជា​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ។ ខណៈ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ហូ វ៉ាន់ ​​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា គណបក្ស​លោក​នឹង​ទទូច​ប្រាប់​សាលារាជធានី​ថា អ្នកចូលរួម​ដង្ហែ​ញត្តិ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​ចំនួន​១ម៉ឺន​នាក់ អ្នកនាំពាក្យ​សាលារាជ​ធានី​បាន​ព្រលយ​អោយដឹង​ហើយ​ថា សាលារាជធានី​ទំនង​ជា​នឹង​អនុញ្ញាត​អោយ​ចំនួន​នៃ​អ្នកហែ​ញត្តិ​នេះ​ មិន​អោយ​លើស​ពី​១០០០នាក់​ឡើយ។

មូលហេតុ​ត្រូវបាន​មន្ត្រី​សាលារាជធានី​រូប​នេះ​ពន្យល់​យោង​ទៅ​លើ​បញ្ហា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​​របស់ស្ថានទូត​ផង។ យោងតាម​មន្ត្រី​ដដែល គណបក្ស​សង្គ្រោះជាតិត្រូវ​ទទួល​ការ​យល់​ព្រម​ពី​ស្ថានទូត​ថា នឹង​ទទួល​យក​ញត្តិ​ពួកគេ ទើប​អាជ្ញាធរ​ធ្វើ​តម្រាយ​ផ្លូវ​ជូន​ពួកគេ ហើយ​ថា ក្បួន​ទាំង​នោះ​ក៏​មិនអាច​ទៅ​ក្បែរ​ស្ថានទូត​ដែរ។ គឺ​តម្រាយ​ផ្លូវ​នេះ​ហើយ ដែល​អាជ្ញាធរ​សាលារាជធានី​នឹង​ត្រូវអន្តរាគមន៍​ជួយ​សំរួល​ក្នុង​ការ​ធ្វើ​ចរាចរនោះ។

លោក ហូ វ៉ាន់ ដែល​ទទួល​បន្ទុក​ក្នុង​ការងារ​រៀបចំ​មហាបាតុកម្ម​​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣តុលា ស្នាម​មេដៃ​ស្តី​ពី​ការ​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នឹង​ត្រូវដង្ហែ​ទៅ​​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូតបារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។ រីឯ​ព្រឹក​ថ្ងៃ​ទី​២៥​វិញ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូតអូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងស្ថានទូត​ចិន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ ហូ វ៉ាន់ ដែល​នឹង​មាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នា​រសៀល​នេះ ​បាន​ប្រាប់​អោយដឹងថា គណបក្ស​សង្គ្រោះជាតិ​នៅ​ទទូច​សង់​រោង​​ដើម្បី​ផ្តល់ជម្រក​ដល់​បាតុករ​ដែល​មក​ពី​បណ្តា​ខេត្ត​ ចាប់​ពី​ល្ងាច​ថ្ងៃអង្គារ​នេះហើយ។  ការ​សង់រោង​ស្នាក់​នៅ​ពេល​យប់ ដែល​​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បដិសេធ​រួចហើយ​។ ការ​បដិសេធ​នេះ​ត្រូវបាន​សរសេរ​នៅ​ក្នុង​លិខិត​ ផ្ញើ​មក​អភិបាល​រាជធានីភ្នំពេញ​​នៅ​យប់​ថ្ងៃ​ចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI