កម្ពុជា

ព្រះ​សង្ឃ​និង​បាតុករ​ផ្ទុះ​កំហឹង​ដុត​ទង់​ជាតិ​វៀតណាម​ជា​ថ្មី​នៅ​ថ្ងៃ​បាតុកម្ម​ទី​ពីរ

បាតុករ​បាន​នាំ​គ្នា​ដុត​ទង់​ជាតិ​វៀត​ណាម​ ដោយ​សារ​មាន​កំហឹង​នឹង​ស្ថាត​ទូត​វៀត​ណាម​ដែល​មិន​ព្រម​សុំទោ​សក​ម្ពុជា​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​។
បាតុករ​បាន​នាំ​គ្នា​ដុត​ទង់​ជាតិ​វៀត​ណាម​ ដោយ​សារ​មាន​កំហឹង​នឹង​ស្ថាត​ទូត​វៀត​ណាម​ដែល​មិន​ព្រម​សុំទោ​សក​ម្ពុជា​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​។ RFI/ Siv Channa

ថ្ងៃ​អាទិត្យ​ ទី​០៥​ តុលា​នេះ ​គឺ​ជា​ថ្ងៃ​ទី​ពីរ​ហើយ​នៃ​បាតុកម្ម​ដឹក​នាំ​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​ប្រជា​ធិបតេយ្យ ​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា។​ ហើយ​ក៏​មិន​ខុស​ពី​ថ្ងៃ​ម្សិល​មិញ​ដែរ ​ព្រះ​សង្ឃ​និង​បាតុករ​មួយ​ចំនួន​បាន​ផ្ទុះ​កំហឹង​ដុត​ទង់​ជាតិ​វៀត​ណាម​ជា​ថ្មី​ ដើម្បី​ទាមទារ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​ចេញ​មក​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​រឿង​ទឹក​ដី​កម្ពុជា​ក្រោម។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ម៉ោង​ប្រមាណ១២ និង ៣០ នាទី​រសៀល​ស្រប​ពេលដែល​បាតុករ​ផ្សេងទៀត​កំពុង​ថ្លែង​អំពី​ទឹកដី​កម្ពុជា​ក្រោម​នោះ ព្រះ​តេជគុណ​សឺ​ន ហាយ​ដែលជា​ព្រះ​ស​ង្ឃ​មកពី​ទឹកដី​កម្ពុជា​ក្រោម រួម​នឹង​បាតុករ​មួយចំនួនទៀត​បាន​ផ្ទុះ​កំហឹង​ដុត​ទង់ជាតិ​វៀតណាម។ ក្នុងពេល​ដុត​ទង់ជាតិ​នោះ ក៏​មានការ​ប្រទាញប្រទង់​គ្នា​បន្តិចបន្តួច​ដែរ ដោយ​ក្រុមយុវជន​មកពី​សម្ព័ន្ធ​យុវជន​​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​ដែលជា​អ្នកដឹកនាំ​បាតុកម្ម​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ដុត​ទង់ជាតិ​វៀតណាម។ ប៉ុន្តែ​រារាំង​មិនបាន​សម្រេច​នោះទេ ហើយ​ទីបំផុត​ព្រះ​ស​ង្ឃ​និង​បាតុករ​នៅតែ​ដុត​ទង់ជាតិ​វៀតណាម​បាន​ដដែល ដើម្បី​បង្ហាញ​ពី​ការកើត​ទុក្ខ​មិន​សុខ​របស់​ពួកគេ។

នេះ​ជាការ​ដុត​ទង់ជាតិ​វៀតណាម​ជា​លើក​ទី​ពីរ​ហើយ​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​សុំទោស​ពលរដ្ឋ​ខ្មែរ​អំពី​ទឹកដី​កម្ពុជា​ក្រោម។ គិត​តាំងពី​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ​បាតុកម្ម​ទី​ពីរ ទង់ជាតិ​វៀតណាម​ទំហំ​ធំ​ចំនួន៩ និង ទង់ជាតិ​ខ្នាតតូច​ជាច្រើន​រយ​ទង់​ទៀត​ត្រូវ​ព្រះ​ស​ង្ឃ និង​ក្រុមបាតុករ​មួយចំនួន​ដុតចោល។

ទោះបី​មានការ​ដុត​ទង់ជាតិ និង​សម្រែក​មិន​សុខចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​គ្នា​ពីរ​ថ្ងៃ​បែបនេះ​ក៏ដោយ ប៉ុន្តែ​មិនថាឡើយ​អ្នកនាំពាក្យ សូម្បី​ស្ថានទូត​វៀតណាម​ទាំងមូល​ក៏​មិនបាន​អើពើ​នឹង​សម្រែក​ទាំង​នេះដែរ។ កាលពី​ខែសីហា​កន្លងទៅ ក្នុងពេល​ធ្វើបាតុកម្ម​ក្នុង​គោលបំណង​ដូចគ្នានេះ ក៏មាន​ការផ្ទុះ​កំហឹង​ដុត​ទង់ជាតិ​វៀតណាម​ផងដែរ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​ចេញមុខ​ថ្កោលទោស​ការដុត​នោះ ហើយ​ថែមទាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​លើ​ពលរ​ដ្ឋ​ខ្លួនឯង​ទៀតផង។

យ៉ាងណាក៏ដោយ ព្រះ​តេជគុណ សឺ​ន ហាយ បាន​ព្រមាណ​ថា ប្រសិនបើ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នៅតែ​មិន​ព្រម​ចេញមក​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​អំពី​អ្វីដែល​ខ្លួន​បានលើកឡើង​ទេនោះ ព្រះ​តេជគុណ​នឹង​ដឹកនាំ​ដុត​ទង់ជាតិ​វៀតណាម​នៅ​ថ្ងៃ​បន្ទាប់​ទៀត។

សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ថ្ងៃ​ចាប់ផ្តើម​ធ្វើបាតុកម្ម​រយៈ​ពេល៥ថ្ងៃ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឈប់​ប្រើប្រាស់​ផលិតផល​វៀតណាម​តទៅទៀត។ ជាការ​អំពាវនាវ ប្រឆាំង​ទៅនឹង​ភាព​រឹង​ទទឹង​របស់​វៀ​ត​ណា​ម​ដែល​មិន​ព្រម​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា។ បើតាម​គម្រោង​សហ​គមន៍​​ខ្មែរ​កម្ពុជា​ក្រោម និង សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​រៀប​ធ្វើបាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​ពីរ​ថ្ងៃ​ទៀត​ធ្វើ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ បាតុកម្ម​រយៈពេល៥ ថ្ងៃនេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី៨ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI