អឺរ៉ុប-ស៊ីរី

ក្រុម​អ្នកតំណាងរាស្រ្ត​អឺរ៉ុប​មិន​ពេញ​ចិត្ត​នឹង​នយោបាយ​ការបទេស​របស់​សហភាពអឺរ៉ុប​ក្នុង​វិបត្តិ​ស៊ីរី

លោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ការបរទេស​អឺរ៉ុប
លោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ការបរទេស​អឺរ៉ុប REUTERS/Vincent Kessler

កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី១១ កញ្ញា​ម្សិលមិញ នៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg លោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​បទវិភាគ​របស់​ខ្លួន​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក៏ប៉ុន្តែ​ចម្លើយ​របស់​លោកស្រី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ីរី​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកតំណាងរាស្រ្ត​អឺរ៉ុប​ទូទៅ​ពេញចិត្ត​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​បទវិភាគ​មួយ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg លោកស្រី Catherine Ashton បាន​បង្ហាញ​ពី​ក្តីកង្វល់​យ៉ាង​ខ្លំាង​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​ពុះកញ្ជ្រោល​នៅ​ក្នុង​ប្រទេស​ស៊ីរី។ យោង​តាម​លោកស្រី Catherine Ashton មាន​មនុស្ស​ស្លាប់​ជាង ២៥ ០០០នាក់ មាន​ជនភាសខ្លួន​ជាង ២៣ ០០០នាក់ និង​មាន​ប្រជាជន​ស៊ីរី​ជាង ២លាន​កន្លះ​នាក់​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។ ជាមួយ​នឹង​ប្រាក់ជំនួយ​ជិត ១៧០លាន​អឺរ៉ូ ចម្លើយ​របស់​លោកស្រី Catherine Ashton មាន​លក្ខណៈ​មនុស្សធម៌​ច្រើន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​បាន​គិត​គូរ​ដែរ ពី​រឿង​នយោបាយ ដោយ​លោកស្រី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « យើង​ទំាង​អស់​គ្នា​បាន​និយាយ​ថា ប្រធានាធិបតី​ស៊ីរី Assad ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង ហើយ​យើង​ទំាង​អស់​គ្នា​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ជួយ​កសាង​ប្រទេស​ស៊ីរី​មួយ តាម​បែប​ប្រជាធិបតេយ្យ​ដូច​ដែល​គ្រប់​គ្នា​ចង់​បាន »។

ជា​ការ​ឆ្លើយ​តប​វិញ លោក Guy Verhofstadt ប្រធាន​ក្រុម​អ្នកតំណាងរាស្រ្ត Belgique នៅ​សភា​អឺរ៉ុប​បាន​បញ្ជាក់​ថា អ្វី​ដែល​លោកស្រី Catherine Ashton បាន​លើក​ឡើង​នោះ គឺ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច​ទេ។ លោក Guy ដែល​បាន​បរិហារ​ពី​អសមត្ថភាព​របស់​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​នេះ។ លោក Guy យល់​ឃើញ​ថា « បើ​យើង​មិន​ព្រម​បង្កើត​ឲ្យ​មាន​តំបន់​ហាមឃាត់​ការ​ហោះហើរ​ទេ Assad នឹង​បន្ត​ទម្លាក់​គ្រាប់​បែក​លើ​ប្រជាជន​ស្លូតត្រង់។ បើ​យើង​មិន​ព្រម​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេសJordanie និង Turquie ទេ យើង​មិន​អាច​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​បាន​ឡើយ ហើយ​បញ្ហា​នៅ​តែ​បន្ត។ បើ​យើង​មិន​ព្រម​ផ្តល់​អាវុធ​ឲ្យ​ក្រុម​យោធា​ស៊ីរី​សេរី​ទេ ចលនា​អ៊ីស្លាម Jihad ជា​អ្នក​ចូល​ខ្លួន​មក​ជំនួស »។

យ៉ាង​ណា​ក៏​ដោយ លោក Guy មាន​ជំនឿ​ជឿជាក់​ថា ពិត​ជា​គ្មាន​អ្វី​ប្រែប្រួល​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ខែ​វិច្ឆិកា​ខាង​មុខ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​លោក Guy បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ចាត់​វិធានការ ដោយ​មិន​បាច់​រង់ចំា​ភាគី​អាមេរិកំាង​ទេ។ បើ​មិន​ដូច្នេះ​ទេ សោកនាដកម្ម​នៅ​ស៊ីរី​នឹង​បន្ត​មាន នេះ​ជា​ការ​បង្ការ​របស់​អ្នកតំណាងរាស្រ្ត​ជនជាតិ Belgique រូប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI