អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

ក្រុមប្រឹក្សា​សភា​អឺរ៉ុប​ព្យួរ​សិទ្ធិ​បោះឆ្នោត​តំណាង​រុស្ស៊ី​ទាំង​១៨នាក់​

ទីកន្លែងនៃ​ក្រុមប្រឹក្សា​សភា​អឺរ៉ុប នៅ​ស្ត្រាសស្បួរ ប្រទេស​បារាំង
ទីកន្លែងនៃ​ក្រុមប្រឹក្សា​សភា​អឺរ៉ុប នៅ​ស្ត្រាសស្បួរ ប្រទេស​បារាំង Conseil de l'Europe/Ellen Wuibaux
ដោយ៖ ព្រំ សឿន សូលីណា
១៦ នាទី

នៅក្រុងស្ត្រាសស្បួរ​ Strasbourg ប្រទេស​បារាំង ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​បាន​បោះឆ្នោត​ព្យួរ​នូវ​សិទ្ធិ​បោះឆ្នោត​របស់​​​​អ្នក​តំណាង​​រុស្ស៊ី​​​ទាំង​១៨រូប ដែល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា រហូត​ដល់​ចុងឆ្នាំ​២០១៤។ ការ​សម្រេច​ព្យួរ​សិទ្ធិ​បោះឆ្នោត​​គឺ​​ជាការ​ដាក់​ទណ្ឌកម្ម​​លើទង្វើ​​​រុស្ស៊ី​​ចំពោះ​អ៊ុយក្រែនកន្លងមក បែបយ៉ាង​ការ​ដែល​​​រុស្ស៊ី​បាន​ភ្ជាប់​តំបន់​គ្រីមេ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី។ ប្រធានាធិបតីពូទីន​បានព្រមាន​ថ្នាក់​ដឹកនាំ​​អឺរ៉ុប អោយ​ប្រុងប្រយ័ត្ន​ក្នុង​រឿង​ឧស្ម័ន ព្រោះថា​​​​រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់ផ្គង់​​ឧស្ម័ន​ដ៏ចំបង​អោយ​ដល់​​​​អឺរ៉ុប​។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​បាន​អនុម័ត​ព្យួរចោល​នូវ​សិទ្ធិ​បោះឆ្នោត​របស់អ្នក​​តំណាងប្រទេស​​រុស្ស៊ី​១៨រូប ជាសមាជិក​ក្រុមប្រឹក្សា ​មិនអោយ​ពួកគេ​បោះឆ្នោត​លើ​សេចក្តីសម្រេច​ផ្សេងៗ រហូត​ដល់​ចុងឆ្នាំ​២០១៤។ ​តំណាង​ក្រុមប្រឹក្សា​​សភា​អឺរ៉ុបដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ​ថ្ងៃព្រហស្បតិ៍ ​​​បាន​បោះឆ្នោត​​ព្យួរ​សិទ្ធិនេះ ជាមួយ​សម្លេង​​១៤៥ ​លើស​ពី​សម្លេង​ប្រឆាំង​​ចំនួន​២១សម្លេង​ និង​សម្លេង​អនុប្បវាទ​​ ​​ដែល​មាន​២២សម្លេង។

សិទ្ធិ​​មាន​អ្នកតំណាង​រុស្ស៊ី​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​សភាអឺរ៉ុប​ ​និង​សិទ្ធិ​រុស្ស៊ី​ក្នុង​ការ​ចូលរួម​បេសកកម្ម​សង្កេតការណ៍​​បោះឆ្នោត​ក៏ត្រូវបាន​ព្យួរចោល​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៤​ផងដែរ។ ការ​ដែល​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​បាន​​ព្យួរសិទ្ធិ​រុស្ស៊ី​ច្រើន​បែបនេះ​ គឺ​ដើម្បី​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ដែល​បាន​ភ្ជាប់គ្រីមេ​ចូល​ក្នុង​ទឹកដី​ខ្លួន ក្នុង​ពេល​កន្លងមក រួម​ទាំង​ទង្វើ​ផ្សេងៗ​ដែល​រុស្ស៊ី​ធ្វើ​ចំពោះ​អ៊ុយក្រែន​ផងដែរ។

សមាជិក​ក្រុមប្រឹក្សា​តំណាងរុស្ស៊ី​ទាំងអស់​នេះ បាន​ធ្វើ​ពហិការ​មិនចូលរួម​​កិច្ចប្រជុំ​​ស្តីពី​ការព្យួរ​​សិទ្ធិបោះឆ្នោតតំណាង​រុស្ស៊ី​នេះទេ។ លោក​ អាឡិចសី ​ពុចឆ្កូវ អ្នកទទួលខុសត្រូវ​​​​សមាជិក​ក្រុមប្រឹក្សា​សភា​ជនជាតិ​​រុស្ស៊ី​ទាំង​១៨រូប​ បាន​​គំរាម​បក​ទៅ​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​វិញថា តំណាង​រុស្ស៊ី​ទាំងអស់​នេះ​នឹងដើរ​​ចេញពី​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​។ រុស្ស៊ី​នឹង​សម្រេច​លើ​ការដកខ្លួន​ពី​ក្រុមប្រឹក្សា​សភា​អឺរ៉ុប​​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​។ គួររំលឹក​ថា ក្រុមប្រឹក្សា​សភា​អឺរ៉ុប​មាន​សមាជិក​សរុប​៣១៨រូប​មកពីប្រទេស​សមាជិក​ចំនួន​៤៧​ប្រទេស។ សមាជិកតំណាង​រុស្ស៊ី​មាន​១៨រូប ហើយ​តំណាងអ៊ុយក្រែន​មាន​១២រូប។ ក្រុមប្រឹក្សា​សភា​អឺរ៉ុប គ្មាន​អំណាច​និតិបញ្ញត្តិ​នោះទេ។

ប្រធានាធិបតី​ពូទីន​បាន​​ព្រមាន​ថ្នាក់ដឹកនាំ​អឺរ៉ុប​ថា រុស្ស៊ី​នឹង​ដោះស្រាយ​​បញ្ហា​បំណុល​ដែល​អ៊ុយក្រែន​នៅ​យឺតយ៉ាវ​ក្នុង​ការ​សង​​រុស្ស៊ី​ ​អោយ​បាន​ឆាប់ៗ។ រុស្ស៊ី​​ស្នើ​​នូវ​បែបផែន​​មួយ ដែល​​​អនុញ្ញាត​អោយ​មាន​កិច្ចប្រជុំ​បន្ទាន់​ ​​ទាក់ទង​បញ្ហា​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​​​​របស់​រុស្ស៊ី​ទៅអោយ​អឺរ៉ុប​នោះ។ នៅថ្ងៃ​ព្រហស្បតិ៍​នេះដែរ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​នៃ​វិបត្តិ​​​ អាជ្ញាធរអ៊ុយក្រែន​ បាន​​ស្នើ​​​​លើកលែង​ទោស​​ ដល់​សកម្មជន​ផ្តាច់ទឹកដី​និយម​​គាំទ្រ​រុស្ស៊ី៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ