ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​តុលាការកំពូលនិងសភាអាមេរិក ទំនង​ពួតដៃគ្នា​ផ្តុំបទចោទប្រកាន់លោក ដូណាល់ ត្រាំ

សំឡេង ០៧:៥២
ប្រធានាធិបតី ដូណាល់ ត្រាំ ​ប្រឈម​នឹង​បទចោទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។
ប្រធានាធិបតី ដូណាល់ ត្រាំ ​ប្រឈម​នឹង​បទចោទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។ REUTERS/Jonathan Ernst

ជុំវិញ​នីតិវិធី​ដំណើរការ​ទម្លាក់​ប្រធានាធិបតី, ​ រដ្ឋសភា​អាមេរិក បាន​សម្រេច​ ​បទ​ចោទប្រកាន់​​ចំនួន​ពីរ ទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ​នៅ​​ថ្ងៃព្រហស្បតិ៍ ទី១២ធ្នូ​។ បទចោទធំៗ​ទាំងពីរ​នោះគឺបទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។​ ការ​តាំង​បទចោទប្រកាន់​នេះ គឺធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​សភា​ជជែក​ពិភាក្សា​យ៉ាង​តឹង​សរសៃក អស់​រយៈ​ពេល​១៤ម៉ោង​រួច​មក រហូត​ដល់​យប់​ជ្រៅ​ នៅ​ក្នុងរដ្ឋ​​សភាអាមេរិក ដែល​មាន​សំឡេង​ភាគច្រើន​មកពី​បក្ស​ប្រជាធិបតេយ្យ ជាបក្សប្រឆាំង ។ ទន្ទឹម​គ្នា​នេះដែរ ថ្ងៃសុក្រ ទី១៣ធ្នូ​​​ តុលាការ​កំពូល​របស់​រដ្ឋ​សហព័ន្ធ​​អាមេរិក ដែល​ជា​ស្ថាប័ន​ជម្រះ​ក្តី​កំពូល​របស់​ប្រទេស​នេះ បាន​សម្រេច​ថា​នឹង​បើក​សវនាការ​ ចំពោះ​សំណុំ​រឿង​បង់​ពន្ធដារ​របស់​លោក​ ដូណាល់ ត្រាំ ដែល​កន្លង​មក មហាសេដ្ឋី​រូបនេះ មិន​បាន​ប្រកាស​ពន្ធ​ជាសាធារណៈ ហើយ​លោក​គឺ​ប្រធានាធិបតី​ទី១ ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក ដែល​មិន​ព្រម​ប្រកាស​ឯកសារ​បង់​ពន្ធរបស់ខ្លួន​ នៅមុន​ពេល​ចូល​កាន់​តំណែង​ប្រធានាធិបតី។

ផ្សាយពាណិជ្ជកម្ម

«បទរំលោភអំណាច» និង «បទរារាំងដំណើរការស៊ើបអង្កេតរបស់សភា» ​តើ​មាន​ផលអ្វីខ្លះ?

តា​មពិត​ទៅ​ កម្រង​បទ​ចោទប្រកាន់​​ដែល​ក្រុម​អ្នក​ជំនាញ​ អ្ន​កច្បាប់របស់​សភា ពិសេស​អ្នក​សរសេរចងក្រង​បទចោទប្រកាន់ មកពីបក្សប្រជាធិបតេយ្យ​​នោះ គឺបទចោទ​មាន​ច្រើនចំណុច​​ណាស់​។ ដូច​ជា បទ​ឧក្រិដ្ឋ​រំលោភ​អំណាច​ផង, បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង, បទ​រារាំង​ធ្វើ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់រដ្ឋសភា ដែល​បំពាន​រដ្ឋធម្មនុញ្ញ​អាមេរិក​ ព្រមទាំង​បទ​បង្ក​ជាឧបសគ្គ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អង្គ​តុលាការ ថែមទៀត។ សម្រេច​សម្រួច​ទៅ ក្រោយ​ពី​តស៊ូ​មតិ​គ្នា​អស់​ពេល​១៤ម៉ោង​រហូត​ដល់​យប់​ជ្រៅ​ រដ្ឋ​សភាអាមេរិក បាន​សម្រេច​លើកតាំង​បទ​ចោទ​ជាផ្លូវ​ការ ចំនួន​ពីរ​ធំៗ គឺ​ បទឧក្រិដ្ឋរំលោភអំណាច និងបទប្រឆាំងរារាំងបង្កឱ្យ​ស្ទះ​​ដំណើរការស៊ើបអង្កេតរបស់សភា។

បើយោង​ទៅតាម​បទ​ចោទ​ប្រកាន់, ចំពោះ​បទ​រំលោភ​អំណាច គឺបញ្ជាក់ថា ប្រធានាធិ​បតី​ ដូណាល់ ត្រាំ បាន​បំពាន​អំណាច​ជាប្រមុខ​រដ្ឋ និង​ធ្វើ​មិន​ដឹង​មិនឮ​ពី​ទង្វើ​របស់​ខ្លួន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ប្រទេស​ជាតិ នោះ​គឺ​សំណុំ​រឿង​ជជែក​ទូរសព្ទ​ជាមួយ​ប្រមុខ​រដ្ឋ​អ៊ុនក្រែន, សំណុំ​រឿង​បង្ក​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន ជាថ្នូ​រ​នឹង​ការ​ស៊ើប​អង្កេត​លើ​គ្រួសារ​ ចូបាយដិន ដែល​ជា​ដៃ​គូប្រឆាំង​ក្នុង​ការ​បោះឆ្នោត​។​ ទង្វើ​នេះ​ ប្រឆាំ​ង​នឹង​ផល​ប្រយោជន៍​របស់​ជាតិ ហើយ​ដើម្បី​តែចំណេញ​​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន។​

​បទ​ចោទមួយ​ទៀត គឺ​ពីការប្រឆាំងរារាំងបង្កឱ្យ​ស្ទះ​​ដំណើរការស៊ើបអង្កេតរបស់សភា គឺ​ប្រធានាធិ​បតី​ ដូណាល់ ត្រាំ បាន​បដិសេធ​មិន​សហការជាមួយ​សភា​ក្នុង​ការ​ស៊ើប​អង្កេត, មិន​ផ្តល់​ឯកសារ និង​ហាម​ប្រាម​ក្រុម​ការងារ​នៅក្រោម​បង្គាប់ មិន​ឱ្យ​ទៅ​ចូលរួម​បំភ្លឺ​នៅចំពោះ​មុខ​សមាជិក​សភា​ ជាដើម​។ ទង្វើបែបនេះ គឺ​គំរាម​កំហែង​ដល់​រដ្ឋ​ធម្មនុញ្ញ អាមេរិក ដេល​ចែង​ពី​សមត្ថ​កិច្ច​​ និង​សិទ្ធិ​អំណាច​របស់​អង្គសភា​។

ចំពោះ​បទ​ចោទ​សំខាន់​ៗ​ទាំង​នេះ អង្គសភាអាមេរិក ដែលមានសំឡេងភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំង គឺ​មិន​បង្អង់​យូរ​ឡើង ហើយ​សម្រេច​ថា​នឹង​បើក​សម័យប្រជុំពេញអង្គ ​នៅ​ថ្ងៃ​ពុធ ទី​១៨ធ្នូ​ ខាងមុខ ដើម្បី​សម្រេច​បោះឆ្នោតទម្លាក់​ប្រធានាធិបតី​តែម្តង​។

​​​រដ្ឋ​សភានិង​​តុលាការ​កំពូលអាមេរិក ហាក់​ដូច​ជា​កំពុង​តែ​ចង់​​ព្រួតគ្នា​សង្គ្រប់​ជាន់កលោកប្រធានាធិបតី ដូណាល់ ត្រាំ

ចំពោះរឿង​ប្រកាស​ពន្ធ​ដារ​របស់​លោក​ ដូណាល់ ត្រាំ គឺ​ស្មុកស្មាញ​បន្តិចដែរ។ តែ​បើ​និយាយ​​ឱ្យ​ស្រួល​ស្តាប់គឺ ថ្ងៃ​១៣ធ្នូ តុលាការកំពូលរបស់រដ្ឋសហព័ន្ធអាមេរិក បាន​ប្រកាស​ថា​នឹង​បើក​សវនាការ​​ស្តាប់​អំណះអំណាង ការ​ទាញ​ហេតុផល ពី​គ្រប់​ភាគី​តំណាង នៅ​ខែ​មីនា ២០២០ ហើយចំណែក ​ការ​ជម្រះ​ក្តី លើ​អង្គ​ច្បាប់​ និង​ការ​ចេញ​​ដីកា​សម្រេច​ស្ថាពរ​ នឹង​ប្រកាស យ៉ាងយូរ​បំផុត នៅ​ខែ​មិថុនា ខាងមុខដែរ​។ ពោល​គឺ​តែ​៥ខែប៉ុណ្ណោះ​ មុ​នការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី។

ចំពោះ​រឿង​ប្រកាស​ពន្ធ​នេះ បើ​គិត​ត្រឹម​កន្លះ​សតវត្សរ៍​ចុងក្រោ​យនេះ លោក​ ដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី១ ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក ដែល​មិន​បាន​ប្រកាស​របាយការណ៍​ពន្ធដារ​របស់​ខ្លួន នៅ​មុន​ពេល​ឡើង​កាន់​អំណាច។

រឿង​ពន្ធ​ដា​នេះដែរ គឺ​វា​មា​នពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្រី​ញី ថែមទៀត ដែល​មាន​នារី​តារា​កុន​កូន​ជ្រូក ម្នាក់ ទម្លាយ​រឿង​លើគ្រែ​ជាមួយ​លោក ប្រធានាធិបតី ហើយ​ដើម្បី​បិទ​មាត់​នារីរូប​​នេះ លោកត្រាំ ចាត់ចែង​ផ្ទេរ​ប្រាក់​ឱ្យ​នាង។ ការ​ផ្ទេរ​លុយ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​កាល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នោះ​តែម្តង។ ដូច្នេះ​ហើយ ទើប​រដ្ឋ​អាជ្ញា​អាមេរិក តាម​រក​រឿង ជជីក​កកាយ​ករណី​ពន្ធដា និង​របាយការណ៍ហិរញ្ញ​វត្ថុ​​របស់​ក្រុម​ហ៊ុន លោក ត្រាំ ជាបន្ថែមមួយ​ជាន់​ទៀត។ នេះបើតាម​កាសែត​របស់​កាសែតក្នុង​ស្រុក​​អាមេរិក​​។

ទោះយ៉ាងណាក្តី សំណុំ​រឿង​ផ្លូវ​តុលាការ​ទាក់ទង​នឹង​ផ្នែក​ពន្ធដានេះ គឺ​ត្រូវ​ប្រឈម​នឹង​«អភិភ័យ​ឯកសិទ្ធិ»រ​បស់​ប្រធានាធិបតី ដែល​ចែងពីការ​មិន​អាច​ប៉ះពាល់​បាន ឬមិន​អាច​ត្រូវ​កាត់​ទោសតាម​ផ្លូវ​តុលាការ​បែបនេះបាន ក្នុង​ពេល​ដែល​លោក​កំពុង​កាន់អំណាច​នោះឡើយ​​។ រឿង​នេះ ជាការ​ជជែក​គ្នា មិន​ដាច់​ស្រេច​ ឬ​មាន​យោបល់​ខ្វែង​គ្នា​ រវាង​អ្ន​កច្បាប់​ទាំង​ពីរ​ខាង។ នៅម្ខាង រដ្ឋ​អាជ្ញាក្រុង​ញូវយ៉ក បញ្ចេញ​យោបល់​​ថា គេ​មិន​មែន​ចោទប្រកាន់​លោក ដូណាល់ ត្រាំ​ ក្នុង​នាមលោកជា​​ប្រធានាធិបតីសហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ​​គេ​ចោទគាត់​​ ក្នុង​មាន​ជាមហា​សេដ្ឋីម្នាក់ ដែល​រកស៊ី ​នៅ​ក្នុង​ក្រុង​ញូវយ៉ក ទេតើ។

​ការ​ទម្លាក់តំណែង​របស់ប្រធានាធិបតី គឺ​​ព្រឹទ្ធសភាជា​អ្នក​សម្រេច ហើយ​លោក ដូណាល់ ត្រាំ ​នៅ​មាន​«អភ័យ​ឯកសិទ្ធិ»ជាប្រធានាធិបតី​។ ក្នុង​ដំណាក់​កាល​នេះ គឺ​គេ​មិន​អាច​ធ្វើ​អ្វី​លោក​បា​នឡើយ​។​

នៅ​រដ្ឋសភា បក្ស​ប្រជាធិបតេយ្យ មា​នសំឡេង​ច្រើន​ជើង ដូច្នេះ​ចង់​មិន​ចង់ នីតិ​វិធី​និងការ​បោះឆ្នោត​ទម្លាក់​ប្រធាធិបតី នៅក្នុង​សម័យ​ប្រជុំ​ពេញអង្គ ថ្ងៃទី​១៨ធ្នូ ទំនង​ជាត្រូវ​សម្រេច​ហើយ។ ប៉ុន្តែ​​នៅ​ព្រឹទ្ធសភា​វិញ បក្ស​សាធារណរដ្ឋ​របស់​លោក ដូណាល់ ត្រាំ មាន​សំឡេង​ ច្រើនជាង ពោល​គឺក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​​១០០សំឡេង បក្ស​សាធារណរដ្ឋ មាន​៥៣សំឡេង គឺ​ច្រើន​លើស​ពី​៥០+១​ទៅហើយ។ ហើយ​ក្រុម​ព្រឹទ្ធសមាជិក មកពី​​​បក្ស​សាធារណរដ្ឋ គឺ​នឹង​គាំទ្រ​រូប​លោក ដូណាល់ ត្រាំ។ ដំណើរ​នីតិវិធី​ត្រូវ​ចប់​ត្រឹម​ព្រឹទ្ធសភា។​

​បើ​និយាយ​ពីសេចក្តី​សម្រេច​​របស់​តុលាការ​ការ​កំពូលវិញ គឺ​ទំនង​ជា​មិន​អាច​ជះឥទ្ធិពល​ដល់​លោក ដូណាល់ ត្រាំ នៅពេល​ដែល​លោក​កំពុងអង្គុយ​​កៅអី​ប្រធានាធិបតីនោះទេ ព្រោះ​លោក​មាន​អាវក្រោះ គឺ​«អភ័យឯកសិទ្ធិ»ជាប្រធានាធិបតី។ ដូច្នេះ ហើយ​លោក ដូណាល់ ត្រាំ ថា​លោក​មិន​សូវ​ឈឺក្បាល​ទេ រឿង​អស់​នេះ គឺ​លោក​ប្រឹងតែ​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅតាម​បណ្តា​រដ្ឋ​នានា។ ​ចាប់ពី​ចុង​ខែ​កញ្ញា​មក គណបក្សសាធារណរដ្ឋ​​របស់​លោក ត្រាំ​ បា​នសប្បាយ​នឹង​ចាយ​លុយ ជាង​៥លាន​៤សែន​ដុល្លារ គ្រាន់តែសម្រាប់​​ឃោសនា​ពាណិជកម្ម​នយោបាយ តាម​ហ្វេសបុក​។

ក៏ប៉ុន្តែ ពង​មាន់​មិន​អាច​ជល់​នឹងថ្ម ធ្វើ​ឱ្យ​បែក​ថ្មីទេ តែវា​អាច​ធ្វើ​ប្រឡាក់​ថ្ម​បា​នដែរតើ​ភារី។ បើ​តាម​អ្ន​កវិភាគមួយ​ចំនួន គេ​​យល់ថា ក្នុង​ពេ​លនេះ គឺ មិន​អាច​ប៉ះពាល់​រោមជើង​លោក ដូណាល់ ត្រាំ បា​នមែន តែ​ក្រុម​បក្ស​ប្រជាធិបតេយ្យ ចង់​ធ្វើ​យ៉ាង​ណា រារាំង​កុំ​ឱ្យ​មហសេដ្ឋីរូប​នេះ ឡើង​ក្តាប់អំណាច​រដ្ឋ​ជាថ្មី នៅ​អាណត្តិ​ពីរ ជាបន្តទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI