ជប៉ុន

រញ្ជួយ​ដី ៨,៩ រ៉ិចទ័រ នៅ​ជប៉ុន បង្ក​ជា​រលក​យក្ស​នៅ​ប៉ាស៊ីហ្វិក

រលក​យក្ស​បោក​មក​លើ​ឆ្នេរ​សមុទ្រ​ជប៉ុន ក្រោយ​ពីការ​រញ្ជួយដី​ កម្រិត ៨,៩
រលក​យក្ស​បោក​មក​លើ​ឆ្នេរ​សមុទ្រ​ជប៉ុន ក្រោយ​ពីការ​រញ្ជួយដី​ កម្រិត ៨,៩ REUTERS/NHK via Reuters TV

គ្រោះ​រញ្ជួយដី​ដ៏​ធំ​​​មួយ​បានកើតឡើង នៅ​ក្បែរ​ទីក្រុង​តូក្យូ នៅ​​រសៀលថ្ងៃ​សុក្រ​នេះ បង្ក​ជា​រលកយក្ស​កម្ពស់​រហូត​ដល់​ទៅ ១០​ម៉ែត្រ។ ​តុល្យការ​បណ្តោះ​អាសន្ន​​របស់​ប៉ូលិស​ជប៉ុន​បង្ហាញ​ថា មាន​មនុស្ស​យ៉ាងតិច ៦០នាក់​បាន​បាត់បង់​ជីវិត និង​ ៥៦​នាក់​ផ្សេង​ទៀត​បាន​បាត់ខ្លួន។ ប្រទេស​​យ៉ាងតិច​ ២០ នៅ​ជាប់​នឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ កំពុង​ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​រលក​យក្ស។

ផ្សាយពាណិជ្ជកម្ម

ការរញ្ជួយដី​បាន​ចាប់ផ្តើម​ឡើង នៅ​ម៉ោង ២ និង​៤៦​នាទី រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​ជប៉ុន (ត្រូវ​នឹង​ម៉ោង ១២ និង​៤៦​នាទី នៅ​ប្រទេស​កម្ពុជា)។ ចំណុច​រញ្ជួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ​ពី​ទីក្រុង​តូក្យូ ជម្រៅ​ប្រមាណ ២៥​គីឡូម៉ែត្រ​ ក្រោមដី​បាតសមុទ្រ។ បន្ទាប់​ពី​ការ​រញ្ជួយ​ធំ​លើក​ទី១ ការរញ្ជួយ​តូចៗ​ជាច្រើន​ផ្សេង​ទៀត​បាន​កើត​ឡើង នៅ​ជុំវិញ​ចំណុច​រញ្ជួយ។

ការរញ្ជួយដី​នេះ មាន​កម្រិត ពី ៨,៨ ទៅ ៨,៩ រ៉ិចទ័រ ដែល​ជា​ការ​រញ្ជួយដី​ដ៏ធំបំផុត​មិន​ធ្លាប់​ឃើញ​មាន​នៅ​ជប៉ុន។ នៅ​ក្នុង​ចំណោម​ការ​រញ្ជួយដី នៅ​ទូទាំង​ពិភពលោក ​គិត​ចាប់តាំង​ពី​ឆ្នាំ​១៩០០​មក ការ​រញ្ជួយដី​នៅ​ជប៉ុន ថ្ងៃ​សុក្រ​នេះ គឺ​ជា​ការ​រញ្ជួយ​​ដែល​មាន​​កម្លាំង​ខ្លាំង​លំដាប់​ទី ៥។

ការរៀបរាប់​របស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន RFI ប្រចាំ​ក្រុង​តូក្យូ

Frédéric Charles អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​​របស់ RFI ប្រចាំ​ទីក្រុង​តូក្យូ​បាន​​​រៀបរាប់​​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​​គាត់​បាន​រស់នៅ​ក្នុង​ទីក្រុង​តូក្យូ​រយៈពេល ២៩​ឆ្នាំ​មកនេះ គាត់មិនដែល​ជួប​នឹង​ការ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​ដូច​ជា​ពេលនេះ​ទេ។ ឥទ្ធិពល​រញ្ជួយ​បាន​ធ្វើ​អគារ​​នៅ​ក្នុង​ទីក្រុង​តូក្យូ​ ​យោលចុះយោល​ឡើង ចម្ងាយ​ប្រមាណ ១ម៉ែត្រ ស្ទើរ​តែ​បោក​ទង្គិច​ជាមួយ​អគារ​ផ្សេង​ទៀត។

បន្ទាប់​ពី​ការ​រញ្ជួយ​ដ៏​ធំ​លើក​ទី១ ការ​រញ្ជួយ​តូចៗ​ជាច្រើន​ផ្សេង​ទៀត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ តូក្យូ។ មិនយូរប៉ុន្មាន​ក្រោយមក រលក​សមុទ្រ​កម្ពស់​រហូតដល់​ទៅ ១០​ម៉ែត្រ​ក៏​បាន​បោក​មក​ដល់​ឆ្នេរ​សមុទ្រ​ជប៉ុន។ អ្នក​ជំនាញ​ខាង​ការ​រញ្ជួយដី​បាន​ពន្យល់ថា ចំណុច​រញ្ជួយដី​នៅ​ជប៉ុន​ នៅថ្ងៃ​សុក្រនេះ ស្ថិត​នៅ​តែ​ប្រមាណ ២៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្រោម​ដី​បាតសមុទ្រ ដែល​ជា​​មូលហេតុ​នាំ​ឲ្យ​មាន​រលកយក្ស​ធំៗ។ ដោយ​ចំណុច​រញ្ជួយ​ស្ថិត​នៅ​ក្បែរ​ឆ្នេរ ហើយរលក​ក៏​មាន​ល្បឿន​លឿន​ទៀតផង​នោះ (ប្រមាណ ៨០០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង) ចាប់ពី​ពេល​រញ្ជួយ​លើក​ទីមួយ និង​ពេល​​រលក​យក្ស​​​បោក​មក​ដល់​ឆ្នេរ​សមុទ្រ​ជប៉ុន​ មាន​ចន្លោះ​ពេល​តិច​បំផុត។

ការពន្យល់​របស់​អ្នក​ជំនាញ​ខាង​ផ្នែក​រញ្ជួយដី

នៅពេលនេះ រលកយក្ស​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ឆ្ពោះ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត។ ប្រទេស​យ៉ាងតិច ២០ ដែល​មាន​ឆ្នេរសមុទ្រ​ជាប់​នឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​បាន​គេ​ប្រកាស​អាសន្ន​រលកយក្ស ក្នុង​នោះ រួមមាន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហ្វ៊ីលីពីន កោះគួរីល (រុស្ស៊ី) កោះហាវ៉ៃ (អាមេរិក) អូស្រ្តាលី និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាមេរិក​ឡាទីន។

បញ្ហា​ដ៏​ធំ​មួយ​ទៀត ​ដែល​រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ប្រឈមមុខ​ គឺ​សុវត្ថិភាព​នៅតាម​បណ្តា​​រោងចក្រ​នុយក្លេអ៊ែរ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​រញ្ជួយដី។ យោងតាម​លោក​ណាអូតូ កាន់ នាយករដ្ឋមន្រ្តី​ជប៉ុន រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ៤កន្លែង ត្រូវ​ផ្អាក​សកម្មភាព​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ពី​ទទួល​ឥទ្ធិពល​រញ្ជួយ។ ក៏ប៉ុន្តែ គេ​មិន​ឃើ​ញ​មាន​បញ្ហា​លេច​សារធាតុ​វិទ្យុសកម្ម នៅ​ទីតាំង​ណាមួយ​នោះទេ។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ រោងចក្រ​នុយក្លេអ៊ែរ​មួយ​កន្លែង​កំពុង​តែ​ជួប​នឹង​អគ្គិភ័យ។ ដើម្បី​ជាការ​បង្ការ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ដាក់​ទីតាំង​នុយក្លេអ៊ែរ​​អស់​ឲ្យ​ស្ថិត​ក្នុង​ ភាព​អាសន្ន។ ប្រជាជន​រាប់ពាន់​នាក់ ដែល​រស់នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​នឹង​ត្រូវ​ជម្លៀស​ចេញ។

យោងតាម​តុល្យការ​បណ្តោះ​អាសន្ន​ បង្ហាញ​ដោយ​ប៉ូលិស​ជប៉ុន មនុស្ស​ចំនួន ៦០​នាក់​បាន​បាត់បង់​ជីវិត និង​​៥៦​នាក់​ត្រូវ​បាត់ខ្លួន។ ក៏ប៉ុន្តែ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ឈ្មោះ Jiji ប៉ូលិស​ជប៉ុន​ទើប​នឹង​បាន​រកឃើញ​សាកសព ប្រមាណ​ពី ២០០ ទៅ​៣០០​នាក់ បន្ថែម​ទៀត។ ទូក​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ ១០០នាក់ និង​រថភ្លើង​ផ្ទុក​អ្នក​ដំណើរ​មួយ​គ្រឿង ក៏​ត្រូវ​បាត់​ដំណឹង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI