កម្ពុជា

ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ខុសគ្នា

ប្រជាជន តំណាង​សមាគម សហជីព​កម្មករ​រួម​គ្នា​ដង្ហែក្បួន​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស្​រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ
ប្រជាជន តំណាង​សមាគម សហជីព​កម្មករ​រួម​គ្នា​ដង្ហែក្បួន​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស្​រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ ©RFI/ ស៊ីវ ចាន់ណា

នៅ​ថ្ងៃ​ទី​១០​ធ្នូ​ឆ្នាំ ២០១១ ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។ សិទ្ធិមនុស្ស​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ខុសគ្នា។ អ្នកខ្លះ​និយាយ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លើក​តម្កើង​ បន្តិច​ម្តងៗ ប៉ុន្តែ​អ្នក​ខ្លះទៀត​និយាយ​ថា ប្រជាជន​ខ្មែរ​នៅ​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ។

ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០​ខែ​​ធ្នូ​នេះ មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​សួន​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ​នៅ​ទីក្រុង​ភ្នំពេញ។

 
តំណាង​អង្គការ​សហប្រជាជាតិ តំណាង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ខ្មែរ តំណាង​អង្គទូត តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​កម្មករ តំណាង​សហជីព តំណាង​បក្ស​នយោបាយ និង​តំណាង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចូល​រួមសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិឆ្នាំ​នេះ។

លោក ធន សារ៉ាយ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ អាដហុក ដែល​បាន​ចូល​រួម​ពិធី​សិទ្ធិមនុស្ស នៅថ្ងៃ​១០​ធ្នូនេះ​បាន​ថ្លែង​ប្រាប់​​អ្នកចូលរួម​ថា ប្រជាជន​កម្ពុជា​មួយ​ចំនួន​​បាន​យល់ដឹង​ខ្លឹមសារ​គោលការណ៍​នៃ​ការ​គោរព​សិទ្ធិមនុស្ស។ អ៊ីចឹង​ហើយ​ទើប​ពួកគេ​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ដើម្បី​ប្រឆាំង​នឹង​ការរំលោភ​បំពាន​សិទ្ធិ។ ប៉ុន្តែ​ លោក ធន សារ៉ាយ សម្តែង​ការសោកស្តាយ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​មិន​ចូលចិត្ត និង​មិន​អោយ​តម្លៃ​លើ​សិទ្ធិ​មនុស្ស។ ក្រុម​ចុងក្រោយ​នេះ ចាត់ទុក​សិទ្ធិ​មនុស្ស និង​ការគោរព​សិទ្ធិមនុស្ស​ថា ជា​រឿង​គ្មាន​ផល​ប្រយោជន៍។

សមិទ្ធផល​សម្រេច​បាន​ក្នុង​វិស័យ​សិទ្ធិមនុស្ស នៅ​កម្ពុជា​មានខ្លះ​មែន ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​រិះគន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ប្រឈម​នឹង​ការរំលោភ​ដីធ្លី ការរំលោភ​បំពាន​លើ​សិទ្ធិ​ការងារ ការ​រឹតបន្តឹង​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការ​ជួបជុំ និង​ការប្រមូល​ផ្តុំ។ អង្គការ​សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​​បាន​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សេរីភាព​ក្នុង​ការប្រមូលផ្តុំ និង​ការបញ្ចេញ​មតិ​កាន់​តែ​រួម​តូច​ជាង​មុន។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បដិសេធ​ការចោទ​ប្រកាន់​នេះ ហើយ​ពួកគេ​ពន្យល់​បក​វិញ​ថា សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការបញ្ចេញ​មតិ​តាមរយៈ​បណ្តាញ​ព័ត៌មាន​មាន​លក្ខណៈ​បើក​ចំហ។

ត្រង់​ចំពោះ​ចំណុច​នេះ ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើងថា លំហូរ​ព័ត៌មាន​មាន​ច្រើន​មែន​តាម​បណ្តាញ​ព័ត៌មាន​ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​ភាគ​ច្រើន​មាន​ទិន្នាការ​គាំទ្រ​រដ្ឋាភិបាល។

ក្រៅ​ពី​ការ​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ បាន​រៀបចំ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​តាម​ខេត្ត​ជា​ពិសេស​នៅ​តាម​ពន្ធនាគារ។  រីឯ ប្រជាជន​នៅតំបន់​បឹងកក់​មួយ​ចំនួន​ដែល​មាន​ជម្លោះ​រឿងដីធ្លី​ក៏​បាន​រៀប​ចំ​ទិវា​សិទ្ធិមនុស្ស​នេះ​​ដែរ ពីព្រោះ​ពួកគេ​យល់ថា សិទ្ធិ​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​រំលោភ។

លោក សូរិយា ស៊ូបេឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​ចូលរួម​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃ​១០​ធ្នូ​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ដែរ បាន​ថ្លែង​ថា ”ការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ត្រូវ​ដើរ​ទន្ទឹមគ្នា និង​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI