បារាំងនិងអាហ្វ្រិកខាងត្បូងចូលក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីការប្រកួតចុងក្រោយ នៃពូល A កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមជម្រើស ជាតិបារាំង និងអាហ្វ្រិកខាងត្បូង ត្រូវធ្លាក់មិនបានទៅប្រកួតវគ្គបន្ទាប់ទៀតទេ។ ការប្រកួតពានរង្វាន់ពិភពលោកបានត្រូវបញ្ចប់ហើយ សម្រាប់ក្រុមទាំងពីរនេះ។ ក៏ប៉ុន្តែ បរាជ័យរបស់ក្រុមទាំងពីរនេះនឹងត្រូវដានជាប់ក្នុងប្រវត្តិបាល់ទាត់ ពិភពលោក។ អាហ្វ្រិកខាងត្បូង គឺជាក្រុមម្ចាស់ផ្ទះ ដែលធ្លាក់នៅជុំទី១។ ចំណែកបារាំងវិញ គឺជាក្រុមជម្រើសជាតិ ដែលកីឡាករនាំគ្នាធ្វើកូដកម្មមិនចូលហាត់។ ទាំងនេះ គឺសុទ្ធតែជារឿងមិនធ្លាប់ឃើញមាន ក្នុងប្រវត្តិបាល់ទាត់ពិភពលោក ៨០ឆ្នាំកន្លងមកនេះ។
ការពន្យល់របស់សេង ឌីណា
លាហើយ World Cup 2010!!! ខ្ញុំត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញហើយ!!! ក៏ប៉ុន្តែ សម្រាប់ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង គេមិនចាំបាច់ធ្វើដំណើរឆ្ងាយត្រឡប់ទៅផ្ទះវិញទេ ព្រោះ អាហ្វ្រិកខាងត្បូង គឺជាម្ចាស់ផ្ទះស្រាប់។
ចាប់តាំងពីពេលដែលការប្រកួតពានរង្វាន់ពិភពលោក (World Cup) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៣០ នេះគឺជាលើកទី១ហើយ ដែលម្ចាស់ផ្ទះឆ្លងមិនផុតវគ្គទី១។ សម្រាប់អាហ្វ្រិកខាងត្បូង នេះគឺជារឿងដ៏គួរឲ្យសោកស្តាយមួយ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក៏មានមោទនភាពខ្លះដែរ ចំពោះលទ្ធផល ដែលពួកគេទទួលបាន ជាពិសេស នៅក្នុងការប្រកួតចុងក្រោយ ដោយអាហ្វ្រិកខាងត្បូងយកឈ្នះក្រុមជម្រើសជាតិបារាំង ២ទល់នឹង ១។
ក្រុមដែលត្រូវទទួលរងនូវភាពអាម៉ាស់ជាងគេ គឺក្រុមជម្រើសជាតិបារាំង។ ក្នុងចំណោម៣ប្រកួត បារាំងរកឈ្នះតែមួយប្រកួតក៏មិនបានផង (ចាញ់២ ស្មើ១)។ សូម្បីតែជាមួយក្រុមអាហ្វ្រិកខាងត្បូង ដែលអ្នកណាក៏ដឹងថាជាក្រុមខ្សោយ ក៏បារាំងទាត់មិនឈ្នះផង។ ជាងនេះទៅទៀត នៅក្នុងទីលានប្រកួត មិនទទួលបានលទ្ធផលហើយ នៅក្រៅទីលានប្រកួត កីឡាករបារាំងបង្កនូវភាពអាម៉ាស់កាន់តែខ្លាំងដល់ប្រជាជាតិខ្លួនទៅទៀត។ កីឡាករ (នីកូឡា អានែលកា កីឡាករខ្សែប្រយុទ្ធលេងឲ្យក្លឹប Chelsea) ជេរប្រមាថគ្រូបង្វឹក ហើយត្រូវគេបណ្តេញចេញពីក្រុម។ កីឡាករទាំងក្រុម នាំគ្នាធ្វើបាតុកម្មមិនចូលហាត់ ដើម្បីការពារអានែលកា ដែលគេបណ្តេញចេញ។ បណ្តាសារព័ត៌មានស្ទើរតែគ្រប់ទិសទីនាំគ្នាសើចចំអក។
នៅឯប្រទេសបារាំងឯណេះវិញ ប្រជាជនបារាំងជាទូទៅ ទាំងអ្នកនិយមបាល់ទាត់ និងអ្នកមិននិយមបាល់ទាត់ ទាំងប្រជាជនធម្មតា រហូតដល់អ្នកនយោបាយ បាននាំគ្នាបញ្ចេញប្រតិកម្មប្រកបដោយកំហឹង លាយឡំនឹងភាពអាម៉ាស់ ចំពោះទង្វើរបស់កីឡាករបារាំងទាំងនេះ។ គ្រប់គ្នាបានទាមទារឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់បារាំងលាឈប់ទាំងអស់គ្នា ហើយរើសមេដឹកនាំថ្មី។
ការប្រកួតបាល់ទាត់ពិភពលោក នៅអាហ្វ្រិកខាងត្បូង បានឈានមកដល់ទីបញ្ចប់ហើយ សម្រាប់ក្រុមជម្រើសជាតិបារាំង។ ក៏ប៉ុន្តែ ព្យុះសង្ឃរានៃពិភពបាល់ទាត់បារាំងទើបតែនឹងចាប់ផ្តើមប៉ុណ្ណោះ។ សង្រ្គាមពាក្យសម្តី និងការទម្លាក់កំហុសដាក់គ្នា នឹងចាប់កើតមានកាន់តែខ្លាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ការពិត មានអ្វីកើតឡើងក្នុងក្រុមជម្រើសជាតិបារាំង អាចនឹងត្រូវផ្ទុះឡើងនាពេលខាងមុខនេះ។ ក៏ប៉ុន្តែ នៅពេលនេះ អ្វីដែលគេអាចដឹងបាននោះ គឺថា នៅចុងបញ្ចប់នៃការប្រកួត World Cup 2010 មានតែក្រុមជម្រើសជាតិ២ប្រទេសតែប៉ុណ្ណោះ ដែលគេនឹងចងចាំជាងគេ គឺក្រុមដែលប្រកួតឈ្នះជាជើងឯកពិភពលោកប្រចាំឆ្នាំ២០១០ និងក្រុមជម្រើសជាតិបារាំង ដែលនាំគ្នាធ្វើកូដកម្មចំកណ្តាល World Cup ។ កេរិ៍្តឈ្មោះបាល់ទាត់បារាំងបានធ្លាក់ដល់កម្រិតមួយទាបបំផុតមិនធ្លាប់មាន។ Allez les Bleus !!! Go home!!!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ