ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការព្យាយាម​​​ទប់ស្កាត់​​មិនអោយ​​ផ្ទុះ​សង្គ្រាម​​នុយក្លេអ៊ែរ​ មាន​តាំង​ពី​​សម័យ​​សង្គ្រាម​​ត្រជាក់​​

សំឡេង ០៤:២៥
រូបថត​បង្ហាញ​ពីការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង
រូបថត​បង្ហាញ​ពីការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង KNS / KCNA / AFP
ដោយ៖ ព្រំ សឿន សូលីណា
៣៣ នាទី

ការគំរាម​កំហែង​គ្នា​ទៅវិញទៅមក​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​ ធ្វើអោយ​គេ​នឹក​ទៅដល់​សម័យ​សង្គ្រាម​ត្រជាក់ ដែល​គ្រប់គ្នា​កាលនោះ បានបារម្ភ​ពី​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​​រវាង​អាមេរិក​និង​សហរដ្ឋ​អាមេរិក​និង​សហភាពសូវៀត ក្នុង​ឆ្នាំ​១៩៦២ រឺ​ក៏​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថានក្នុង​ទស្សវត្ស​ឆ្នាំ២០០០។ ​សហគមន៍​អន្តរជាតិ​កំពុង​ព្យាយាម​រារាំង​មិនអោយជម្លោះ​ពាក្យសំដី​រវាង​​​សហរដ្ឋ​អាមេរិក និងកូរ៉េខាងជើង​ឈានទៅដល់ការផ្ទុះ​​​សង្គ្រាម​នុយក្លេអ៊ែរ។

ផ្សាយពាណិជ្ជកម្ម

សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​​​​ស្ថានការណ៍​តានតឹង​ បង្កឡើង​ដោយ​កូរ៉េខាងជើង​និង​អាមេរិក ដែល​ចេះតែ​នៅ​បន្ត​​​វាយប្រហារ​​សំដី​គ្នា​ទៅវិញទៅមក។ កូរ៉េខាងជើងបាន​​តែផ្គើន​បាញ់​មីស៊ីល​ និង​សាកល្បង​នុយក្លេអ៊ែរ ​ផ្គើនអន្តរជាតិ​និង​​​​​​សហរដ្ឋ​​អាមេរិក​ច្រើនដងហើយ។ ​គ្រាន់តែ​ក្នុង​ខែកក្កដា​ ទាហានកូរ៉េខាងជើង​បាន​បាញ់មីស៊ីល​អន្តរទ្វីប​​​ដល់ទៅ​២ដង។ ឯ​លោក​ដូណាល់ ត្រាំ​វិញ ក៏​មិនខ្លាច​នឹង​វាយបក​ពាក្យសំដី​ទៅ​លោក​គឺម ជុងអ៊ុន វិញ បើទោះ​ជា​រដ្ឋបាល​អាមេរិក​​ព្យាយាម​លើកឡើង​ពី​អាទិភាព​​នៃ​កិច្ចចរចា​ផ្នែកការទូត​​រកដំណោះស្រាយបញ្ហាក៏ដោយ។

ឆាកសំដែង​កំញើញ និង​ការចំអក​ពាក្យសំដី​នេះ ត្បិតថា បង្កឡើង​ដោយ​​​តួអង្គ​ដូណាល់ ត្រាំ និង​តួអង្គ​គឹម ជុងអ៊ុន តែ​២នាក់ ​​ប៉ុន្តែ ក៏​មិនចាញ់​ស្ថានការណ៍តានតឹង​សម័យ​សង្គ្រាមត្រជាក់​រវាង​សហរដ្ឋអាមេរិក​​និង​សហភាពសូវៀត​ ដែល​មាន​រហូត​ភាគី​គុយបា​ចូលរួម​នោះដែរ។ ​​ការកំញើញមីស៊ីល និង​​ការ​បង្អួត​សមត្ថភាព​នុយក្លេអ៊ែរ​​​របស់​លោក​គឹម ជុងអ៊ុន មិនបាន​ធ្វើអោយ​លោក​ដូណាល់ ត្រាំ សប្បាយចិត្ត​ទេ។ លោកត្រាំ ​​ដឺកនាំ​មហាអំណាច​អាមេរិក​ លោក​ត្រាំ​​មាន​អត្តចរឹត​មិនសូវ​ចេះ​អត់ធ្មត់​និង​ធ្វើអ្វី​តាមចិត្ត​ក្តៅ។ ឯលោក​គឺម ជុងអ៊ុនវិញ​ ជា​មេដឺកនាំ​វ័យក្មេង​ ចូលចិត្តគំរាម​គេគ្រប់គ្នា​ក្នុង​តំបន់​។ ជម្លោះ​រវាង​មេដឺកនាំ​មានវ័យខុសគ្នា តែ​មាន​ចិត្ត​ក្តៅដូចគ្នា​នេះ ធ្វើអោយ​​​អន្តរជាតិ​​បារម្ភបុកពោះ​​មិនតិចដែរ​ទេ។ ​បើ​កូរ៉េខាងជើង​ហ៊ានបាញ់​មីស៊ីល​ដល់​ដែនដី​អាមេរិកមែន​​​ ហើយ​​បើ​លោកត្រាំ​លេង​​​បកទៅវិញ ច្បាស់ជា​វីវរ​ធំ​​ហើយ។

វិបត្តិ​កូរ៉េខាងជើង​សព្វថ្ងៃ ធ្វើអោយ​គេនឹកទៅដល់​​​​ការកំញើញ​គ្នាទៅវិញ​ទៅមក ក្នុង​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​សូវៀត។​ កាលនោះ ​​​វិបត្តិ​មីស៊ីល​គុយបា ឆ្នាំ​១៩៦២ ជា​ស្ថានការណ៍​ក្តៅគគុក នៃ​សង្គ្រាមត្រជាក់។ ឆ្នាំ​១៩៦២ លោក​ហ្វ៊ីដែល កាស្ត្រូ ​​ព្រមអោយ​សូវៀត​ដំឡើង​មីស៊ីល​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ​ក្នុងទឹកដី​គុយបា ក៏ដោយសារ​អាមេរិក​បានព្យាយាម​ឈ្លានពាន​គុយបា​ប៉ុន្មានលើក​មកហើយ ហើយ​គុយបា​ខ្លាច​អាមេរិក​បន្ត​ឈ្លានពាន​តទៅទៀត ទើប​គិតថា មានតែ​វិធី​ដាក់​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នេះទេ ទើបអាច​កំឡា​មិនអោយអាមេរិក​ចូលមកឈ្លានពាន​ទៀត​បាន។ ប៉ុន្តែ អាមេរិក​វិញ មានទៅ​គិត​ដូចគុយបា​ឯណា។ មីស៊ីល​សូវៀត​នៅតែ ១០០គីឡូម៉ែត្រ​ពីរដ្ឋ​ផ្លរីដ​ របស់​អាមេរិក ជាការគំរាម​សន្តិសុខ​​អាមេរិក​ធ្ងន់ណាស់។

ស្ថានការណ៍​កាលនោះ គឺក្បែរ​សង្គ្រាម​នុយក្លេអ៊ែរ​ទៅហើយ។ នាវា​សូវៀតច្រើនគ្រឿង​ដឹកមីស៊ីល​បំពាក់​នុយក្លេអ៊ែរ នៅព្រោងព្រាត​ក្នុងដែនទឹក។ ​លោក​កេណេឌី ជា​ប្រធានាធិបតី​អាមេរិក​​ ជំនាន់​នោះ បាន​ដាក់​កងទ័ព​ស្ថិតក្នុងភាពអាសន្ន​អតិបរមា។ យន្តហោះ​ទំលាក់គ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក បាន​ហោះ​កំញើញ​សូវៀត និងគុយបា ក្នុងដែនអាកាសវិញ។ អាមេរិក​ក៏បាន​ត្រៀមជើងការ​បាញ់​មីស៊ីល​​អន្តរទ្វីប​ច្រើនដើម​ដែរ។ ទីបំផុត​ ភាគី​ម្ខាងៗ​បានព្យាយាម​ចៀស​សង្គ្រាម​នុយក្លេអ៊ែរ ដោយបាន​​រកបាន​កិច្ច​ព្រមព្រៀង ​អោយ​សូវៀត​ដកថយ​មីស៊ីល​ទៅវិញ ហើយ​អាមេរិ​កវិញ​ក៏​ដកមីស៊ីល​ខ្លួន​ពី​តួកគី​ដែរ។ អាមេរិក​ក៏សុខចិត្ត​មិន​ឈ្លានពាន​​គុយបា​តទៅទៀតដែរ។ យោងតាម​តួលេខ​Bulletin of Atomic Scientists បច្ចុប្បន្ននេះ សហរដ្ឋ​ងតាមេរិក​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ ៤៤៨០ គឹថយចុះ​ច្រើនណាស់​ប្រៀប​នឹង​ឆ្នាំ១៩៩០ ដែលកាលនោះ​អាមេរិក​មាន​ប្រហែល​​២២០០០គ្រាប់។ រុស្ស៊ី​បច្ចុប្បន្ន​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ​៧០០០ ក្នុង​នោះ​គិតាំង​ក្បាលគ្រាប់​ដែល​​ត្រូវ​បំបាត់ចោល​ផងដែរ។ ឆ្នាំ​១៩៩០ រុស្ស៊ី​មាន​ច្រើន​ជាងនេះ ​​​ដល់​ទៅ​៣០០០០ក្បាលគ្រាប់នុយក្លេអ៊ែរ។ ​បរិមាណ​ទាំងនេះធានា​ថាគ្រប់គ្រាន់​នឹងកំទេច​សត្រូវ ករណី​មាន​សង្គ្រាម​កើតឡើង។​

ចំណែក​ការគំរាម​រវាងបងប្អូន​សត្រូវ​​​ប៉ាគីស្ថាន​និង​ឥណ្ឌា​​វិញ​ ក៏​ធ្វើអោយ​គេគ្រប់គ្នា​បារម្ភ​បុកពោះណាស់​​ដែរ កាលពីដើមទស្សវត្សឆ្នាំ២០០០។ ខែមេសា​ឆ្នាំ២០០២ ប្រធានាធិបតី​ប៉ាគីស្ថាន មូស្ហារ៉ាហ្វ​គ្រោង​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​ឥណ្ឌា​ហ៊ាន​រំលាយ​ប៉ាគីស្ថាន​ពី​ផែនទី។ ចំណែក​ឥណ្ឌា​វិញ​ក៏គំរាម​ទៅវិញ​ថា បើប៉ាគីស្ថាន​វាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​ឥណ្ឌា គឺ​មានតែ​ឥណ្ឌា​ទេដែលរួចរស់​ពី​សង្គ្រាម​។ ប៉ាគីស្ថាន​និង​ឥណ្ឌា​​​បាន​បង្កើន​ការសាកល្បង​មីស៊ីល​​គំរាមគ្នា​ទៅវិញទៅមក តែ​អាមេរិ​កបាន​ដាក់សម្ពាធ ធ្វើអោយ​បងប្អូន​សត្រូវទាំង២​ព្រមព្រៀង​គ្នា អោយ​មានបទឈប់បាញ់​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០០៣។ ​រួចហើយ​ក៏ព្រមចរចាគ្នានៅដើមឆ្នាំ២០០៤។ ​​

គិតទៅ​ ក្នុងសង្គ្រាមត្រជាក់ ភាគី​និមួយៗ​មានអាវុធ​នុយក្លេអ៊ែរជា​សម្អាង​​​ទុក​ការពារខ្លួន ជាខែល​គំរាមគ្នា​ទៅវិញទៅមក។ ​​ប្រទេស​ដែល​សុំអោយ​គេជួយការពារ​ពីការគំរាម​នុយក្លេអ៊ែរ ​ក៏​ដូចជា​​មិនសូវ​បារម្ភ​បញ្ហា​សន្តិសុខ​ប៉ុន្មានដែរ។ ទោះយ៉ាងនេះក្តី ក៏​មាន​ការលើកឡើង​ថា ទោះជា​គេ​មានអាវុធ​នុយក្លេអ៊ែរ​ក៏​មិនអាច​ធ្វើអ្វី​បានស្រេចចិត្ត​ដែរ ព្រោះ​មានកត្តាច្រើនទៀត ដែលអាច​អោយ​ប្រទេស​មានអាវុធ​​​នុយក្លេអ៊ែរ គិតគូរឡើងវិញ​មុនធ្វើសង្គ្រាម​​​​ បែបយ៉ាង​កត្តា​សេដ្ឋកិច្ច​ដែល​ត្រូវពឹងផ្អែក​គ្នាទៅវិញទៅមក ជាមួយ​ប្រទេស​ដទៃទៀត រឺ​ក៏​កត្តា​ឥទ្ធិពលនៃ​​ស្ថាប័ន​អន្តរជាតិ​ជាដើម។ ​

​​ការគំរាម​នុយក្លេអ៊ែរនិង​មីស៊ីល​ធ្វើឡើង​ រវាង​ប្រទេសណា រឺ​ក៏មេដឺកនាំ​​ប្រភេទ​ណា​​ក៏ដោយចុះ ក៏​សហគមន៍​អន្តរជាតិ​ ​នៅតែ​​ព្យាយាម​ទប់ស្កាត់​មិនអោយ​ស្ថានការណ៍​​ផុងជ្រៅ រហូត​ផ្ទុះ​ជា​​​សង្គ្រាម។ ក្រុមជំនាញ​លើកឡើងថា វិបត្តិអាមេរិក-កូរ៉េ​​​សព្វថ្ងៃ​នេះ គឺដោយសារ​តែ​បញ្ហា​នៃ​ការ​រីកសាយភាយ​នុយក្លេអ៊ែរ​​ហ្នឹងហើយ។ សង្គ្រាម​នុយក្លេអ៊ែរ​អាច​ធ្វើ​​អោយ​មានមនុស្សស្លាប់​រាប់លាន​នាក់។ ​ជាក់ស្តែង ក្នុង​​​សង្គ្រាម​លោក​លើកទី២ គ្រាន់តែ​​អាមេរិក​ទំលាក់​គ្រាប់បែក​បរមាណូ​​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី ​ក្នុង​ទឹកដី​ជប៉ុន ទំលាក់​តែ​ក្នុង​ក្រុង២​ប៉ុណ្ណឹង​ គឹសម្លាប់​មនុស្សដល់ទៅ​ជាង​២សែននាក់​។ សព្វថ្ងៃ​នេះ គ្រប់គ្នា​​កំពុង​ព្យាយាម​មិនអោយ​ការ​ជេរច្រាស់ឆ្អេះ ប៉ះទង្គិច​សំដី​​គ្នា​រវាងលោក​ដូណាល់ ត្រាំ​ និង​លោក​គឺម ជុងអ៊ុន ឈាន​ទៅដល់​ការផ្ទុះ​​សង្គ្រាម​​ជាយថាហេតុ​ណាមួយ​​ឡើយ៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI