លុយយ័នរបស់ចិនកំពុងបោះជំហានទៅជារូបិយវត្ថុសម្រាប់ពាណិជ្ជកម្មអន្តរជាតិ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រ១មិថុនានេះ គឺជាថ្ងៃដែលចិន និងជប៉ុន ចាប់ផ្តើមបើកឲ្យមានការទិញដូររូបិយវត្ថុដោយផ្ទាល់ រវាងលុយយ័នរបស់ចិន និងលុយយេនរបស់ជប៉ុន ដោយមិនចាំបាច់ឆ្លងកាត់លុយដុល្លាររបស់អាមេរិក។ ប្រទេសទាំងពីររំពឹងថា ការបើកឲ្យមានការទិញដូររូបិយវត្ថុដោយផ្ទាល់នេះ នឹងជំរុញឲ្យការដោះដូរពាណិជ្ជកម្មទ្វេភាគីកាន់តែមានកំណើនខ្លាំងឡើងថែមទៀត។ ក៏ប៉ុន្តែ សម្រាប់ចិន គោលដៅចម្បង គឺចង់កាត់បន្ថយឥទ្ធិពលនៃលុយដុល្លារអាមេរិក ហើយជំរុញឲ្យលុយយ័នក្លាយជារូបិយវត្ថុអន្តរជាតិ។
នេះគឺជាលើកដំបូងបង្អស់ ដែលចិនបើកឲ្យមានការជួញដូរដោយផ្ទាល់រវាងលុយយ័ន និងរូបិយវត្ថុបរទេស ក្រៅពីលុយដុល្លារអាមេរិក។ ចាប់ពីថ្ងៃសុក្រនេះទៅ ការទិញដូរលុយយ័នរបស់ចិន និងលុយយេនរបស់ជប៉ុន នឹងអាចត្រូវធ្វើឡើងដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់លុយដុល្លារអាមេរិកដូចពីមុនទៀតទេ។ អត្រាប្តូរប្រាក់យេន-យ័ននឹងត្រូវគេកំណត់ដោយផ្ទាល់ នៅលើទីផ្សារប្តូរប្រាក់ ពោលគឺ ខុសពីពេលកន្លងទៅ ដែលអត្រាប្តូរប្រាក់រវាងយេន និងយ័ន ត្រូវគណនាជាពីរដំណាក់កាល ដោយយោងទៅលើអត្រាប្តូរប្រាក់យេន-ដុល្លារ និងអត្រាដុល្លារ-យ័ន។
ការជួញដូរលុយយេន និងយ័ន នឹងត្រូវធ្វើឡើង នៅក្នុងទីផ្សារហិរញ្ញវត្ថុធំៗពីរ គឺទីផ្សារតូក្យូ នៅជប៉ុន និងទីផ្សារសៀងហៃ នៅចិន។
រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលចិនរំពឹងថា ការបើកឲ្យមានការជួញដូរយេន-យ័ន ដោយផ្ទាល់បែបនេះ នឹងជួយកាត់បន្ថយហានិភ័យ និងកម្រៃជើងសានៃការប្តូរប្រាក់ របស់ក្រុមហ៊ុនរបស់ចិន និងជប៉ុន ដែលរកស៊ីជាមួយគ្នា ហើយជួយសម្រួលដល់ការប្រើប្រាស់លុយយេន និងលុយយ័ន ក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ក៏ប៉ុន្តែ សម្រាប់ចិន យុទ្ធសាស្រ្តសម្រាប់រយៈពេលវែង គឺចង់កាត់បន្ថយឥទ្ធិពលលុយដុល្លារអាមេរិក ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ចិនតែងតែចិញ្ចឹមចិត្តចង់ឃើញលុយយ័នរបស់ខ្លួន ក្លាយជារូបិយវត្ថុចម្បងមួយ ដែលគេប្រើប្រាស់ នៅក្នុងការទូទាត់ពាណិជ្ជកម្មនៅទូទាំងពិភពលោក។
ចិនប្រហែលជាយល់ថា ការកាត់បន្ថយឥទ្ធិពលលុយដុល្លារអាមេរិក ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចិន-ជប៉ុន គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន ពីព្រោះថា ប្រទេសទាំងពីរនេះមានការដោះដូរពាណិជ្ជកម្មជាមួយគ្នាច្រើន។
គួរបញ្ជាក់ថា នៅពេលនេះ ចិនបានប្រជែងឈ្នះអាមេរិក ហើយក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន។ កាលពីឆ្នាំ២០១១កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងចិន និងជប៉ុន មានរហូតដល់ទៅជិត ៣៤៥ពាន់លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគីនេះ មានមិនដល់ ១%ផង ដែលទូទាត់ជាលុយយ័នរបស់ចិន។
ការបើកឲ្យមានការជួញដូរដោយផ្ទាល់រវាងលុយយ័ន និងលុយយេនរបស់ជប៉ុន អាចនឹងជួយឲ្យចិនពង្រីកការជួញដូររវាងលុយយ័ន និងរូបិយវត្ថុបរទេសផ្សេងទៀត ដើម្បីបោះជំហានទៅមុខមួយជំហានទៀត គឺបង្កើនឥទ្ធិពលលុយយ័ន នៅក្នុងតំបន់អាស៊ី។
នៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ការប្រើប្រាស់លុយយ័ន ក្នុងការទូទាត់ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន មានការកើនឡើងគួរឲ្យកត់សម្គាល់។ កាលពីឆ្នាំ២០១១កន្លងទៅនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនជាង ៩% ត្រូវទូទាត់ដោយប្រើលុយយ័ន ធៀបនឹងឆ្នាំ២០១០ ដែលមានត្រឹមតែ ០,៧%។
ក៏ប៉ុន្តែ គោលដៅរបស់ចិន ដែលចង់ឲ្យលុយយ័នក្លាយជារូបិយវត្ថុអន្តរជាតិ ជំនួសលុយដុល្លារអាមេរិក នឹងត្រូវប្រឈមមុខនឹងឧបសគ្គចម្បងមួយ គឺនយោបាយរឹតត្បឹតរបស់ចិន ដែលមិនបណ្តោយឲ្យតម្លៃលុយយ័នប្រែប្រួលទៅតាមច្បាប់ទីផ្សារសេរី។ រហូតមកទល់ពេលនេះ អាជ្ញាធរចិននៅតែបន្តធ្វើអន្តរាគមន៍ ទប់លុយយ័នមិនឲ្យឡើងថ្លៃ ដើម្បីជួយឲ្យផលិតផលចិនងាយស្រួលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ហើយជំរុញកំណើនសេដ្ឋកិច្ចចិន។
នៅពេលនេះ បើទោះជាចិនបើកឲ្យមានការជួញដូរដោយផ្ទាល់រវាងលុយយ័ន និងលុយយេនជប៉ុនក៏ដោយ ក៏មិនមែនមានន័យថា តម្លៃលុយយ័ននឹងអាចប្រែប្រួលទៅតាមច្បាប់ទីផ្សារសេរីនោះដែរ។ ការជួញដូរផ្ទាល់រវាងលុយយ័ន និងលុយដុល្លារអាមេរិក គឺជាភស្តុតាងស្រាប់។
ដរាបណារដ្ឋាភិបាលចិននៅតែមិនបើកឲ្យលុយយ័នឡើងចុះទៅតាមតម្លៃទីផ្សារ គេប្រាកដជាពិបាកនឹងមានទំនុកចិត្តលើលុយយ័ន។ ការខ្វះទំនុកចិត្តពីបរទេសនេះហើយ ដែលជាឧបសគ្គចម្បងមួយ ធ្វើឲ្យគេមានការរារែកក្នុងការប្រើប្រាស់លុយយ័ន ក្នុងការទូទាត់ការដោះដូរពាណិជ្ជកម្មជាទូទៅ នៅលើពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ