អាមេរិក-រុស្ស៊ី​

កូនប្រុស​ច្បង​​លោក​ត្រាំ ទទួលស្គាល់​​ថា​​​ធ្លាប់​ជួប​​​​​​​​មេធាវី​​រុស្ស៊ី​​ ក្នុង​អំឡុង​​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​២០១៦

លោក​ Donald Trump Junior កូនប្រុសច្បង​របស់​លោក​ដូណាល់ ត្រាំ ​
លោក​ Donald Trump Junior កូនប្រុសច្បង​របស់​លោក​ដូណាល់ ត្រាំ ​ Reuters

ខណៈ​អាមេរិ​កកំពុងស៊ើបអង្កេត​លើ​​ការសង្ស័យ​ជុំវិញ​ទំនាក់ទំនង​រវាង​ក្រុម​ការងារ​លោក​ដូណាល់ ត្រាំ ជាមួយ​រុស្ស៊ី ​សេតវិមា​ន​​កាន់តែ​​ក្រពុលមុខ​ថែមទៀត ពេលនេះ ដោយសារ​​​​កូនប្រុស​ច្បង​របស់​លោក​ដូណាល់ ត្រាំ បាន​ទទួលស្គាល់​ថា បានជួប​ជាមួយ​ស្ត្រី​មេធាវី រុស្ស៊ី​​ម្នាក់ ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ យោងតាម​​​​សារព័ត៌មាន​New York Times ​​កូនប្រុស​ច្បង​លោក​ដូណាល់ ត្រាំ បានជួប​មេធាវីរុស្ស៊ី ដើម្បី​​​ទទួលព័ត៌មា​ន​ទាក់ទង​នឹង​លោកស្រី​ហ៊ីលឡារី គ្លីនតុន ដែល​ជា​គូប្រជែង​ដណ្តើម​កៅអី​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

លោក​ Donald Trump Junior ត្រូវ​ជា​កូនប្រុស​ច្បង​របស់​ប្រធានាធិបតីដូណាល់ ត្រាំ បាន​ទទួលស្គាល់​​ថា​ បាន​​ជួបស្ត្រី​​​មេធាវី​ជនជាតិ​រុស្ស៊ី​ម្នាក់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦ គឺក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកតែម្តង។ ​​ជំនួប​ជាមួយ​ស្ត្រីរុស្ស៊ី​កាលនោះ ​មាន​រយៈ​ពេល​ខ្លី​ តែ​​ក៏​មានវត្តមាន​​​របស់​ជនសំខាន់​ពីររូប នៃ​ក្រុមការងារ​​លោក​ត្រាំ​ដែរ នោះ​គឺ​​​លោក​ចារេត គូស្ហនែរ ត្រូវ​ជា​កូនប្រសា​របស់​​លោក​​ដូណាល់ ត្រាំ​​ និង​លោក​ប៉ូល ម៉ាណាហ្វរ ត្រូវ​ជា​អ្នក​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ ​

យោងតាម​កូនប្រុស​ច្បង​របស់​លោកត្រាំ​ ​​ស្ត្រីមេធាវី​រុស្ស៊ីដែល​គាត់​បាន​​ជួបនោះ ដំបូង​បាន​ប្រាប់​ថា មានព័ត៌មា​ន​ទាក់ទង​នឹង​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​នឹងរុស្ស៊ី​​ច្រើ​ននាក់។ អ្នក​ជាប់​ពាក់ព័ន្ធ​រុស្ស៊ី​ទាំងនោះ​បាន​ឧបត្ថម្ភ​គណៈកម្មាធិការ​បក្ស​ប្រជាធិបតេយ្យ និង​គាំទ្រ​លោកស្រី​ហ៊ីលឡារី គ្លីនតុន។ កូនប្រុស​ច្បង​លោក​ត្រាំ​បន្ថែម​​ថា តែ​ដល់​ពេល​គាត់​បាន​ជួបស្ត្រី​​មេធាវី​រុស្ស៊ីរូបនោះ​ ស្ត្រីរូបនោះ​​​​បែរជានិយាយ​ពី​​​រឿងទាក់ទង​ប្តីប្រពន្ធ​អាមេរិក​​សុំកុមារ​ជនជាតិ​រុស្ស៊ី​យកទៅចិញ្ចឹមទៅវិញ។ ចំណែក​​មេធាវី​របស់​កូនប្រុសច្បង​លោកត្រាំ​វិញ ប្រាប់ថា មានបុរស​ម្នាក់ឈ្មោះ Rob Goldstone​​ជាភ្នាក់ងារ​​ទំនាក់ទំនង​សារធារណៈ ​និងធ្លាប់​ធ្វើការ​អោយ​សារព័ត៌មាន​អង់គ្លេស បាន​​សរសេរ​អ៊ីមេល​ប្រាប់​កូនប្រុសច្បង​លោក​ត្រាំ​ថា ​មានមនុស្ស​ច្រើននាក់​មាន​​ព័ត៌មានដែលអាច​បង្ហាញ​​​​ពី​កំហុស​លោកស្រី​ហ៊ីលឡារី​ គ្លីនតុន ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។

​ជំនួប​រវាង​កូនប្រុសច្បង​​ជាមួយ​មេធាវី​រុស្ស៊ី ប្រៀបបាន​នឹង​ភស្តុតាងជាក់ស្តែង ​​​គូស​បញ្ជាក់​ការ​សង្ស័យ​លើ​ទំនាក់ទំនង​រវាង​ក្រុម​លោក​ដូណាល់ ត្រាំ និង​រុស្ស៊ី ក៏ដូចជា​ការ​សង្ស័យ​ជុំវិញ​ការលូកដៃ​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដូច្នោះដែរ។ អាមេរិក​កំពុងស៊ើប​​អង្កេត​លើ​រឿង​សង្ស័យ​ទាំងនេះ។ ​ប្រធានាធិបតី​ដូណាល់ ត្រាំ ​វិញ​ ​ទើបតែ​​បាន​លើកឡើង កាលពី​ថ្ងៃ​អាទិត្យ​​​ថា​ លោក​បាន​សួរ​លោកពូទីន​ ដល់ទៅ២ដង ថា​មា​នបាន​អន្តរាគមន៍​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ទេ ហើយ​លោក​ពូទីន​បាន​ឆ្លើយ​បដិសេធ​​​ដាច់​អហង្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI