អានតួអត្ថបទ
សិទ្ធិស្ត្រី

ទិវា​ពិភព​​លោក​ប្រឆាំង​អំពើ​ហឹង្សា​លើ​ស្ត្រី

ជនរងគ្រោះ​នៃ​ការ​រំលោភ​ផ្លូវភេទច្រើន​មាន​ការ​ខ្មាស​អៀន​​ដោយសារ​ការ​វាយ​តំលៃ​របស់​ក្រុម​គ្រួសារ​ខ្លួន
ជនរងគ្រោះ​នៃ​ការ​រំលោភ​ផ្លូវភេទច្រើន​មាន​ការ​ខ្មាស​អៀន​​ដោយសារ​ការ​វាយ​តំលៃ​របស់​ក្រុម​គ្រួសារ​ខ្លួន Spencer Platt/Getty Images
ដោយ៖ ព្រំ សឿន សូលីណា
១៧ នាទី

ថ្ងៃ ​២៥​វិច្ឆិកា​នេះ ជា​ថ្ងៃ​ដ៏​សំខាន់​សំរាប់​ស្ត្រី​គ្រប់​រូប​លើ​ពិភពលោក​ -ព្រោះ​ជា​ថ្ងៃ​ដែល​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ បា្ររព្ធ​នូវ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ហិង្សា​លើ​ ស្ត្រី។ ស្ត្រីនិង​កុមារី រាប់​លាន​នាក់ នៅ​លើ​ពិភពលោក បាន​ទទួល​រងគ្រោះ ឥត​ល្ហែ​ពី​សំណាក់​បុរស​ដូច​ជា​ការ​វាយ​ដំ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រាង​កាយ ​​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ដើម រហូត​ដល់​ធ្វើ​ឃាត​ទៀត​ផង។ ​

ផ្សាយពាណិជ្ជកម្ម

ថ្វីត្បិត​តែ​រដ្ឋាភិបាល​ស្ថាប័ន​សិទ្ឋិ​មនុស្ស​ រឺក៏​អង្គការ​នានា​នៅ​លើ​ពិភពលោក​ប្រឹង​បង្កើត​ច្បាប់​សព្វបែបយ៉ាង​ដើម្បី​ការពារ​សិទ្ឋស្ត្រី​និង​ធានា​អោយ​បាន​នូវ​សិទ្ធិ​​ស្មើគ្នា​រវាង​ស្ត្រី​និង​បុរស ​ក៏​ស្ត្រី​រាប់លាន​នាក់​នៅ​តែ​ទទួល​រង​នូវ​អំពើ​ហឹង្សា​ជារឿយៗ។

នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅ​ទ្វីប​អាហ្វ្រិច​ ដូចជា​ ប្រទេស​សេណេហ្កាល់​ ហ្កាណា​ អេហ្ស៊ីប រឺក៏នៅ​ទ្វីប​អាស៊ី​​ ដូចជា​ឥណ្ឌា រឺ​អាហ្កានីស្ថាន​ជាដើម​នោះ​ ស្ថានភាព​ស្ត្រី​ភាគច្រើន​នៅ​មាន​ការ​លំបាក​នៅ​ឡើយ។ គេកត់​សំគាល់​ឃើញមាន​អំពើ​ហឹង្សា​ចំពោះ​ស្ត្រី​ច្រើនជាងគេ​នៅ​ទ្វីប​អាហ្វ្រិច។ នៅ​ទីនោះ ​ប្រទេស​ខ្លះ​នៅ​ប្រកាន់​ទំនៀម​ទំលាប់​ចាស់ៗ​ដូចជា​ការ​វះ​កាត់​ប្រដាប់ភេទ​ក្មេងស្រី​​ដើម្បី​ការពារ​ព្រហ្មចារីយ៍ រឺក៏ការ​បង្ខំ​អោយ​ស្ត្រី​មិនទាន់​គ្រប់​អាយុ​រៀបការ​ជាដើម។ ទំនៀម​ទំលាប់​ទាំង​នេះ​ ជា​ការ​រំលោភ​លើ​ច្បាប់​ទាំងស្រុង។

ថ្វីត្បិត​តែ​អំពើ​ហឹង្សា​កើត​ចេញ​ពី​ទំនៀម​ទំលាប់​នេះ​បាន​ថយ​ចុះ​ មនុស្ស​ភាគច្រើន​នៅ​ អាហ្វ្រិច​នៅតែ​យល់​ថា​ ការ​វះកាត់​ប្រដាប់ភេទ​ស្ត្រី​ និង​ការ​រៀបការ​មុន​អាយុ​គ្មាន​អ្វី​ខុស​ប្លែក​ពី​ភាពធម្មតា​នោះ​ទេ។

ចំពោះប្រទេស​ឥណ្ឌា​ គេប្រហែល​ជា​គិត​ថា ​ជា​ប្រទេស​មួយ​ផ្តល់សិទ្ឋ​ពេញលេញ​ដល់​ស្ត្រី​គ្រប់​រូប​ ព្រោះ​គេ​ឃើញ​មាន​វត្តមាន​របស់​ស្ត្រី​ច្រើន​រូប​​នៅ​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​នេះជា​ការ​បំភ័ន្ត​ភ្នែក​តែ​ប៉ុណ្ណោះ​ ព្រោះ​ថា​ស្ត្រី​ឥណ្ឌា ​នៅ​តែ​ជា​ជន​រង​គ្រោះ​ដដែល​នៅក្នុង​ក្រសែ​ភ្នែក​របស់​សង្គម​មនុស្ស​ដែល​ផ្តល់​អាទិភាព​និង​អំណាច​ដល់​បុរស។

នៅ​ប្រទេស​អាហ្កានីស្ថាន ​ថ្វីត្បិត​តែ​របប​តាលីបង់​បាន​ដួល​រលំ​អស់​រយៈ​ពេល​១១​ឆ្នាំ​មកហើយ​ក៏ដោយ ​ក៏​សង្គម​អាហ្កានីស្ថាន​នៅតែ​រក្សា​ទុក​នូវ​​លក្ខណៈ​អភិរក្ស​និយម​របស់​ខ្លួន​ដដែល។ នេះ​ជា​ហេតុផល​ដែល​បង្ក​អោយ​ស្ត្រី​ភាគច្រើន​នៅ​តែ​ទទួលរង​នូវ​អំពើ​ហឹង្សា ព្រោះ​តែ​សង្គម​មិន​ទទួល​ស្គាល់លក្ខន្តិកៈ​របស់ខ្លួន។

ទោះជា​យ៉ាងណា​ រដ្ឋាភិបាល​អង្គការ​សិទ្ឋមនុស្ស​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ នៅតែ​បន្ត​ការ​ផ្សព្វផ្សាយ​លើក​តំកើង​ស្ត្រី ​និង​ថ្កោលទោស​នូវ​អំពើ​ហឹង្សា​លើ​ស្ត្រី​ជា​ដរាប។

រដ្ឋាភិបាល​​ប្រទេស​ស៊ីលី​ បាន​ប្រឹង​បង្កើន​ការ​ ផ្សព្វផ្សាយ​នូវ​តំលែស្ត្រី​ដល់​ជន​គ្រប់រូប​ពិសេស​ដល់​យុវវ័យ​នៅ​តាម​សាលា​ រឺ​នៅ​តាម​បណ្តាញ​សង្គម​នានា​ ដោយ​អំពាវនាវ​អោយធ្វើការ​ប្រឆាំង​ រាល់​ទង្វើ ​រឺ​អាកប្បកិរិយា​ត្រួតត្រា​លើ​ស្ត្រី។

គេ​សង្កេត​ឃើញ​ ស្ត្រី​ភាគ​ច្រើន​ ចាប់ផ្តើម​យល់​ពី​តំលែ​នែសិទ្ធិ​របស់​ខ្លួន។ យោង​តាម​សមាគម​ស្ត្រី​នានា​នៅ​ប្រទេស​អាល់ហ្សេរី​​ ជា​រៀងរាល់​ឆ្នាំ​ មាន​ស្ត្រី​ប្រហែល​ជាង​មួយ​ម៉ឺន​នាក់​ បាន​ធ្វើការ​តវ៉ា​ប្តឹង​ផ្តល់​ នៅ​ពេល​ដែល​ខ្លួន​ទទួល​រង​នូវ​អំពើ​ហឹង្សា។​ នេះ​ជា​ជោគជ័យ​មួយ​សំរាប់​ស្ត្រី​គ្រប់​រូប​នៅ​ទីនោះ​ ក៏​ដូច​ជា​ស្ត្រី​ដទៃ​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ