ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​អគ្គនាយក IMF ត្រូវ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​នៅ​ប៉ារីស​មួយ​ទៀត

សំឡេង ០៤:៣៣
ទ្រីស្តាន់ បាណុង (Tristane Banon) ដែលចោទ​លោក​ស្រ្តូសកាន់​ថា​បាន​ប៉ុងប៉ង​រំលោភ​គាត់ កាល​ពី​ឆ្នាំ​២០០៣
ទ្រីស្តាន់ បាណុង (Tristane Banon) ដែលចោទ​លោក​ស្រ្តូសកាន់​ថា​បាន​ប៉ុងប៉ង​រំលោភ​គាត់ កាល​ពី​ឆ្នាំ​២០០៣ REUTERS/Charles Platiau

នៅញូវយ៉ក​ ព័ត៌មាន​បាន​លេចឮ​កាន់តែ​ច្រើន​ ស្តីពី​ការ​លើកលែង​ការចោទប្រកាន់​លើ​លោក​ដូមីនិក ស្រ្តូសកាន់ អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ ប៉ុន្តែ នៅ​ប៉ារីស​ឯណេះ​វិញ សំណុំរឿង​​ថ្មី​មួយ​ទៀត​កំពុង​រង់ចាំ​លោក​ស្រ្តូសកាន់។ នារី​អ្នកនិពន្ធ​ប្រលោមលោក និង​ជា​អ្នក​កាសែត​ម្នាក់​ទើប​នឹង​បាន​ដាក់ពាក្យបណ្តឹង ចោទប្រកាន់​លោកស្រ្តូសកាន់ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។ ក៏ប៉ុន្តែ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំង​ពី​ឆ្នាំ​២០០៣​ម៉្លេះ។ មន្រ្តី​ដែល​ស្និទ្ធិ​នឹង​លោក​ស្រ្តូសកាន់​សង្ស័យថា​ នេះ​គឺ​ជា​គម្រោងការណ៍​របស់​គណបក្ស​កាន់អំណាច ដើម្បី​រារាំង​លោកស្រ្តូសកាន់​មិន​ឲ្យ​ចូលប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

ទ្រីស្តាន់ បាណុង (Tristane Banon) អាយុ​ ៣២​ឆ្នាំ ជាអ្នក​និពន្ធ​ប្រលោមលោក និង​ជា​អ្នក​កាសែត បាន​ចោទប្រកាន់​លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) ថាបាន​ប៉ុនប៉ង​ចាប់រំលោភ​គាត់ នៅ​ពេល​ដែល​គាត់​សុំជួប​សម្ភាសន៍ កាល​ពី​​ឆ្នាំ​២០០៣។ អយ្យការ​អមតុលាការ​ព្រហ្មទណ្ឌ​ក្រុងប៉ារីស​បាន​ឲ្យដឹង​ថា គេ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ទ្រីស្តាន់ បាណុង ហើយ នៅថ្ងៃ​ពុធ​នេះ ហើយ​រដ្ឋអាជ្ញា​កំពុង​តែ​ពិនិត្យ​ពាក្យ​បណ្តឹង​នេះ។

យោងតាម​ក្រមព្រហ្មទណ្ឌ​បារាំង បទ​រំលោភ​សេពសន្ថៈ​មាន​អាជ្ញាយុកាល ១០​ឆ្នាំ។ ដូច្នេះ បណ្តឹង​របស់​ទ្រីស្តាន់​ បាណុង នៅ​មិនទាន់​ផុតអាជ្ញាយុកាល​នៅឡើយទេ។ ក៏ប៉ុន្តែ អ្នកច្បាប់​ភាគច្រើន​យល់ថា បណ្តឹងនេះ​ទំនង​ជា​មិនត្រូវ​តុលាការ​លើកយក​មក​ចាត់ការ​ទេ ពីព្រោះ ហេតុការណ៍​បាន​កើតឡើង​តាំង​ពី​៨​ឆ្នាំមុន ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​មក​បញ្ជាក់ (ដូចជា ADN ជាដើម) ហើយ​​នៅ​កន្លែង​កើតហេតុ មិនមាន​ខ្សែអាត់វីដេអូ ឬ​សាក្សី ដែល​បាន​ឃើញ​​ហេតុការណ៍​ផ្ទាល់​ភ្នែក។ ម្យ៉ាងវិញ​ទៀត បទប៉ុនប៉ង​រំលោភ គឺ​ជា​បទល្មើស ដែល​ពិបាក​ក្នុង​ការកំណត់។

មេធាវី​របស់​លោក​ស្រ្តូសកាន់​បាន​ប្រកាស​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​តប​នឹង​ទ្រីស្តាន់ បាណុង​វិញ ពីបទ​ប្តឹង​បរិហារបង្កាច់​កេរ្តិ៍។ យោងតាម​ក្រមព្រហ្មទណ្ឌ​បារាំង បទល្មើស​នេះ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ និង​ពិន័យ​ជាប្រាក់ ៤៥ ០០០​អឺរ៉ូ។

នៅពេលនេះ សំណួរ​ជាច្រើន​ត្រូវបានគេ​ចោទសួរ​ជុំវិញ​បណ្តឹង​របស់​ទ្រីស្តាន់​ បាណុង។ ហេតុអ្វី​បាន​ជា​គាត់​មិនដាក់ពាក្យ​ប្តឹងភ្លាមៗ ក្រោយ​ពី​មាន​ហេតុការណ៍? ហេតុអ្វី ៨​ឆ្នាំ​ក្រោយ​មក​ទើប​ដាក់ពាក្យ​ប្តឹង? ហេតុអ្វី​ដាក់ពាក្យ​ប្តឹង នៅ​ចំពេល​ដែល​តុលាការ​ក្រុងញូវយ៉ក​​ដោះលែង​លោកស្រ្តូសកាន់​ឲ្យ​នៅ​ក្រៅឃុំ ហើយ​កំពុង​តែ​ពិចារណា​លើកលែង​ការចោទប្រកាន់​លើ​រូបគាត់?

មន្រ្តី​ស្និទ្ធ​នឹង​លោក​ស្រ្តូសកាន់​ជាច្រើន​បាន​បង្ហាញ​នូវ​ការ​សង្ស័យថា នេះ​ជា​​គម្រោងការ​របស់​គណបក្ស​កាន់អំណាច ដើម្បី​រារាំង​លោក​ស្រ្តូសកាន់​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​ក្រោយ។ គេ​កាន់តែ​មាន​ការសង្ស័យ​ខ្លាំងឡើង​ថែមទៀត ដោយដឹង​ថា ទ្រីស្តាន់ បាណុង ដែល​ជាដើមបណ្តឹង គឺ​ជា​អ្នក​កាសែត ដែល​ធ្វើការ​ឲ្យ​កាសែត​ស្និទ្ធ​នឹង​គណបក្ស​​របស់​លោក​នីកូឡា សាកូហ្ស៊ី។

គួរ​បញ្ជាក់ថា នៅ​មុនពេល​ប៉ូលិស​ចាប់ខ្លួន​នៅ​ញូវយ៉ក លោក​ដូមីនិក ស្រ្តូសកាន់ ត្រូវបាន​គេ​មើលឃើញ​ថា ជា​អ្នកនយោបាយ ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ជាងគេ ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​បារាំង​ពីលោក​សាកូហ្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI