សវនាការលើបណ្តឹងសាទុក្ខករណី ឌុច រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការពិភាក្សាដេញដោលលើបណ្តឹងសាទុក្ខករណីសំណុំរឿង ០០១ របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច រយៈពេល ៣ ថ្ងៃ បានបិទបញ្ចប់នៅថ្ងៃពុធទី ៣០ មីនា។ នៅចុងបញ្ចប់នៃសវនាការ ឌុច បានសុំឲ្យអង្គជំនុំជម្រះតុលាការកំពូល ដោះលែងរូបលោក ដោយសំអាងថា ខ្លួនមិនស្ថិតក្នុងចំណោមមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលច្បាប់កំណត់ កាត់ទោសឡើយ។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ
មុនពេលបិទបញ្ចប់សវនាការលើបណ្តឹងសាទុក្ខ នៅថ្ងៃពុធនេះ អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច អង្គុយក្នុងរង្វង់ក្រចកសេះ អាននូវសេចក្តីថ្លែងការណ៍ ដោយសម្លេងម៉ាត់ៗ ដូចដែលគេបានឮក្នុងសវនាការកន្លងមក។
សេចក្តីថ្លែងការណ៍ដែលរៀបរៀងទុកនោះ ឌុច បានលើកឡើងពីគោលការណ៍មូលដ្ឋានរបស់ខ្លួន ដោយសូមឲ្យអង្គជំនុំជម្រះតុលាការកំពូល របស់សាលាក្តីខ្មែរក្រហម ពិចារណា និងសម្រេចថា ខ្លួនស្ថិតនៅក្រៅយុត្តាធិការបុគ្គល ពោលគឺ ឌុចបានសុំឲ្យតុលាការដោះលែង ក្នុងហេតុផលថា លោកមិនមែនជាមេដឹកនាំជាន់ខ្ពស់ និងមិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវចាប់មកកាត់ទោសឡើយ។
ការស្នើសុំដូច្នេះ ក៏ត្រូវបាន ឌុច អះអាងដែរថា ជាគោលការណ៍សំខាន់ សម្រាប់រកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងអាចការពារ អតីតមេដឹកនាំខ្មែរក្រហមឲ្យផុតពីហានិភ័យផងដែរ ជាពិសេស គឺការពារអតីតកម្មាភិបាលមធ្យមរបស់ខ្មែរក្រហម ដែលមិនស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តីចម្រុះកាត់ទោសមេខ្មែរក្រហម។
យ៉ាងក៏ដោយ ឌុចបានបញ្ជាក់ថា ខ្លួននៅតែទទួលខុសត្រូវខាងផ្លូវចិត្ត និងខាងផ្លូវច្បាប់ ចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែង។ ឌុចក៏រក្សាជំហរសុំខមាទោសដល់អ្នកស្លាប់នៅ ស ២១ និងសុំឲ្យគ្រួសារអ្នកស្លាប់ចំហទ្វារ សម្រាប់ខ្លួនចូលសុំទោសនៅថ្ងៃណាមួយ។
សវនាការរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ទី២៨មីនា ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមធ្វើសេចក្តីថ្លែងការណ៍អំពីទឡ្ហីករណ៍នានា ទាក់ទងនឹងផ្លូវច្បាប់របស់សហមេធាវីការពារ ឌុច សហព្រះរាជអាជ្ញា សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ស្តីពីយុត្តាធិការបុគ្គល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការផ្តន្ទាទោស។
នៅថ្ងៃទី៣ នៃសវនាការ នាថ្ងៃពុធនេះ សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានស្នើឲ្យតុលាការកំពូល ទទួលស្គាល់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ក្រុម១ ក្រុម២ និងក្រុម៣ សរុប ២២ នាក់ ក្នុងសំណុំរឿង ០០១។ សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីក៏ស្នើសុំឲ្យតុលាការកំពូលកំណត់ច្បាស់លាស់ ពីបញ្ហាសំណងជាសមូហភាព និងសំណងផ្លូវចិត្ត ដោយការសាងសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធ នៅគុកទួលស្លែង និងវាលពិឃាតជើងឯក ជាដើម។
លោកចៅក្រម គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល ដែលមានសមាសភាព ៧ រូប បានប្រកាសបញ្ចប់សវនាការលើបណ្តឹងសាទុក្ខ ករណី ០០១ របស់ ឌុច។ រីឯសេចក្តីសម្រេចបិទផ្លូវតវ៉ា ក្នុងសំណុំរឿង ឌុច នឹងត្រូវប្រកាសនៅក្នុងរយៈពេលប្រហែលជា ២ ឬ៣ខែទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ