រញ្ជួយដីនៅតំបន់ត្រីកោណមាស មានកម្រិត ៦.៨មាត្រដ្ឋានរិចទែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្រោះរញ្ជួយដីកើតមានឡើង នៅយប់ថ្ងៃព្រហស្បតិ៍ទី ២៤ មីនា នៅភាគខាងកើតប្រទេសភូមា គឺជិតព្រំដែនភូមាជាមួយថៃ ឡាវ និងចិន។ កម្រិតរញ្ជួយ ៦.៨មាត្រដ្ឋានរិចទែរបានសម្លាប់មនុស្សយ៉ាងហោច ៦០នាក់ របួសជាង១០០នាក់ ក្នុងប្រទេសភូមា និងម្នាក់ក្នុងប្រទេសថៃ។ បើទោះបីជាគ្រោះរញ្ជួយដីលើកនេះមានកម្រិតរញ្ជួយខ្លាំង ក្នុងប្រទេសភូមា ប៉ុន្តែ អ្នកព្យាករឧតុនិយមអះអាងថា វាមិនអាចបង្កជាគ្រោះរលកយក្សស៊ូណាមីបានទេ។
សេចក្តីរាយការណ៍របស់ឈាង បុប្ផា
គ្រោះរញ្ជួយដីកាលពីយប់ថ្ងៃព្រហស្បតិ៍ទី ២៥ មីនា បានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ក្នុងប្រទេសភូមា។ មន្រ្តី ភូមាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ចំនួនអ្នកស្លាប់នឹងអាចមានច្រើនជាង ៦០នាក់ ជាពិសេស ជនរងគ្រោះដែលអាចនៅកប់ក្រោមគំនរអគារបាក់បែកជាង ១០០កន្លែង។
ចំណុចរញ្ជួយដី កម្រិត ៦.៨មាត្រដ្ឋានរិចទែរ កើតមាននៅតំបន់ភ្នំ ក្នុងប្រទេសភូមា និងស្ថិតនៅប្រមាណ ជាង ១០០គីឡូម៉ែត្រពីខេត្តឈៀងម៉ៃរបស់ប្រទេសថៃ។ កម្រិតរញ្ជួយខ្លាំងបានធ្វើឲ្យរញ្ជួយដល់ទីក្រុងធំៗរបស់ឥណ្ឌូចិន ដូចជាហាណូយ វៀងច័ន្ទ ខេត្តយូណានរបស់ប្រទេសចិន។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ ក្នុងប្រទេសថៃ បានរាយការណ៍ដែរថា ការរញ្ជួយបន្តិចបន្តួច មានមកដល់ក្រុងបាងកក ដែលស្ថិតនៅប្រមាណ ៨០០គីឡូម៉ែត្រពីចំណុចរញ្ជួយ។ នៅថ្ងៃសុក្រនេះ អ្នកឧតុនិយមថៃ បានប្រកាសផងដែរ ពីការរញ្ជួយដីជាថ្មី កម្រិត៥.៥មាត្រដ្ឋានរិចទែរ នៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីចំនុចរញ្ជួយ ម្សិលមិញ។
គួររំលឹកថា កាលពី១៥ឆ្នាំមុន ប្រទេសថៃ និងភូមាធ្លាប់រងគ្រោះរញ្ជួយដី កម្រិត ពី៥ ទៅ ៧មាត្រដ្ឋានរិចទែរ ប៉ុន្តែ វាមិនដែលធ្លាប់បង្កឲ្យមានការបាត់បង់ជីវិតមនុស្សច្រើនដូចលើកនេះទេ។
វិទ្យាស្ថានភូគវិទ្យាអាមេរិកាំងដែលតាមដានមើលការរញ្ជួយដី បានប្រកាសថា ចំណុចរញ្ជួយស្ថិតនៅជម្រៅ ក្រោមដី ប្រមាណ ១០ គីឡូម៉ែត្រ ក្នុងទឹកដីភាគខាងជើងភូមា ហើយ វានឹងមិនបង្កឲ្យមានការរញ្ជួយដល់មហាសមុទ្រឥណ្ឌា រហូតបង្កជារលកយក្សស៊ូណាមី ដូចនៅជប៉ុន។ ប៉ុន្តែ គេបានវាយតម្លៃថា ការរញ្ជួយដី និងស្ថិតក្នុងជម្រៅ១០គីឡូម៉ែត្រ នៅភូមាមានលក្ខណៈស្រដៀងគ្នាទៅស្ថានភាពនៅប្រទេសហៃទី ដែលនៅទីនោះ គ្រោះរញ្ជួយដីបានសម្លាប់មនុស្សជិត ២សែននាក់។
ចាប់ពីព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរ ក្រុងវៀតណាម និងអាជ្ញាធរថៃ បានប្រាប់ប្រជាជនខ្លួនឲ្យរាយការណ៍ពីការបែកប្រេះស្រាំលំនៅឋាន និងចាកចេញជាបន្ទាន់ពីផ្ទះ និងពីអគារខ្ពស់ ប្រសិនបើដឹងថា មានការរញ្ជួយដី ទោះកម្រិតខ្សោយក៏ដោយ។ ប្រជាជនថៃ វៀតណាម ឡាវ បានធ្វើតាមការប្រកាសរបស់អាជ្ញាធរ ដោយពួកគេភ័យខ្លាចកើតរងគ្រោះដោយគ្រោះមហន្តរាយរលកយក្សស៊ូណាមីដូចនៅជប៉ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ