អានតួអត្ថបទ
អឺរ៉ុប

ធនាគារ​កណ្តាល​អឺរ៉ុប៖ ​អតិផរណា​ទាប​ជា​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប

ធនាគារ​កណ្តាល​អឺរ៉ុប​ពិចារណា​ចាត់វិធានការ​បន្ថែម ដើម្បី​ជំរុញ​ឲ្យ​អត្រា​អតិផរណា​កើនឡើង
ធនាគារ​កណ្តាល​អឺរ៉ុប​ពិចារណា​ចាត់វិធានការ​បន្ថែម ដើម្បី​ជំរុញ​ឲ្យ​អត្រា​អតិផរណា​កើនឡើង REUTERS/Kai Pfaffenbach
ដោយ៖ សេង ឌីណា
១៧ នាទី

សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប បានលើកឡើង កាលពីថ្ងៃ​ពុធ​ថា អឺរ៉ុប​មិន​អាច​ទុក​បណ្តោយ​ឲ្យ​អត្រា​អតិផរណា​នៅ​ទាប​ដូច​ពេល​បច្ចុប្បន្ន តទៅមុខ​យូរ​ទៀត​បានទេ ពីព្រោះ អត្រា​អតិផរណា​ទាប គឺ​ជា​​​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​អឺរ៉ុប។ ធនាគារ​កណ្តាល​អឺរ៉ុប​គ្រោង​នឹង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​បង្កើន​​​អត្រា​អតិផរណា​។

ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេឃើញ​ប្រទេស​ភាគច្រើន​នាំគ្នា​ព្រួយបារម្ភ អំពី​អត្រា​អតិផរណា​ខ្ពស់ ក៏ប៉ុន្តែ អឺរ៉ុបវិញ​បារម្ភ​ អំពី​អត្រា​អតិផរណា​ទាប​ទៅវិញ។ បារម្ភ ពីព្រោះ​ថា បច្ចុប្បន្ន​នេះ អត្រា​អតិផរណា​គិតជា​មធ្យម នៅ​ទូទាំង​​តំបន់​ចាយលុយ​អឺរ៉ូ មាន​កម្រិត​ទាប​ ស្ទើរតែ​ស្មើ​សូន្យ​ទៅហើយ ពោលគឺ ត្រឹមតែ ០,៧%​ប៉ុណ្ណោះ។

អត្រា​អតិផរណា​ទាប​បែបនេះ​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ ខ្លាច​តំបន់​ចាយលុយ​អឺរ៉ូ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​បរិត្តផរណា ដូចជា នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​២ទសវត្សរ៍​កន្លងទៅនេះ។ គ្រោះថ្នាក់ គឺ​នៅត្រង់​ថា បរិត្តផរណា ពោលគឺ ការ​ធ្លាក់ចុះ​ឥតឈប់​​នៃ​តម្លៃ​ទំនិញទូទៅ អាច​នឹង​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​តែ​​ក្រុមហ៊ុន​សហគ្រាស ក៏ដូចជា ប្រជាជន​ទូទៅ នាំគ្នា​ផ្អាក​ការបោះទុន​វិនិយោគ ឬ​ការ​ទិញទំនិញ​ ដោយ​នាំគ្នា​រំពឹង​ថា ទៅថ្ងៃ​ខាងមុខ​តម្លៃ​ទំនិញ​អាច​នឹង​ធ្លាក់ចុះ​កាន់តែ​ទាប​ថែមទៀត។ និន្នាការ​បែបនេះ​​នឹង​ធ្វើ​ឲ្យ​ការចំណាយ​ទូទៅ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​មាន​ការ​ធ្លាក់ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​ក៏​ត្រូវ​ធ្លាក់ចុះ។

ដោយ​មាន​ការ​បារម្ភ​បែបនេះ​ហើយ​បាន​ជា​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​កំណត់​គោលដៅ ចង់​ឲ្យ​អត្រា​អតិផរណា​ប្រចាំឆ្នាំ នៃ​តំបន់​ចាយលុយ​អឺរ៉ូ មាន​រហូត​ដល់​ទៅ​ជិត ២% ហើយ​ ក្រុមប្រឹក្សា​ភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប គ្រោង​នឹង​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​អាច​សម្រេច​បាន​តាម​គោលដៅ​នេះ។

លោក Mario Draghi អគ្គទេសាភិបាល​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ធ្លាប់​បាន​បង្ហើប​ឲ្យដឹង​ថា ធនាគារ​អាច​នឹង​សម្រេច​កាត់បន្ថយ​អត្រា​ការប្រាក់​​ឲ្យ​កាន់តែ​ទាប​ជាង​ពេល​បច្ចុប្បន្ន​នេះទៀត។ នៅ​ពេលនេះ អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​កាត់បន្ថយ​ដល់​កម្រិត​ទាបបំផុត​រួចទៅហើយ ពោលគឺ អត្រា​ការប្រាក់​កម្ចី មានត្រឹមតែ ០,២៥% ក្នុង​មួយឆ្នាំ ចំណែក​អត្រា​ការប្រាក់តម្កល់វិញ មាន ០% ពោលគឺ អ្នក​ដែល​យក​លុយ​ទៅ​តម្កល់​ទុក​នៅ​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​មិន​ទទួល​បាន​ការប្រាក់​ទាល់តែ​សោះ។

ប្រសិនបើ​ធនាគារ​កណ្តាល​អឺរ៉ុប​គ្រោង​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​នេះ​បន្ថែម​ទៀត មានន័យថា ត្រូវ​កំណត់​អត្រា​ការប្រាក់​តម្កល់​អវិជ្ជមាន ដែល​មានន័យថា អ្នក​ដែល​យក​លុយ​ទៅ​តម្កល់​នៅ​ធនាគារ​កណ្តាល​អឺរ៉ុប មិន​ត្រឹមតែ​មិន​ទទួល​បាន​ការប្រាក់​នោះទេ តែ​ថែម​ទាំងត្រូវ​បង់​ការប្រាក់​ទៅ​ឲ្យ​ធនាគារ​វិញ។

វិធានការ​មួយទៀត ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​កំពុងតែ​គិតពិចារណា​មើលដែរ គឺ​ការ​បង្កើន​ឥណទាន​ដល់​ធនាគារ​ឯកជន ក្នុង​អត្រា​ការប្រាក់​ទាប និង​ក្នុង​រយៈពេល​យូរ។

តាមរយៈ​វិធានការ​ទាំងនេះ ធនាគារ​កណ្តាល​អឺរ៉ុប​រំពឹង​ថា​នឹង​អាច​ជំរុញ​ឲ្យ​មាន​ចលនា​សាច់ប្រាក់​​កាន់តែ​ច្រើន​​នៅ​លើ​ទីផ្សារ បង្កើន​ការ​ទិញដូរ និង​ការ​វិនិយោគ នាំ​ឲ្យ​អត្រា​អតិផរណា​កើនឡើង ហើយ​អត្រា​កំណើន​សេដ្ឋកិច្ច​ក៏​អាច​កើនឡើង​តាម​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ