កម្ពុជា

សហ​ព្រះរាជ​អាជ្ញា​ជាតិ​ និង​អន្តរជាតិ​បន្ត​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​ជន​ជាប់​ចោទ​

ថ្ងៃ​សុក្រ​នេះ​ជា​ថ្ងៃ​ទី​២​សម្រាប់​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​ដេញដោល​សំណុំ​រឿង ០០២ វគ្គ​ទី​១ ។ លោកស្រី ជា លាង បាន​បន្ត​លើក​ឡើង​អំពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​របស់​ពួក​ខ្មែរក្រហម​ដែល​បង្ក​អំពើ​ឃោរឃៅ​កាប់​សម្លាប់​គ្មាន​រើស​មុខ​សូម្បីតែ​កុមារ។ ចំណែក​លោក វីលៀម ស្មីត សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ក៏​បាន​លើក​ឡើង​ពី​ការ​កាប់​សម្លាប់​ទាហាន លន់ នល់ ពី​សំណាក់​ពួក​ខ្មែរក្រហម​ដោយ​ចោទ ថា​ជា​ជន​ក្បត់។

អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម
អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម RFI
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយថ្ងៃ​សុក្រ​នេះ សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ប្តូរ​វេន​គ្នា​ឡើង​អាន​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​របស់ខ្លួន​សម្រាប់​សំណុំរឿង ០០២ វគ្គ​ទី១ ។ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ​បាន​ថ្លែងថា​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ក្នុង​របប​ខ្មែរក្រហម​នៅ​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស បានធ្វើ​ឡើង​ដោយ​អមនុស្សធម៌ និង​បាន​បង្ក​ឲ្យ​មានការ​ឈឺចាប់​ទាំង​ផ្លូវកាយ​និង​ទាំង​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដល់​ជនរងគ្រោះ។ ប្រជាជន​រាប់ពាន់នាក់​ក្នុងនោះ​ក៏មាន​កុមារ​ផងដែរ​បាន​ស្លាប់​ដោយ​អំពើ​ឃោរឃៅ។

បន្ត​ពី​សហការី​របស់ខ្លួន លោក វីលៀម ស្មី​ត សហ​ព្រះរាជអាជ្ញារង​អន្តរជាតិ​ក៏បាន បង្ហាញ​ពី​ទំហំ​នៃ​ការកាប់សម្លាប់​រង្គាល មិន​ត្រឹម​ត្រែ​ថ្នាក់ដឹកនាំ​នៃ​របប លន់ នល់ ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ការសម្លាប់​រង្គាល​ទៅលើ​កង​យោធា​នៃ​របប​សាធារណៈរដ្ឋ​ខ្មែរ​ដោយ​ពួក​ខ្មែរក្រហម​ផងដែរ។ ការកាប់សម្លាប់​នេះ​ធ្វើឡើង​តាមរយៈ​លោក នួន ជា ដោយ​ចាត់ទុក​កងទ័ព​ទាំងនោះ​ថា​ជា​ក្រុម​ក្បត់ជាតិ។

អង្គ​សវនាការ​ថ្ងៃនេះ​បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង៤រសៀល និង​បន្តធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។ សហ​ព្រះរាជអាជ្ញា​នៅមាន​ពេល​មួយថ្ងៃ​ចុងក្រោយ​របស់ខ្លួន​ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន និង​ទាមទារ​ការផ្តន្ទាទោស​ជ​ន​ជាប់ចោទ។ យោងតាម​អ្វីដែល​សហ​ព្រះរាជអាជ្ញា​បានលើកឡើង​រយៈពេល​ពី​រ​ថ្ងៃនេះ គេ​រំពឹងថា ពួកគេ​ច្បាស់​ជា​នឹង​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​ឲ្យ​ជាប់​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​កម្រិត​អតិបរមា​ជាមិនខាន។

សូមបញ្ជាក់ថា បន្ទាប់ពី​មរណភាព​របស់លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​និង​បន្ទាប់ពី​ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម ដោយសារ​ជំងឺ​បាត់​ការចងចាំ ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ នៅតែ​សល់​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ជនជាប់ចោទ​ទាំងពីរ​ចុងក្រោយ​នោះ​គឺ លោក នួន ជា បងធំ​ទី២ក្នុង​របប​ខ្មែរក្រហម និង​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។

ជនជាប់ចោទ​ទាំងពីរ​រួមទាំង​សហ​មេធាវី​ការពារ​ក្តី​របស់ខ្លួន​នឹង​ឡើង​តទល់​ជាមួយ​សហ​ព្រះរាជអាជ្ញា​នៅក្នុង​សវនាការ​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​ក្រោយនេះ។ សវនាការ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១តុលា។ រីឯ​សាលក្រម​នៃ​សំណុំរឿង០០២ វគ្គ​ទី១នេះ ត្រូវគេ​គ្រោង​នឹង​ប្រកាស​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI