កម្ពុជា

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​ការ​ថវិកា​ជិត​ ៦០លាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​២​ឆ្នាំ​ទៀត​

តាមការ​ប៉ាន់​ស្មាន ​ទឹក​ប្រាក់​ជិត ​៦០​លាន​ដុល្លា​អាមេរិក​ទៀត​ នឹង​ត្រូវ​ចំណាយ​ក្នុង​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ សម្រាប់​ឆ្នាំ​នេះ​និ​ង​ឆ្នាំ​ក្រោយ​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម ​ស្តីពី​ គម្រោង​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៦ ​និង​ ២០១៧​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ តាមរយៈ​សេចក្តីប្រកាស​នេះ ​សាលាក្តី​កូនកាត់​មួយ​នេះ ​ក៏​បាន​អំពាវ​នាវ​ផងដែរ​ ដល់​សហគមន៍​ម្ចាស់​ជំនួយ ​អោយ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចាំ​បា​ច់​ ដើម្បី​អោយ​សាលាក្តី​នេះ​អាច​អនុវត្ត​ផែនការ​របស់​ខ្លួន​បាន​ជា​បន្ត​ទៀត​។ ​

សាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម។ @Google
ផ្សាយពាណិជ្ជកម្ម

គម្រោង​ថវិកា​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក)​ សម្រាប់​ឆ្នាំ ​២០១៦​ និង​ឆ្នាំ​ ២០១៧ ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សំខាន់​ៗ​របស់​ អ.វ.ត.ក​ រួច​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ តាម​គម្រោង​ ថវិកា​ប្រមាណ​ជិត​ ៦០​លានដុល្លា​ នឹង​ត្រូវ​ចំណាយ​សម្រាប់​ដំណើរ​ការ​សាលាក្តី​រយៈពេល​២​ឆ្នាំ​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ថវិកា​ប្រមាណ ​៣២,៣ ​លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ ​២០១៦​ និង​ ថវិកា​ប្រមាណ ​២៦,៥​ លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ ​២០១៧​។ ថវិកា​ទាំង​នេះ​បាន​មក​ពី​ភាគី​ជាតិ​និង​ភាគី​អន្តរ​ជាតិ​។ ​

ទោះ​យ៉ាង​ណា ​ថវិកា​ទាំងនេះ​នៅ​មិន​ទាន់​មាន​គ្រប់​ក្នុង​ដៃ​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​លោក ​នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​។ លោក​នេត្រ ភក្ត្រា បន្តថា ​ថវិកា​ដែល​មាន​នៅ​ក្នុង​ដៃ ​អាច​អោយ​សាលាក្តី​មួយ​នេះ​ដំណើរ​ការ​បាន​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ​២០១៦ ​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​សាលាក្តី​នឹង​បន្តធ្វើកា​រ​គៀងគរ​ថវិកា​ពី​ប្រទេស​ម្ចាស់​ជំនួយ​ជា​បន្តទៀត​។ ​

លោក ​នេត្រ ភក្ត្រា ​មាន​សុទិដ្ឋិ​និយមថា ​ប្រទេស​ម្ចាស់​ជំនួយ​នឹ​ង​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​បន្ត​ទៀត​ ដើម្បី​អោយ​សាលាក្តី​នេះ​អាច​អនុវត្ត​ផែនការ​របស់​ខ្លួន​បាន​។ លោក​ថា​ ប្រទេស​ម្ចាស់​ជំនួយ​ជា​ប្រចាំ​របស់​សាលាក្តី​ខ្មែរ​ក្រហម​រួមមាន ​ប្រទេស​ជប៉ុន ​អូស្ត្រាលី ​អាល្លឺម៉ង់​ អង់​គ្លេស​ ស៊ុយអែដ ​ណរវ៉េស៍ ​អាមេរិក​ ជាដើម​។

សូម​បញ្ជាក់​ថា ការ​អនុម័ត​លើ​គម្រោង​ថវិកា​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ធ្វើ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង​ ហើយ​នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​រៀង​រាល់​ចុង​ឆ្នាំ​នីមួយ​។ សូមរំ​លឹក​ថា កាល​ពី​ឆ្នាំ ​២០១៤ ​និង ​ឆ្នាំ​២០១៥​ សាលាក្តីខ្មែរ​ក្រហម​បាន​ចំណាយ​ថវិការ​អស់​ជាង ​៦១​លាន​ដុល្លារ​អាមេរិក​ ។ ហើយ ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៦ ​រហូត​ដល់​ឆ្នាំ ​២០១៥ ​សាលាក្តី​កូន​កាត់​នេះ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ​២៧០​លាន​ដុល្លារ​អាមេរិក​។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI