អានតួអត្ថបទ
កម្ពុជា

សាលា​ក្តី​​​ខ្មែរ​​ក្រហម នៅ​​ឆ្នាំ​​២០១៥ ត្រូវ​ការ​ថវិកា ៣៣,៨ លាន​ដុល្លារ​

អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម។
អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម។ RFI
ដោយ៖ លី ម៉េងហួរ
1 នាទី

គម្រោងចំណាយ​ សម្រាប់​ឆ្នាំ​២០១៥ របស់សាលាក្តីខ្មែរក្រហម ដែលប្រទេសម្ចាស់ជំនួយ ទើបតែអនុម័តនោះ  ត្រូវបាន​កែសម្រួល ​ដោយ​បង្កើន​ចំនួន​ចំណាយ បើធៀបនឹងគម្រោង​លើកមុន​។ នោះគឺនៅឆ្នាំ២០១៥ សាលាក្តីខ្មែរក្រហម ត្រូវការថវិកា ៣៣,៨ លានដុល្លារ ដែលភាគីអន្តរជាតិ ចំនួន ២៧,១ លាន​ដុល្លារ​ និង​៦,៧ លាន​ដុល្លារ​ សម្រាប់​ភាគី​ជាតិ​។ ភាគីជាតិ នៅខ្វះ​ថវិកា ២,៦ លានដុល្លារទៀត សម្រាប់​ឆ្នាំ២០១៥។

ផ្សាយពាណិជ្ជកម្ម

គម្រោង​ថវិកា​កែសម្រួល​ថ្មី សម្រាប់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​ សរុបចំនួន ៦១,៦ លានដុល្លារ ត្រូវបានសាលាក្តីខ្មែរក្រហម ផ្សព្វផ្សាយ កាលពីថ្ងៃ​២១មេសា​។ នោះ​គឺ​ការចំណាយ​​សម្រាប់​ឆ្នាំ​២០១៥  ត្រូវបាន​កែសម្រួល​ដោយ​បង្កើន​ចំនួន​ចំណាយ​ទាំង​ភាគី​ជាតិ និងអន្តរជាតិ ចំណែក​ការចំណាយ​ក្នុង​ឆ្នាំ​២០១៤ គឺ​បន្ថយ​ចុះ​វិញ​ បើធៀបនឹងគម្រោង​​ កាលពីពេលមុន​។​

តាមសេចក្តីប្រកាស  គម្រោង​ថវិកា​កែសម្រួល សម្រាប់​ឆ្នាំ​២០១៥ នេះ សរុប​មាន​ចំនួន ៣៣,៨ លាន​ដុល្លារ​ ដែល​ក្នុងនោះ ២៧,១ លាន​ដុល្លារ​ សម្រាប់​ភាគី​អន្តរជាតិ និង​៦,៧ លាន​ដុល្លារ​ សម្រាប់​ភាគី​ជាតិ​។ ក្នុងសេចក្តីប្រកាស លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក ឃ្នុ​ត រ៉ូ​ហ្សិន​ហ​ក អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​អ​.​វ​.​ត​.​ក បាន​អំពាវនាវ​ដល់​សហ​គ​មន៍​ម្ចាស់ជំនួយ​ទាំងអស់ ផ្តល់​ជំនួយ​ជា​ចាំបាច់​ដល់​​អ​.​វ​.​ត​.​ក ដើម្បី​ធានា​ថា ដំណើរការ​នីតិវិធី​តុលាការ​ប្រព្រឹត្ត​ទៅ​មុខ​ដោយ​គ្មាន​ការរអាក់រអួល​។

ចំណែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានលើកឡើងថា គម្រោង​ថវិកាចំណាយសម្រាប់ ឆ្នាំ២០១៥ គឺមានតែតួលេខទេ តែសាច់ប្រាក់ គឺខាងភាគី​ជាតិ​កម្ពុជា ទើបតែទទួលបានថវិកាជំនួយពីរដ្ឋាភិបាលកម្ពុជា ចំនួន ៤,១ លានដុល្លារ ក្នុងនោះ ២,៥ លានដុល្លារ សម្រាប់​ប្រាក់ខែបុគ្គលិក សម្រាប់រយៈពេល ៦ ខែ និង ១,៦ លានដុល្លារទៀត សម្រាប់ចំណាយ​លើប្រតិបត្តិការទូទៅរបស់​សាលាក្តី។ ដូច្នេះ​ភាគីកម្ពុជា នៅខ្វះ​ថវិកា ២,៦​ លានដុល្លារ សម្រាប់​ឆ្នាំ២០១៥​។

ចាប់តាំងពី​បង្កើត កាលពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៤ សាលាក្តី​ចម្រុះ​កាត់ទោស​អតីត​​មេ​ខ្មែរក្រហម បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា   បាន​ចំណាយ​សរុប ចំនួន ២០៤,៥ លាន​ដុល្លារ​ ​ក្នុងនោះ ភាគី​អន្តរជាតិ ចំនួន ១៥៤,៩ លាន​ដុល្លារ និង​ភាគី​ជាតិ​ចំណាយ​ចំនួន ៤៩,៦ លាន​ដុល្លារ​។

រហូតដល់ពេលនេះ សាលាក្តីចម្រុះ ក្រៅពីបញ្ចប់សំណុំរឿង០០១ ដែលមានកាំងហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង សាលាក្តីចម្រុះ កំពុងដំណើរការ​កាត់ក្តីលើសំណុំរឿង០០២ វគ្គ ២ ដែលមានជនជាប់ចោទជាអតីតមេខ្មែរក្រហមចាស់ជរា នួនជា និងខៀវសំផន​។ ចំណែក​សំណុំរឿង០០៣ និង០០៤ ស្ថិតក្នុង​ដំណើរការស៊ើបអង្កេត ដែលធ្វើឡើងតែខាង​ភាគី​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ