អ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន ៖ បញ្ហាប្រឈមច្រើនទៀត នៅពីក្រោយការដោះដូរអ្នកទោស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយការដោះដូរអ្នកទោសរវាងអ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន ប្រមុខរដ្ឋបារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានថ្លែងអបអរសាទរហើយចាត់ទុកថា ជាជំហានដ៏វិមានក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។ ក៏ប៉ុន្តែបញ្ហាលំបាកនៅក្រោយការដោះដូរនេះ នៅមានច្រើនសន្ធឹកទឹកទៀត! នោះគឺកម្តៅសង្គ្រាមផ្តាច់ទឹកដីនៅតែមានចំហាយក្តៅគគុក!
តុល្យការចុងក្រោយ ការដោះដូរ«អ្នកទោសនយោបាយ» បានកើនឡើងចំនួនជាង២០០នាក់។ ដំណឹងនេះ បានទទួលការសាទរយ៉ាងច្រើនពីថ្នាក់ដឹកនាំប្រទេសបារាំង អាល្លឺម៉ង រុស្ស៊ី និងអ៊ុយក្រែនខ្លួនឯង។
ជាដំបូងគួរបញ្ជាក់ថា នៅពេលយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យ ទី២៩ធ្នូ គឺចំនួនអ្នកទោសនយោបាយ អ្នកទោសមនសិការ ឬនិយាយឱ្យធ្ងន់បន្តិច ក៏មានដែរ ចំណាប់ខ្មាំង ដែលត្រូវបានដោះលែង និងដោះដូរគ្នា គឺមានចំនួនកើនឡើង។ នៅផ្នែកខាង ប្រទេសអ៊ុយក្រែន ទទួលបានមនុស្សចំនួន ៧៦ នាក់។ ក្នុងនោះ ៦៤នាក់ ជាជនស៊ីវិល ហើយ១២នាក់ ជាទាហានស្នេហាជាតិអ៊ុយក្រែន។ ចំណែកខាង ក្រុមអ្នកផ្តាច់ខ្លួននិយមរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែនវិញ ទទួលបាន អ្នកទោស ដល់ទៅចំនួន១២៤ នាក់។ ក្នុងនោះ ភាគច្រើនគឺកម្លាំងទ័ពរុស្ស៊ី និងមានជនជាតិប្រេស៊ីលម្នាក់ផង ដែលជាទ័ពប្រយុទ្ធឱ្យក្រុមផ្តាច់ខ្លួននិយមរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារកាសែតក្នុងស្រុករុស្ស៊ី។
នៅក្រោយការដោះលែងអ្នកទោសនេះ ប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរ ហើយបានចាត់ទុកថា នេះជាជំហានមួយដ៏វិជ្ជមាន។ ប្រមុខរដ្ឋវ័យក្មេងអ៊ុយក្រែន Volodymyr Zelensky បានជិះយន្តទៅទទួលប្រជាជាតិខ្លួនត្រឡប់ចូលស្រុកវិញដោយផ្ទាល់នៅពេលយប់ និងបានប្រកាសថា «នេះជាការអស្ចារ្យណាស់ ហើយលោករំភើបចិត្តក្រៃ»។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអាល្លឺម៉ង លោកស្រី Anglela Merkel ហើយនិងលោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសរសេរថ្លែងការណ៍រួមគ្នាតែម្តង ថា ទង្វើនេះគឺសមស្របទៅតាមការផ្តាច់ចិត្តរបស់ថ្នាក់ដឹកនាំម៉ូស្គូនិងក្រុងគៀវ ដែលបានជួបជុំជជែកគ្នា នៅក្រុងប៉ារីស កាលពីថ្ងៃទី៩ធ្នូ កន្លងទៅ។ នេះជាផ្លែផ្កាលើកទី១ ដ៏ល្អ ដោយឱ្យតម្លៃទៅលើកិច្ចការមនុស្សធម៌ និងសន្តិភាព។ ជំហររបស់ប្រទេសបារាំងនិងអាម្លឺម៉ង់ ក៏សង្ឃឹមនិងក៏ជំរុញឱ្យបន្តការដោះដូរអ្នកទោសបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងជម្លោះនៅខាងកើតអ៊ុយក្រែន រហូតដល់អស់អ្នកជាប់ទោសនយោបាយតែម្តង។
ការដោះដូរអ្នកទោសលើកនេះ គឺត្រូវរងការរិះគន់យ៉ាងខ្លាំង ពិសេសគឺពីសំណាក់បណ្តាជនអ៊ុយក្រែនតែម្តង ដែលពួកគេយល់ថា គ្មានយុត្តិធម៌នោះឡើយ។ តើហេតុអ្វី ?
មិនយុត្តិធម៌ ព្រោះអ្នកទោសមិនស្មើគ្នាដែរ។ ពីម្ខាង អ៊ុយក្រែន ទទួលមនុស្សតែចំនួន ៧៦ នាក់។ ប៉ុន្តែ ក្រុមផ្តាច់ខ្លួនវិញ ទទួលបានដល់ទៅជាង១២០នាក់។
ដូច្នេះហើយ ទើបក្តីទោមនស្សខ្លះៗ ដែលបង្កជាការជជែកវែកញែកខ្លាំងនៅថ្ងៃច័ន្ទនេះ! ការមិនពេញចិត្តពីសំណាក់បណ្តាជនអ៊ុយក្រែនមួយចំនួនទៀត ក៏ព្រោះថា គេបានទទួលដំណឹងច្បាស់ការ ថាក្នុងចំណោមអ្នកទោសដែលអ៊ុយក្រែនដោះលែងនិងដោះដូរទៅនេះ មានពីបីនាក់ទៅប្រាំ គឺជានាយទាហានធំៗ របស់រុស្ស៊ី និងរបស់ក្រុមជ្រុលនិយមផ្តាច់ខ្លួន ដែលធ្លាប់បានបង្ក្រាបបាតុករស្លូតត្រង់អ៊ុយក្រែនដែលមិនចង់ផ្តាច់ទឹកដី និងបណ្តាលឱ្យស្លាប់មនុស្សរាប់រយនាក់ កាលពីឆ្នាំ២០១៤-២០១៥ កន្លងទៅ។ អ្នកដែលមិនសប្បាយចិត្តនឹងការដោះដូរនេះ គឺយល់ថា «មិនគួរដោះលែងពួកមនុស្សដែលមានបាតដៃប្រឡាក់ឈាមដូច្នេះទេ ព្រោះពួកនេះ ជាឧក្រិដ្ឋជន»។
បុរសអ៊ុយក្រែនម្នាក់ ដែលមានកូនប្រុសកំលោះ អាយុ១៩ បានស្លាប់ក្នុងការបង្ក្រាប គឺឪពុករូបនេះ បានសម្តែងមតិស្អប់ខ្ពើមចំពោះការចរចាដោះដូរនេះ។ លោកយល់ថា «ការដោះលែង មិនយុត្តិធម៌សោះឡើយ សម្រាប់ជនរងគ្រោះដែលរលត់ជីវិត។ ហើយការដោះដូរនេះ មិនអាចធ្វើឱ្យកូនប្រុសរបស់គាត់ ផ្លាស់ប្រែមករស់រានមានជីវិតវិញឡើយ។» ទោះយ៉ាងនេះ ក្តីលោកក៏គិតដល់អ្នកនៅរស់ជីវិតក្រោមការឃុំឃាំងដែរ ដោយថា ការឱ្យពួកគេរួចជីវិត មករួមរស់ជាមនុស្សធម្មតា ក៏ជាអាទិភាពមួយដែរ។
ជម្លោះនៅភាគខាងកើតអ៊ុយក្រែន នឹងទំនងជាមិនងាយនឹងដោះស្រាយចប់ភ្លាមៗទេ ព្រោះថា ការបោះឆ្នោតនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននេះ ជិតមកដល់ហើយ។ ព្រឹត្តិការណ៍នេះ នឹងបង្កជាភាពតានតឹងបន្តទៀតជាក់ជាមិនខាន។
ចំពោះគម្រោងការរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងតំបន់ ដែលកំពុងតែមានភាពចម្រូងចម្រាស់ផ្តាច់ទឹកដីនោះ! ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានលើកឡើងថា លោកចង់ឱ្យក្រុមផ្តាច់ខ្លួន ដកកម្លាំងចេញពីមន្ទីររដ្ឋបាលរបស់តំបន់ Donetsk និង Lougansk ជាមុនសិន មុននឹងរៀបចំការបោះឆ្នោត ទៅបាន។ បើមិនដូច្នេះ ឆ្នោតធ្វើម្តេចកើត បើមូលដ្ឋានត្រូវគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួននិយម ស្រេចទៅហើយនោះ។
បើតាមការស្ទង់មតិ ដែលផ្សាយដើមខែធ្នូនេះ គឺថាមានបណ្តាញជនអ៊ុយក្រែន ចំនួនជាង៦២ភាគរយ មិនចង់ឱ្យទឹកដីអ៊ុយក្រែនភាគខាងផ្តាច់ខ្លួនទេ ពួកគេចង់ឱ្យទឹកដីទាំងពីរនេះ បន្តសហរណកម្មរួមរស់ក្នុងដែនដីអ៊ុយក្រែនតទៀត។ ធ្វើដូច្នេះបាន គឺគួរតែធ្វើវិមជ្ឈការ សម្បទានបែងចែកអំណាចខ្លះ ទៅដល់មូលដ្ឋានថ្នាក់ក្រោម។ នេះបើតាមការសិក្សារបស់ មូលនិធិអ៊ុយក្រែនដើម្បីការផ្តួចផ្តើមប្រជាធិបតេយ្យ (Fondation ukrainienne Initiatives démocratique)។
ទោះយ៉ាងណាក៏ដោយ ក្នុងក្រសែភ្នែកនៃអ្នកវិភាគស្ថានការណ៍ ការដោះដូរអ្នកទោសក្នុងឱកាសនេះ ជាសញ្ញាណល្អ សម្រាប់ជម្លោះអ៊ុយក្រែន ដែលជាប់គាំង ប្រមាណជិត៥ឆ្នាំមកហើយ និងដែលបានផ្តាច់ជីវិតមនុស្ស ចំនួនជាង១ម៉ឺន៣ពាន់នាក់ តាំងពីការផ្ទុះជម្លោះទាស់ទែងគ្នា នៅឆ្នាំ២០១៤ មក។ វិបត្តិនេះ ត្រូវគេមើលឃើញថា បានធូរស្រាលបន្តិច ក្រោយការឡើងកាន់អំណាចរបស់ប្រធានធិបតីវ័យក្មេងអ៊ុយក្រែន Volodymyr Zelensky នៅខែមេសា ហើយលោកបានផ្តោះប្តូរអ្នកទោសម្តងហើយ ជាមួយរុស្ស៊ី នៅខែកញ្ញាកន្លងទៅនេះ ហើយនៅពេលម្សិលមិញនេះ ម្តងទៀត។ ដូច្នេះ គេសង្ឃឹមថា រុស្ស៊ីនិងអ៊ុយក្រែន អាចរកច្រកផ្លូវល្អ បង្កសន្តិភាពជាមួយគ្នា។ បើតាមការសន្យា ភាគីទាំងពីរ នឹងរកពេលជួបគ្នាជាថ្មី នៅក្រុងប៉ារីស នៅមុនខែមីនា ឆ្នាំ២០២០។
រឿងចរចានេះ ជាចំណោទខ្លាំងណាស់ដែរ ក្នុងផ្ទៃប្រទេសអ៊ុយក្រែន ពីព្រោះថា អ្នកជាតិនិយមអ៊ុយក្រែនខ្លះ បានរិះគន់ថា ប្រធានាធិបតីអ៊ុយក្រែន ជាមនុស្សក្បត់ជាតិ ដោយប្រុងកាត់ដីភាគខាងកើតរបស់ខ្លួន ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសន្តិភាព។ អ្នកជាតិនិយមជ្រុល ទាំងនោះ សង្កត់ធ្ងន់ថា «គេមិនអាចលក់ទឹកដីរបស់ខ្លួន ដើម្បីសន្តិភាព អ៊ីចឹងនោះទេ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ