លទ្ធផលប្រជាមតិនៅគ្រីមេ និងផលវិបាកខាងផ្នែកសេដ្ឋកិច្ចសម្រាប់រុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លទ្ធផលបណ្តោះអាសន្ននៃប្រជាមតិ កាលពីថ្ងៃអាទិត្យ បង្ហាញថា ប្រជាជនគ្រីមេរហូតដល់ទៅជិត ៩៧% បានបោះឆ្នោតគាំទ្រឲ្យតំបន់គ្រីមេផ្តាច់ខ្លួនពីអ៊ុយក្រែន ទៅភ្ជាប់ខ្លួនជាមួយរុស្ស៊ី។ នៅថ្ងៃចន្ទនេះ សភាគ្រីមេបានអនុម័តយកលុយរូបរបស់រុស្ស៊ីធ្វើជារូបិយប័ណ្ណផ្លូវការ។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ជុំវិញផលវិបាកនៃការភ្ជាប់ខ្លួនគ្រីមេទៅនឹងទឹកដីរុស្ស៊ី។
សំណួរ-តើយើងអាចនិយាយបានទេថា តំបន់គ្រីមេ នៅពេលនេះ គឺជាទឹកដីរបស់រុស្ស៊ី?
គិតរហូតមកទល់នឹងពេលនេះ គ្រីមេនៅមិនទាន់ក្លាយជាទឹកដីរបស់រុស្ស៊ីជាផ្លូវការ នៅឡើយទេ ដោយសារគេត្រូវនៅរង់ចាំការសម្រេចពីខាងរុស្ស៊ីសិនថា តើព្រមទទួលគ្រីមេឲ្យចូលជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ីដែរឬអត់?
នៅព្រឹកថ្ងៃចន្ទនេះ សភាតំបន់គ្រីមេទើបនឹងបានដាក់សំណើជាផ្លូវការ សុំភ្ជាប់ខ្លួនជាមួយនឹងរុស្ស៊ី ហើយសភារុស្ស៊ីនឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២១ មីនា ដើម្បីជជែកអំពីសំណើរបស់គ្រីមេ។ បើតាមអនុប្រធានសភារុស្ស៊ី ការបោះឆ្នោតអនុម័តលើសំណើភ្ជាប់ខ្លួនរបស់គ្រីមេ នឹងមិនត្រូវការពេលវេលាយូរទេ ហើយបើយើងមើលទៅលើជំហររបស់អ្នកនយោបាយរុស្ស៊ី ទាំងសមាជិកសភា ទាំងប្រធានាធិបតីពូទីន ការអនុម័តទទួលយកគ្រីមេជាផ្នែកមួយនៃទឹកដីរុស្ស៊ី ប្រហែលជាមិនមានបញ្ហាចោទទេ។
សំណួរ-តើអាចមានប្រទេសណាអាចទទួលស្គាល់ការភ្ជាប់គ្រីមេទៅទឹកដីរុស្ស៊ីនេះដែរឬទេ?
បើតាមមើលទៅ ក្រៅពីរុស្ស៊ី ប្រហែលជាមិនមានប្រទេសណាផ្សេងទៀត ដែលនឹងទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនថ្មីរបស់អ៊ុយក្រែន ដោយគ្មានតំបន់គ្រីមេនេះទេ។
ដូចជាយើងឃើញស្រាប់ហើយ កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេចមួយ បដិសេធការធ្វើប្រជាមតិនៅគ្រីមេ ហើយជំរុញឲ្យគ្រប់សមាជិកអ.ស.បទាំងអស់ កុំទទួលស្គាល់លទ្ធផលប្រជាមតិនេះ។ សេចក្តីសម្រេចនេះមិនអាចអនុម័តចេញរួច ដោយសារតែរុស្ស៊ីប្រើសិទ្ធិវ៉េតូ ក៏ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់ គឺត្រង់ថា ក្នុងចំណោមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ទាំង ១៥ប្រទេស គឺមានតែរុស្ស៊ីមួយគត់ ដែលបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ។ មានន័យថា មានតែរុស្ស៊ីទេ ដែលមើលឃើញថា ប្រជាមតិនៅគ្រីមេគឺជារឿងត្រឹមត្រូវតាមច្បាប់។
តាមពិតទៅ រុស្ស៊ីបានលើកយកគោលការណ៍មួយមកធ្វើជាមូលដ្ឋានផ្លូវច្បាប់ សម្រាប់ប្រជាមតិនៅគ្រីមេ គឺសិទ្ធិក្នុងការសម្រេចជោគវាសនាខ្លួនឯងរបស់ប្រជាជនណាមួយ ដែលជាគោលការណ៍ មានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ។ ក៏ប៉ុន្តែ ចំពោះប្រជាមតិនៅគ្រីមេ មានបញ្ហាចោទធំៗពីរ ដែលអាចនឹងធ្វើឲ្យប្រទេសផ្សេងទៀតពិបាកនឹងទទួលស្គាល់។
ទីមួយ ទាក់ទងនឹងភាពស្របច្បាប់នៃអ្នកដែលប្រកាសធ្វើប្រជាមតិ។ សភា និងរដ្ឋាភិបាលគ្រីមេបច្ចុប្បន្ននេះ មិនមែនជាសភា និងរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតទេ។ មែនទែនទៅ នាយករដ្ឋមន្រ្តីគ្រីមេបច្ចុប្បន្ននេះ ទទួលសំឡេងគាំទ្រមិនដល់ ៥%ផងទេ កាលពីពេលបោះឆ្នោត ប៉ុន្តែ បានឡើងមកកាន់អំណាច ក្រោយពីក្រុមទាហានស្និទ្ធនឹងរុស្ស៊ី នាំគ្នាឡោមព័ទ្ធអគារសភា ហើយបើកកិច្ចប្រជុំ ដែលមានតែសមាជិកសភាស្និទ្ធនឹងរុស្ស៊ីចូលរួម ហើយរៀបចំបោះឆ្នោតតែគ្នាឯង តែងតាំងរដ្ឋាភិបាលថ្មី ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញអ៊ុយក្រែន ហើយផ្ទុយនឹងលទ្ធផលបោះឆ្នោត នៅគ្រីមេខ្លួនឯង កាលពីមុន។
ដូច្នេះ ស្ថាប័នដែលប្រកាសរៀបចំប្រជាមតិ ជាស្ថាប័នមួយខ្វះភាពស្របច្បាប់ទៅហើយ ប្រជាមតិនេះក៏គេពិបាកនឹងទទួលស្គាល់ដែរ។ ណាមួយទៀត ប្រជាមតិនេះក៏មិនបានឆ្លងកាត់ការអនុម័តយល់ព្រមពីសភានៃរដ្ឋបាលកណ្តាល ស្របតាមរដ្ឋធម្មនុញ្ញអ៊ុយក្រែនទៅទៀត។
បញ្ហាចោទទីពីរ គឺទាក់ទងនឹងបរិយាកាសនៃការបោះឆ្នោតប្រជាមតិ។ នៅមុន និងក្នុងអំឡុងពេលបោះឆ្នោត គ្រីមេស្ថិតក្រោមការកាន់កាប់របស់ទាហានរុស្ស៊ីរួចទៅហើយ។ ការធ្វើប្រជាមតិ ក្រោមចុងកាណុងបែបនេះ វាប្រាកដជាមានបញ្ហាចោទផ្នែកផ្លូវច្បាប់ ដែលធ្វើឲ្យប្រទេសផ្សេងទៀតពិបាកនឹងទទួលស្គាល់។
សំណួរ-អាមេរិក និងអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃចន្ទនេះ។ តើទណ្ឌកម្មទាំងនេះនឹងត្រូវធ្វើក្នុងទ្រង់ទ្រាយបែបណា?
ទណ្ឌកម្មដែលអឺរ៉ុប និងអាមេរិកចង់ដាក់លើរុស្ស៊ី នៅក្នុងដំណាក់កាលនេះ គឺការហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់ ទាំងមន្រ្តីរុស្ស៊ី និងមន្រ្តីអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងវិបត្តិគ្រីមេ។ គេអាចនឹងដឹងច្បាស់ អំពីបញ្ជីឈ្មោះអ្នកដែលត្រូវជាប់ទណ្ឌកម្ម នៅក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នៅព្រុចស៊ែល នៅថ្ងៃចន្ទនេះ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអឺរ៉ុបក៏នឹងត្រូវសម្រេចគ្នាដែរថា តើគួរលុបចោលដែរឬក៏អត់ ជំនួបកំពូលសហភាពអឺរ៉ុប-រុស្ស៊ី ដែលគេគ្រោងធ្វើនៅក្នុងប្រទេសរុស្ស៊ី នៅខែមិថុនាខាងមុខនេះ។
ក៏ប៉ុន្តែ មកត្រឹមដំណាក់កាលនេះ នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប គេដូចជាមិនឃើញមានប្រទេសណានិយាយដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នៅឡើយទេ។
សំណួរ-ក្រៅពីទណ្ឌកម្មខាងលើនេះ តើការទទួលយកតំបន់គ្រីមេអាចនឹងបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអ្វីខ្លះ ដល់រុស្ស៊ី?
រហូតមកទល់នឹងពេលនេះ គេឃើញថា សេដ្ឋកិច្ចរបស់គ្រីមេពឹងផ្អែកយ៉ាងខ្លាំងលើអ៊ុយក្រែន៖ ថវិការបស់គ្រីមេ ប្រហែលជា ៧០% បានមកពីរដ្ឋាភិបាលកណ្តាលអ៊ុយក្រែន ហើយការផ្គត់ផ្គង់ទឹកស្អាត និងចំណីអាហារភាគច្រើនលើសលុប គឺបានមកពីអ៊ុយក្រែន។ ដូច្នេះ ការទទួលយកតំបន់គ្រីមេ អាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់មួយ សម្រាប់រុស្ស៊ី។
ផលវិបាកមួយទៀត ដែលកាន់តែធ្ងន់ធ្ងរជាងការរ៉ាប់រងបន្ទុកសេដ្ឋកិច្ចគ្រីមេ គឺភាពចលាចល នៅក្នុងទីផ្សារមូលបត្ររុស្ស៊ី។ ដូចយើងឃើញស្រាប់ហើយថា ចាប់តាំងពីផ្ទុះវិបត្តិគ្រីមេមក ទីផ្សារមូលបត្ររុស្ស៊ីចេះតែបន្ទធ្លាក់ចុះស្ទើរតែរៀងរាល់ថ្ងៃ ហើយមានថ្ងៃខ្លះ ធ្លាក់ចុះរហូតដល់ទៅជាង ១០%។ បើគិតជាទឹកលុយ ចាប់តាំងពីរុស្ស៊ីបញ្ជូនទាហានចូលទៅកាន់កាប់គ្រីមេមក ទីផ្សារមូលបត្ររុស្ស៊ីខាតបង់លុយយ៉ាងតិចបំផុតក៏ ៦០ពាន់លានដុល្លារដែរ។ បញ្ហា គឺនៅត្រង់ថា អ្នកវិនិយោគ គេនាំគ្នាបារម្ភខ្លាចទទួលរងផលប៉ះពាល់ ពីទណ្ឌកម្មពីលោកខាងលិចលើរុស្ស៊ី។ ដូច្នេះ កាលណាការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ី និងលោកខាងលិច នៅតែបន្តកើតមាន អស្ថិរភាពនៅក្នុងទីផ្សារមូលបត្ររុស្ស៊ីក៏នៅតែបន្តកើតមានដែរ ហើយរុស្ស៊ីអាចនឹងនៅបន្តខាតបង់លុយតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ