ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីរី​កំពុង​ដំាក្បាលចុះ​ដោយសារ​សង្រ្គាមស៊ីវិល

សំឡេង ០៥:០១
សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីរី​កំពុង​ដំាក្បាលចុះ​ដោយសារ​សង្រ្គាមស៊ីវិល
សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីរី​កំពុង​ដំាក្បាលចុះ​ដោយសារ​សង្រ្គាមស៊ីវិល REUTERS/Molhem Barakat

នៅ​ក្នុង​ប្រទេស​ស៊ីរី រដ្ឋាភិបាល​បាន​សម្តែង​ក្តីព្រួយបារម្ភ​កាន់​តែ​ខ្លំាង​ឡើងៗ​ចំពោះ​ផលវិបាក​សេដ្ឋកិច្ច​ដែល​បាន​កើត​ឡើង​ដោយសារ​សង្រ្គាមស៊ីវិល​តំាង​ពី ២ឆ្នំា​កន្លះ​កន្លង​ទៅ។ នៅ​ក្នុង​សង្កថា​ថ្លែង​នៅ​ក្នុង​រដ្ឋសភា លោក​នាយករដ្ឋមន្រ្តី​ស៊ីរី វ៉ាអែល អាល់ ហាល់គី​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ក្បាលម៉ាស៊ីនសេដ្ឋកិច្ច​កំពុង​ស្ថិត​នៅ​លើ​មាត់ជ្រោះ។ នៅ​ក្នុង​សង្កថា​នោះ​ដែរ និង​ជាលើកទី១ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ផ្តល់​តួលេខ​ដែល​បញ្ជាក់​ពី​ការ​ខាតបង់​ដោយសារ​សង្រ្គាមស៊ីវិល។

ផ្សាយពាណិជ្ជកម្ម

តំាង​ពី ២ឆ្នំា​កន្លះ​កន្លង​ទៅ​ហើយ ពោល​តំាង​ពី​ខែ​មីនា ឆ្នំា ២០១១ មក​ម្ល៉េះ ដែល​ប្រទេស​ស៊ីរី​បាន​ផ្តើម​ផុង​ខ្លួន​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា។ សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា​ដែល​បាន​សម្លាប់​មនុស្ស​រាប់សិបម៉ឺននាក់ ព្រម​ទំាង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​អស់​ជា​ច្រើន​ទៀត​ផង។ នៅ​ក្នុង​សង្រ្គាមស៊ីវិល​ជាង ២ឆ្នំា​កន្លះ​កន្លង​ទៅ ពិភពលោក​បាន​ដឹង បាន​ឮ និង​បាន​និយាយ​ច្រើន​អំពី​ដើមចម​នៃ​ការ​ផ្ទុះ​សង្រ្គាមស៊ីវិល ក៏​ដូច​ជា​ការ​វិវត្តន៍​ទៅ​នៃ​ស្ថានការណ៍​មក​ដល់​សព្វថ្ងៃ។ ក្រៅ​ពី​នោះ និង​តាម​រយៈ​មធ្យោបាយ​ឃោសនា​មហាជន​របស់​ក្រុម​អ្នកកាសែត​នៃ​ប្រទេស​លោកខាងលិច គេ​ធ្លាប់​បាន​ឃើញ​នូវ​រូបភាព​របស់​ប្រទេស​ស៊ីរី​ដែល​ខ្ទេចខ្ទី​ដោយសារ​ជម្លោះ​ផ្ទៃក្នុង។

រហូត​មក​ពេល​នេះ និង​ជា​លើកទីមួយ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ តាម​រយៈ​លោក​នាយករដ្ឋមន្រ្តី វ៉ាអែល អាល់ ហាល់គី​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ​ហើយ។ បើ​យោង​តាម​លោក​អាល់ ហាល់គី សង្រ្គាមស៊ីវិល​រយៈពេល ២ឆ្នំា​កន្លះ​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ១៦ ០០០លានដុល្លារ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបិយប័ណ្ណ​អន្តរជាតិ​ក៏​ចាប់​ផ្តើម​រលួស​បន្តិច​ម្តងៗ​ពី​ឃ្លំាស្តុក។

ដើម្បី​ប្រឈម​ទប់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ និង​ដើម្បី​ឲ្យ​សកម្មភាព​របស់​រដ្ឋ​មាន​ដំណើរ​ការ​ទៅ​មុខ​បាន រដ្ឋាភិបាល​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ដើរ​ខ្ចី​លុយ​ពី​អ្នកដទៃ​ទេ ពិសេស​ពី​ប្រទេស​ជា​មិត្ត​របស់​ស៊ីរី។ នៅ​ចំពោះ​មុខ និង​អាច​ថា ជា​ជម្រើស​មួយ​មិន​អាច​មើល​រំលង​បាន រដ្ឋាភិបាល​ស៊ីរី​អាច​ទៅ​ខ្ចី​ពី​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​ខ្លួន។

ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ក្នុង​ខែ​មីនា ឆ្នំា ២០១១ មក របប​ទីក្រុង​ដាម៉ាស​បាន​ប្រឈម​មុខ​នឹង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ខ្លំាង​ឡើងៗ។ នៅ​ម្ខាង គឺ​ទ័ណ្ឌកម្ម​អន្តរជាតិ រីឯ​នៅ​ម្ខាង​ទៀត គឺ​ការ​ធ្លាក់​ចុះ​នូវ​ផលិតកម្ម​ប្រេងឆៅ ព្រោះ​ថា ទីកន្លែង​ដែល​មាន​ប្រភពប្រេងឆៅ និង​កន្លែង​បូមប្រេងឆៅ​មួយ​ចំនួន​ធំ​កំពុង​ក្នុង​ដែនដី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមប្រឆំាង។ ក្រៅ​ពី​ការ​បាត់បង់​ចំណូល​បាន​មក​ពី​ការ​បូមប្រេង​លក់ រដ្ឋ​ក៏​បាន​បាត់បង់​ចំណូល​ផ្នែក​ទេសចរណ៍ និង​ផ្នែក​កសិកម្ម​ដែរ។ សង្រ្គាមស៊ីវិល​បាន​បង្ខំ​ឲ្យ​អ្នកទេសចរណ៍​ផ្អាក​ដំណើរ​កំសាន្ត​នៅ​ស៊ីរី រីឯ​វិស័យកសិកម្ម​ក៏​បាន​ជាប់គំាង​មួយ​កន្លែង។ រដ្ឋ​គ្មាន​លុយ​ចូល តែ​រដ្ឋ​ត្រូវ​ការ​ចំណាយ​ដើម្បី​ទប់ទល់​នឹង​ក្រុមប្រឆំាង។ យោង​តាម​ការសិក្សា​មួយ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ស៊ីរី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី ៣០% ទៅ ៤០% ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ។

តើ​វា​មិនមែន​ជា​រឿង​បន្ទាន់​ទេ​ឬ ដែល​គេ​ត្រូវ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ស៊ីរី​ដែល​កំពុង​ដុនដាប ?

វា​ពិត​ជា​រឿង​មួយ​ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ តែ​នៅ​ចំពោះ​មុខ និង​ក្រោម​ភ្នែក​របស់​សហគមន៍​អន្តរជាតិ អ្វី​ដែល​សំខាន់​ជាង​គេ និង​បន្ទាន់ គឺ​ការ​ជួយ​ទំនុកបម្រុង​ដល់​ប្រជាជន​ស៊ីរី​រាប់សិបលាននាក់ ទំាង​នៅ​ក្នុងស្រុក ក៏​ដូច​ជា​អ្នក​ដែល​បាន​រត់ភៀសខ្លួន​គេច​ពី​សង្រ្គាម​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ជិត​ខាង។ ថ្មីៗ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ចាត់វិធាន​ជួយ​សម្រួល​ឲ្យ​ក្រុមការងារ​មនុស្សធម៌​អន្តរជាតិ​អាច​យក​ជំនួយ​ទៅ​ជួយ​ដល់​ប្រជាជន​ស៊ីរី។ សូម​ជម្រាប​ជូន​ថា សព្វថ្ងៃ ក្បួនឡានដឹកជំនួយ​របស់​អន្តរជាតិ​ពិបាក​នឹង​នំា​យក​ជំនួយ​ទៅ​ដល់​ដៃ​ប្រជាជន​ស៊ីរី ដោយសារ​តែ​ត្រូវ​គោរព​អធិបតេយ្យ​របស់​ប្រទេស​មួយ​នេះ។ ម្យ៉ាង​ទៀត ការ​យក​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ដែល​រស់​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុមប្រឆំាង​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​ប្រទេស​ជិតខាង ដូច​យ៉ាង​ប្រទេស​តួកគី​ជា​ដើម។

ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី​យល់ព្រម​លើក​របំាងរារំាង​នេះ​ចេញ អង្គការ​សហប្រជាជាតិ​សង្ឃឹម​នឹង​អាច​យក​ជំនួយ​ទៅ​ជួយ​ដល់​ប្រជាជន​ស៊ីរី​ចំនួន ២លាននាក់​បន្ថែម​ទៀត​ដែល​កំពុង​ជាប់​គំាង​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ។ និយាយ​ពី​ចំនួន​ជនភៀសខ្លួន​ស៊ីរី​នៅ​ក្រៅ​ប្រទេស​វិញ គឺ​មាន​ជាង ២លាននាក់​ដែល​បាន​រត់​គេច​ពី​សង្រ្គាម នេះ​បើ​យោង​តាម​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ។

ក្រៅ​ពី​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ជួយ​សម្រួល​ដល់​ក្រុមការងារ​មនុស្សធម៌ ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ដែរ។ ជំនួយ​មនុស្សធម៌​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​ចំនួន ៣ ០០០លានដុល្លារ​បន្ថែម​ទៀត​ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​ប្រជាជន​ស៊ីរី​ក្នុង​ស្រុក​ផង និង​ប្រជាជន​ស៊ីរី​ដែល​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​ជិតខាង​ផង។

បច្ចុប្បន្ន​នេះ និង​បើ​យោងតាម​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ក្រៅ​ពី​ជនភៀសខ្លួន​ស៊ីរី​ជាង ២លាននាក់​ដែល​កំពុង​រស់នៅ​ជ្រកកោន​ក្នុង​ប្រទេស​ជិតខាង ក៏​នៅ​មាន​ប្រជាជន​ស៊ីរី​ជិត ៧លាននាក់​ផ្សេង​ទៀត​ក្នុង​ស្រុក​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ដែរ។ ស្បៀងអាហារ ទឹកស្អាត ជំរំសំពត់ និង​ថ្នំាពេទ្យ សុទ្ធសឹង​ជា​ជំនួយ​បន្ទាន់​ដែល​ប្រជាជន​ស៊ីរី​ត្រូវ​ការ មុន​នឹង​រដូវ​រងារ​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI