អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេហ្ស៊ីប៖ លោកខាងលិច​ទើសទាល់​នឹង​រឿង​កងទ័ព​ទម្លាក់​ប្រធានាធិបតី​ម៉រស៊ី

ទាហាន​អេហ្ស៊ីប អម​ដោយ​រថពាសដែក​ផង ត្រូវបាន​គេ​ដាក់ពង្រាយ នៅ​តាមដងផ្លូវ ក្នុង​ទីក្រុង​គែរ ថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០១៣
ទាហាន​អេហ្ស៊ីប អម​ដោយ​រថពាសដែក​ផង ត្រូវបាន​គេ​ដាក់ពង្រាយ នៅ​តាមដងផ្លូវ ក្នុង​ទីក្រុង​គែរ ថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០១៣ REUTERS/Louafi Larbi
ដោយ៖ សេង ឌីណា
២៣ នាទី

កាលពីយប់​ថ្ងៃ​ពុធ កងទ័ព​អេហ្ស៊ីប​បាន​ប្រកាស​ព្យួរដ្ឋធម្មនុញ្ញ ហើយ​ទម្លាក់​ប្រធានាធិបតី​មហាម៉េដ ម៉រស៊ី ពី​តំណែង ដោយ​រៀបចំ​ឲ្យ​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដឹកនាំ​ដោយ​ប្រធាន​តុលាការ​ធម្មនុញ្ញ។ ទង្វើរបស់​កងទ័ព​អេហ្ស៊ីបនេះ​ត្រូវបាន​​ក្រុម​អ្នក​គាំទ្រ​លោក​មហាម៉េដ ម៉រស៊ី​ ចាត់ទុក​ថា​ជា​រដ្ឋប្រហារ​យោធា ក៏ប៉ុន្តែ ក្រុម​ប្រឆាំងវិញ​​ថាវា​​មិនមែន​ជា​រដ្ឋប្រហារនោះទេ។ លោក​ខាងលិច​វិញ ក៏​ហាក់ដូចជា​បាន​នាំគ្នា​ព្យាយាម​ចៀសវាង​មិន​ប្រើ​ពាក្យ​ថា “រដ្ឋប្រហារ” ដែរ។

ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​អ្វី​ដែល​កងទ័ព​អេហ្ស៊ីប​ធ្វើ​នេះ​​ជា​រដ្ឋប្រហារ​ ឬ​មិនមែន​ជា​រដ្ឋប្រហារ?
 
ក្រុមប្រឆាំង​នឹង​លោក​មហាម៉េដ ម៉រស៊ី មិនចាត់ទុក​ទង្វើ​របស់​កងទ័ព​អេហ្ស៊ីប​ថា ជា​រដ្ឋប្រហារ ដោយ​លើកឡើង​នូវ​ហេតុផល​ធំៗ​ពីរ។

ទីមួយ គឺ​កងទ័ព​មិន​ច្បាម​យក​អំណាច​មក​គ្រប់គ្រង ក្រោយ​ពី​បណ្តេញ​លោក​ម៉រស៊ី​ចេញ​ពី​អំណាច។ អ្នក​ដែល​ត្រូវ​ឡើង​មក​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី ដឹកនាំ​អេហ្ស៊ីប ក្នុង​សម័យកាលអន្តរកាល គឺ​ប្រធានតុលាការ​ធម្មនុញ្ញ។

ទីពីរ កងទ័ព​ទម្លាក់​លោក​មហាម៉េដ ម៉រស៊ី ពី​អំណាច គឺ​ធ្វើ​ឡើង​ទៅតាម​ការ​ចង់​បាន​របស់​ប្រជាជន ដែល​បាន​ចេញ​ធ្វើ​បាតុកម្ម​រាប់លាននាក់ ទាមទារ​ឲ្យ​លោក​ម៉រស៊ី​ចុះចេញ​ពីតំណែង ហើយ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នេះ​គឺ​ជា​ការ​ប្រើអំណាច​ទ័ព​ ទម្លាក់​​រដ្ឋាភិបាល​ស្របច្បាប់។ លោក​មហាម៉េដ ម៉រស៊ី មិនមែន​ស្ម័គ្រចិត្ត​ចុះចេញ​ពី​តំណែង​ដោយខ្លួនឯងទេ។ កងទ័ព​អេហ្ស៊ីប​ជា​អ្នក​បង្ខំ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង រួចហើយ ចាប់​​ឃុំខ្លួន​លោក​ រួមជាមួយ​នឹង​មន្រ្តី​របស់​បក្ស​កាន់អំណាច​ផ្សេងទៀត។

ដូច្នេះ ចង់មិនចង់ វា​គឺ​ជា​រដ្ឋប្រហារយោធា។ រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល ដែល​ទទួល​បាន​ការគាំទ្រ​ដោយ​សំឡេង​ភាគច្រើន ក្នុងការ​បោះឆ្នោត​តាមបែបប្រជាធិបតេយ្យ។ ប្រហែល​ជា​​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ លោក​មហាម៉េដ ម៉រស៊ី ដឹកនាំ​ប្រទេស​មិន​បាន​ល្អ នាំ​ឲ្យ​បាត់បង់​ការគាំទ្រ ហើយ​សំឡេង​ភាគច្រើន​ចេញ​ពី​ហិបឆ្នោត ក្លាយ​ទៅជា​សំឡេងភាគតិច​​ ចាញ់​សំឡេង​ភាគច្រើន​នៅតាម​ដងផ្លូវ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងម៉េច​ក៏ដោយ ការប្រើ​កម្លាំងទ័ព​ទម្លាក់​រដ្ឋាភិបាល​ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត ហើយ​ដែល​មិនទាន់​ផុតអាណត្តិ គឺ​មិនអាច​និយាយ​ថា មិនមែន​ជា​រដ្ឋប្រហារ​យោធា​បានទេ។
 
សំណួរ-ក៏ប៉ុន្តែ ទោះជា​យ៉ាងណា យើងឃើញ​ថា ប្រទេស​លោកខាងលិច ដែល​​​តែងតែ​តាំងខ្លួន​ជា​អ្នក​ការពារ​ប្រជាធិបតេយ្យ បែរ​ជា​មិន​បាន​​រិះគន់ និង​មិនថ្កោលទោស​ទង្វើ​របស់​កងទ័ព​អេហ្ស៊ីប​ ហើយ​​សូម្បី​តែ​ពាក្យថា “រដ្ឋប្រហារ” ក៏​គេ​ដូចជា​មិនឃើញ​មាន​ប្រទេស​លោកខាងលិច​ណាមួយ​ប្រើ សំដៅលើ​ទង្វើ​របស់​កងទ័ព​អេហ្ស៊ីបនេះ។ តើ​មក​ពី​ហេតុអ្វី?
 
តាមការសង្កេតជាទូទៅ ប្រទេស​លោកខាងលិច​មានការ​ទើសទាល់​ខ្លាំង ជុំវិញ​រដ្ឋប្រហារ​​នៅ​អេហ្ស៊ីបនេះ។ លោក​មហាម៉េដ ម៉រស៊ី ជា​ប្រធានាធិបតី​ស្របច្បាប់ កើតចេញ​ពី​ការ​បោះឆ្នោត ហើយ​​តាមគោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ដែលគេ​​គួរ​តែ​នាំគ្នា​ថ្កោលទោស។

ក៏ប៉ុន្តែ ប្រទេស​លោកខាងលិច​ភាគច្រើន មិនសូវ​ជា​ចូលចិត្ត​ក្រុម​របស់​លោក​មហាម៉េដ ម៉រស៊ី ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ចង់​យក​ច្បាប់​ និង​ទំនៀមទម្លាប់​អ៊ីស្លាម​តឹងរ៉ឹង​បង្ខំ​ឲ្យ​ប្រជាជន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​អេហ្ស៊ីប។ ក្រុម​អ៊ីស្លាម​ជ្រុលនិយម ជាទូទៅ តែងតែ​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា និង​មិន​គោរព​សិទ្ធិមនុស្ស ជាពិសេស សិទ្ធិស្រ្តី។ ដូច្នេះ សម្រាប់​លោកខាងលិច រដ្ឋប្រហារ​ទម្លាក់​លោក​មហាម៉េដ ម៉រស៊ី គឺ​ជា​ការ​ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ ការ​ធ្លាក់​ពីតំណែង​របស់​ក្រុម​លោក​ម៉រស៊ី ក៏​មិនមែន​ជា​រឿង​អាក្រក់​​ដែរ។

ម្យ៉ាងទៀត ប្រទេស​លោកខាងលិច​មើលឃើញ​ថា នៅ​អេហ្ស៊ីប​ពេលនេះ ចលនា​ប្រឆាំង​នឹង​លោក​មហាម៉េដ ម៉រស៊ី មាន​ចំនួន​ច្រើន​លើសលុប បើ​ធៀបនឹង​ចលនា​គាំទ្រ ដែល​ចេះតែ​ថយចុះ។ ដូច្នេះ បើ​សិន​ជា​គេ​នាំគ្នា​ថ្កោលទោស​រដ្ឋប្រហារ​នៅ​អេហ្ស៊ីបនេះ គឺ​ប្រៀបដូច​ជា​ថ្កោលទោស​ការទាមទារ​របស់​ប្រជាជន​អេហ្ស៊ីប ដែល​មើល​ទៅ​មាន​ចំនួន​ភាគច្រើន។

បើនិយាយ​ពី​សហរដ្ឋ​អាមេរិកវិញ យើងឃើញ​ថា រដ្ឋាភិបាល​អាមេរិក​ខិតខំ​ចៀសវាង​មិន​ប្រើ​ពាក្យ​ថា “រដ្ឋប្រហារ” នៅ​អេហ្ស៊ីបនេះ ពីព្រោះ​ថា អេហ្ស៊ីប ជាពិសេស កងទ័ព​អេហ្ស៊ីប គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​របស់​អាមេរិក ហើយ​ជា​តួអង្គ​ដ៏​សំខាន់​បំផុត សម្រាប់​ស្ថិរភាព នៅ​តំបន់​ដើមបូព៌ា។ ក្នុងមួយឆ្នាំៗ អាមេរិក​ផ្តល់​ជំនួយ​រហូតដល់​ទៅ​ជាង ១ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​អេហ្ស៊ីប ជាពិសេស ជំនួយ​ទៅ​ឲ្យ​កងទ័ព​អេហ្ស៊ីប។ នៅ​អាមេរិក មាន​ច្បាប់​ដែល​បាន​កំណត់​ច្បាស់​ ដោយ​ហាមឃាត់​មិន​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​ណា ដែល​រដ្ឋាភិបាល​ស្របច្បាប់​ ត្រូវ​បាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា។

ដូច្នេះ បើ​សិន​ជា​រដ្ឋាភិបាល​អាមេរិក​ចាត់ទុក​ទង្វើ​របស់​កងទ័ព​អេហ្ស៊ីប​ថា​ជា​រដ្ឋប្រហារ ជំនួយ​ទាំងប៉ុន្មាន ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប ចាំបាច់​ត្រូវ​តែ​ផ្អាក។

ដូច្នេះ​ហើយ​បាន​ជា​​ប្រទេស​លោកខាងលិច ទាំង​នៅ​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក នាំគ្នា​មិន​ថ្កោលទោស​កងទ័ព​អេហ្ស៊ីប មិន​ប្រើពាក្យ​”"រដ្ឋប្រហារ” ហើយ​បាន​​ត្រឹមតែ​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ពី​ស្ថានភាព​នៅ​អេហ្ស៊ីប ទាមទារ​ឲ្យ​ភាគី​ទាំងសងខាង​អត់ធ្មត់​កុំ​ប្រើ​អំពើ​ហិង្សា និង​ទាមទារ​ឲ្យ​មាន​ការ​​រៀបចំ​បោះឆ្នោត​ឲ្យ​បាន​ឆាប់ៗ ដើម្បី​វិលត្រឡប់​ទៅ​គន្លង​ប្រជាធិបតេយ្យ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ