អេហ្ស៊ីបបើកការជំនុំជម្រះសកម្មជនប្រជាធិបតេយ្យជាតិអាមេរិក១៩នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សកម្មជនអង្គការក្រៅរដ្ឋាភិបាលចំនួន ៤៣នាក់ ក្នុងនោះ ក៏មានជនជាតិអាមេរិកចំនួន ១៩នាក់ផងដែរ ត្រូវតុលាការអេហ្ស៊ីបបើកសវនាការជំនុំជម្រះ នៅថ្ងៃអាទិត្យនេះ។ រឿងក្តីក្តាំនេះកំពុងតែធ្វើឲ្យសម្ព័ន្ធភាពអាមេរិក-អេហ្ស៊ីបត្រូវរង្គោះរង្គើ។ អាមេរិកបានគំរាមថានឹងផ្តាច់ជំនួយទាំងអស់ទៅឲ្យអេហ្ស៊ីប ប្រសិនបើអេហ្ស៊ីបនៅបន្តដំណើរការកាត់ទោសនេះ។
ជនជាតិអាមេរិកទាំង ១៩នាក់ ជាប់ចោទពីបទល្មើសពីរ គឺការធ្វើសកម្មភាពអង្គការក្រៅរដ្ឋាភិបាលដោយគ្មានច្បាប់អនុញ្ញាត និងការទទួលលុយពីបរទេស។ បទល្មើសនីមួយៗអាចត្រូវផ្តន្ទាទោសដាក់ពន្ធាគាររយៈពេល ៦ឆ្នាំ។
ក្នុងចំណោមជនជាប់ចោទទាំង ១៩នាក់នេះ មានខ្លះមិនស្ថិតនៅក្នុងប្រទេសអេហ្ស៊ីបទេ នៅពេលនេះ។ ឯអ្នកដែលកំពុងស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប បានរត់ទៅជ្រកនៅក្នុងស្ថានទូតអាមេរិក ដើម្បីគេចពីការចាប់ខ្លួន។
ជនជាប់ចោទទាំងនេះ គឺជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលដ៏មានឥទ្ធិពលក្នុងសភាអាមេរិក គឺវិទ្យាស្ថាន IRI របស់គណបក្សសាធារណរដ្ឋ និងវិទ្យាស្ថាន NDI របស់គណបក្សប្រជាធិបតេយ្យ។ ជនជាប់ចោទម្នាក់ គឺជាកូនប្រុសរបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាមេរិក។
សហរដ្ឋអាមេរិកបានចាត់ទុកការកាត់ទោសសកម្មជនប្រជាធិបតេយ្យនេះថាធ្វើឡើងក្នុងគោលដៅនយោបាយ ហើយព្រមានថានឹងកាត់ផ្តាច់ជំនួយទាំងអស់ទៅឲ្យអេហ្ស៊ីប។ គួរបញ្ជាក់ថា អេហ្ស៊ីប និងអាមេរិក គឺជាសម្ព័ន្ធមិត្តនឹងគ្នាអស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ។ ក្នុងមួយឆ្នាំៗ អាមេរិកផ្តល់ជំនួយជាង ១ពាន់ ៥រយលានដុល្លារ ទៅឲ្យអេហ្ស៊ីប ភាគច្រើនគឺជាជំនួយផ្នែកយោធា។
ការកាត់ទោសសកម្មជនប្រជាធិបតេយ្យអាមេរិកនៅពេលនេះ មិនត្រឹមតែអាចធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពអាមេរិក-អេហ្ស៊ីបប៉ុណ្ណោះទេ។ វាអាចនឹងធ្វើឲ្យប៉ះពាល់ផងដែរទៅដល់សន្ធិសញ្ញាសន្តិភាពរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ដែលជាគ្រឹះដ៏សំខាន់មួយ នៃស្ថិរភាពនៅដើមបូព៌ា។
ហេតុដូច្នេះហើយបានជា កាលពីថ្ងៃសៅរ៍ ម្សិលមិញ មន្រ្តីការទូតអាមេរិកបានខ្នះខ្នែង ដុតដៃដុតជើង រកវិធីដោះស្រាយបញ្ចប់រឿងរ៉ាវក្តីក្តាំនេះ ដើម្បីចៀសវាងកុំឲ្យវាក្លាយទៅជាវិបត្តិការទូត។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះគេហាក់ដូចជាមិនឃើញមានដំណោះស្រាយអ្វីនៅឡើយទេ។ ក្រុមប្រឹក្សាកងទ័ពអេហ្ស៊ីប ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន បានលើកឡើងថា គេមិនអាចលូកដៃចូលធ្វើអន្តរាគមន៍ក្នុងកិច្ចការតុលាការបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ