អេហ្ស៊ីប៖ ទេសចរវៀតណាម ៣នាក់ស្លាប់ ដោយសារផ្ទុះគ្រាប់បែក នៅជិត ពីរ៉ាមីត
នៅអេហ្ស៊ីប យ៉ាងហោចភ្ញៀវទេសចរវៀតណាម ៣នាក់ និងមគ្គុទេសក៏ទេសចរអេហ្ស៊ីបម្នាក់ បានបាត់បង់ជីវិត នៅក្នុងការបំផ្ទុះគ្រាប់ឆ្នៃមួយ នៅជិតរមណីយដ្ឋានពីរ៉ាមីត កាលពីថ្ងៃសុក្រទី២៨ធ្នូ។ នៅថ្ងៃសៅរ៍ ទី២៩ធ្នូនេះ នរគបាលអេហ្ស៊ីប បានបើកប្រតិបត្តិការវាយប្រហារកម្ចាត់ភេរវជន និងបានបាញ់សម្លាប់ជនជីហាត អស់៤០នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការធ្វើប្រតិបត្តិការរបស់ប៉ូលីសអេហ្ស៊ីប គឺធ្វើឡើងនៅពីរកន្លែងផ្សេងៗគ្នា។ ក្នុងការបើកប្រតិបត្តិការ ទីមួយគឺនៅជិតរមណីយដ្ឋានពីរ៉ាមីត នៅនីរតីរបស់រដ្ឋធានី ដែលនគរបាលបានសម្លាប់ជនសង្ស័យថាជាខ្សែបណ្តាញរបស់ជីហាត អស់ចំនួន៣០នាក់។ ហើយមនុស្សស្លាប់១០នាក់ទៀត គឺនៅក្នុងប្រតិបត្តិការប្រឆាំងអង្គការរដ្ឋអ៊ីស្លាមជីហាត់ នៅក្នុងតំបន់ស៊ីណៃ ភាគខាងកើតប្រទេស។ បើតាមអាជ្ញាធរអេហ្ស៊ីប ជនសង្ស័យដែលត្រូវប៉ូលីសបាញ់សម្លាប់នៅប្រតិបត្តិការទី១ គឺពួកគេមានគម្រោងរៀបចំភេរវកម្មនៅតំបន់ទេសចរណ៍ផ្សេងទៀត។
ការធ្វើប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងអេហ្ស៊ីប នៅថ្ងៃសៅរ៍ទី២៩ធ្នូនេះ គឺទំនងជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកនៅរមណីយដ្ឋានពីរ៉ាមីត កាលពីថ្ងៃសុក្រទី២៨ធ្នូ។ សូមជ្រាបថា នៅថ្ងៃសុក្រទី២៨ធ្នូ គ្រាប់បែកឆ្នៃមួយ បានបំផ្ទុះឡានដឹកភ្ញៀវទេសចរ ចំនួន១៤នាក់ ដែលបណ្តាលឲ្យស្លាប់ទេសចរវៀតណាម៣នាក់ និងអ្នកនាំភ្ញៀវជាតិអេហ្ស៊ីបម្នាក់ ហើយមនុស្សជិត១០ផ្សេងទៀតរងរបួស។ ហេតុការណ៍បំផ្ទុះគ្រាប់បែកជិតរមណីយដ្ឋានប្រវត្តិសាស្ត្រពិភពលោកនេះ គឺនៅមិនទាន់មានក្រុមភេរវជនណាចេញមុខអះអាងថាជាស្នាដៃរបស់ខ្លួននៅឡើយទេ។
ក៏ប៉ុន្តែ ការវាយប្រហារភេរវកម្មទៅលើតំបន់ទេសចរណ៍ នៅអេហ្ស៊ីប នាប៉ុន្មានឆ្នាំ ចុងក្រោយនេះ គឺជាក្តីបារម្ភដ៏ខ្លាំងមួយរបស់អាជ្ញាធរនិងភ្ញៀវទេសចរណ៍ជាទូទៅ។ អត្រាចំនួនភ្ញៀវទេសចរដែលទៅទស្សនាអេហ្ស៊ីប បានដាំក្បាលចុះជាបន្តបន្ទាប់ តាំងតែពីឆ្នាំ២០១១មក។ ជាឧទាហរណ៍ នៅឆ្នាំ២០១០ មានភ្ញៀវជាង១៤លាន៧សែននាក់ តែធ្លាក់មកត្រឹមជាង៨លាននាក់ នៅឆ្នាំ២០១៧ ឆ្នាំមុន។
រដ្ឋមន្ត្រីទេសចរអេហ្ស៊ីប ក្រៅពីសម្តែងក្តីសោកស្តាយចំពោះអ្នកបាត់បង់ជីវិត លោកបានថ្លែងថា គ្មានប្រទេសណាមួយ អាចរក្សាធានាសុវត្ថិភាព បាន១០០ភាគរយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ