អេហ្ស៊ីព្ទ

បុរស​អេហ្ស៊ីព្ទ​រៀបការ​ជាមួយ​ស្ត្រី​អ៊ីស្រាអែល​នឹង​ត្រូវ​បាត់បង់​សញ្ជាតិ​ខ្លួន

បុរស​អេហ្ស៊ីព្ទ​រាប់​ពាន់​នាក់​មានប្រពន្ធ​ជាជនជាតិ​អ៊ីស្រាអែល
បុរស​អេហ្ស៊ីព្ទ​រាប់​ពាន់​នាក់​មានប្រពន្ធ​ជាជនជាតិ​អ៊ីស្រាអែល ©AFP/Jonathan Nackstrand

សាលា​រដ្ឋបាល​ជាន់​ខ្ពស់​ នៅ​ទី​ក្រុង​គែរ​បាន​បញ្ជាក់​អះអាង​ នៅ​ថ្ងៃ​សៅរ៍​៥មិថុនា​ម្សិលមិញ​ ការវិនិច្ឆ័យ​របស់​តុលាការ​រដ្ឋបាល​ដែល​បង្អត់​សញ្ជាតិ​អេហ្ស៊ីប​ រាល់​ពលរដ្ឋ​ណា​ដែល​បាន​រៀប​ការ​ជាមួយ​ស្ត្រី​អ៊ីស្រាអែល​។ គេ​ពុំ​ត្រូវ​ អនុញ្ញាត​ឱ្យ​កើត​មាន​ស្រករ-ជន​ “​ ដែល​ពុំ​ស្មោះ​ត្រង់​ចំពោះ​ប្រទេស​អេហ្ស៊ីប​និង​ពិភព​អារ៉ាប​ឡើយ​ “​ ​ -​នេះ​ជា​យោបល់​របស់​មេធាវី​ដែល​បាន​ប្តឹង​ទៅ​តុលាការ។ជា​សេចក្តី​សំរេច​ ចិត្ត​មួយ​ធ្វើ​ នៅ​ចំ​ពេល​ដែល​រដ្ឋ​អ៊ីស្រាអែល​កំពុង​មាន​អប្រជាប្រិយភាព​ខ្លាំង​ណាស់។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

គឺ​នៅ​ខែ​មករា​២០០៩​ដែល​មេធាវី​អ៊ីស្លាមនិយម​ជ្រុល​ Nabil​ al-Wahch​ បាន​ប្តឹង​ទៅ​តុលាការ​រដ្ឋបាល។គាត់​បាន​ទាម​ទារ​ឱ្យ​អនុវត្ត​ជា​ទូ​ទៅ​ក្រិត្យ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បង្អត់​សញ្ជាតិ​ខ្លួន​ បុរស​អេហ្ស៊ីប​ណា​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​អ៊ីស្រាអែល​។លោក​Al-Wahch​ សំអាង​ពាក្យ​បណ្តឹង​ខ្លួន​ទៅ​លើ​មាត្រា​ទី២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា​ ​ ច្បាប់​charia​ អ៊ីស្លាម​គឺ​ “​ ជា​ប្រភព​ធំ​នៃ​ច្បាប់​ទាំង​ឡាយ​ “​ ហើយ​តាម​យោបល់​គាត់​ស្តី​ពី​ “​ គ្រោះថ្នាក់​នៃ​អង្គភាព​អ៊ីស្រាអែល​ សំរាប់​សន្តិសុខ​ជាតិ​ “​ អេហ្ស៊ីប។

ស្រប​តាម​លេខ​ស្ថិតិ​ ​ ​ មាន​បុរស​អេហ្ស៊ីប​ចំនួន​៥០០០នាក់​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​អ៊ីស្រាអែល។សឹង​តែ​គ្រប់​ករណី​នៃ​ជន​ជាតិ​អេហ្ស៊ីប​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​រក​ការងារ​ធ្វើ​និង​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​អ៊ីស្លាម​អារ៉ាប​អ៊ីស្រាអែល​ ដើម្បី​បាន​ទទួល​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់​អាស្រ័យ​នៅ​ឬ​ក៏​ដើម្បី​គ្រាន់​តែ​កសាង​គ្រួសារ។​

ជនជាតិ​អេហ្ស៊ីប​ទាំង​នេះ​ ​ នៅ​ឱកាស​ប្រកាស​សាល​ក្រម​កាត់​ទោស​របស់​តុលាការ​រដ្ឋបាល​ បាន​គំរាម​ថា​នឹង​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ហើយ​នឹង​ប្តឹង​ចោទ​ប្រកាន់​ប្រទេស​អេហ្ស៊ីប​ ទៅ​ស្ថាប័ន​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស​។សូម​រំលឹក​ថា​ ប្រទេស​អេហ្ស៊ីប​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ចាប់​ពី​ឆ្នាំ​១៩៧៩​ ​ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ នៅ​តែ​តាន​តឹង​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI