ទិវាបោះឆ្នោតវគ្គទី១ដ៏តានតឹង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបោះឆ្នោតវគ្គទី១ជ្រើសរើសប្រធានាធិបតី សមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ២៨វិច្ឆិកានេះ នៅប្រទេសហាអ៊ីទីនៃទ្វីបអាមេរិកកណ្តាល។រយៈពេលជាង១០ខែបានកន្លងផុតទៅ បន្ទាប់ពីមានគ្រោះរញ្ជួយដី និងសព្វថ្ងៃ ប្រកបដោយគ្រោះអាសន្នរោគរាតត្បាតពេញផ្ទៃប្រទេស ការបោះឆ្នោតពុំធ្លាប់ដែលប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ពិបាកអ្វីម៉្លេះទេ!
សេចក្តីរាយការណ៍របស់Amélie BARON, ពីPort-au-Princeប្រែសម្រួលដោយវីនស្តុនរតនា
មានបេក្ខជន១៨រូបប្រាថ្នាចង់បន្តតំណែងពីលោកប្រធានាធិបតីផុតអាណត្តិ René Préval។ ក្នុងចំណោមបេក្ខជនទាំងនេះ ឈ្មោះបីលេចធ្លោជាងគេ ផែនការបីខុសគ្នាសំរាប់អនាគតនៃប្រទេសហាអ៊ីទី ជាបឋម វិស័យអប់រំ។
សំរាប់អ្នកស្រី Mirlande Manigat ប្រទេសជាតិត្រូវខំប្រឹងបណ្តុះបណ្តាលអប់រំយុវជនរបស់ខ្លួន។ ស្ត្រីបណ្ឌិតសាស្ត្រាចារ្យសកលវិទ្យាល័យអាយុ៧០ឆ្នាំនេះត្រូវសាធារណជនស្គាល់ច្បាស់ណាស់។ ជាអតីតលោកជំទាវទី១ នៅឆ្នាំ១៩៨៨ ក្រោមរបបលោកប្រធានាធិបតី Leslie Manigatជាស្វាមីរបស់គាត់ អ្នកស្រីជាអនុនាយិកានៃសកលវិទ្យាល័យKiskayaនៅទីក្រុងPort-au-Prince។
សំរាប់បេក្ខជនMichel Martelly ពាក្យសំគាល់គ្នាមានលក្ខណៈសាមញ្ញណាស់គឺគេត្រូវតែផ្លាស់ប្តូរសភាពការណ៍សព្វថ្ងៃ។បេក្ខភាពរបស់គាត់ធ្វើឱគេភ្ញាក់ផ្អើល ពីព្រោះរហូតមកទល់ពេលនេះ បុគ្គលអាយុ៤៩ឆ្នាំនេះល្បីឈ្មោះដោយសារតែបទចម្រៀងរបស់ខ្លួន ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃទៀត គាត់ចេះបង្ហាញឱឃើញថា គាត់មានកម្មវិធីមួយសំរាប់ប្រទេសជាតិ។ ទោះបីជាគាត់ជាមនុស្សថ្មីក្នុងវិស័យនយោបាយក្តី គាត់ត្រូវចិត្តពួកអ្នកដែលជិនណាយនឹងពួកអ្នកដឹកនាំជាប្រពៃណីទៅហើយ។
ហើយក្នុងចំណោមបេក្ខជនអាចមានភ័ព្វច្រើននឹងឈ្នះឆ្នោតគឺបេក្ខជននៃគណបក្សកាន់រដ្ឋអំណាចលោកJude Célestin អាយុ៤៨ឆ្នាំ។ គេឃើញរូបភាពរបស់គាត់ នៅគ្រប់ទីកន្លែង ក្នុងប្រទេស។ ប័ណ្ណប្រកាសរាប់ម៉ឺនសន្លឹក ប្រកបដោយរូបសញ្ញាគណបក្ស Unité( ឯកភាព)ត្រូវគេបិទនៅនឹងជញ្ជាំងនានា។ លោកJude Célestin ជាបេក្ខជនដែលបានចាយវាយប្រាក់ច្រើនជាងគេ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ ប្រសិនបើឥស្សរជនបីរូបនេះលេចធ្លោត្រដែតជាងបេក្ខជនដទៃទៀតមែន ប៉ុន្តែ ទំនងជាគ្មានបេក្ខជនណាម្នាក់ក្នុងចំណោមអ្នកទាំងបីនេះអាចនឹងឈ្នះឆ្នោតចាប់តាំងពីវគ្គទីមួយនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ