ការបោះឆ្នោតដែលអាចធ្វើឲ្យនយោបាយផ្លាស់ប្តូរក្នុងប្រទេសផ្តាច់ការសិង្ហបុរី
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសៅរ៍ ទី ៧ ឧសភា ប្រជាជនសិង្ហបុរី ជាង ២លាននាក់ត្រូវចូលទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តចំនួន ៨២ ក្នុងចំណោមអ្នកតំណាងរាស្រ្តសរុប ៨៧រូបរបស់សភា ដែលមានអំណាចតែមួយគត់ក្នុងប្រទេស។ ក្នុងរយៈពេល ១០ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត នេះជាលើកទីមួយ ដែលគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំងទាំង៦ អាចឃោសនា ប្រកួតប្រជែងគ្នាខ្លាំង និងមិនទទួលរងការបិទសេរីភាពបញ្ចេញមតិ។ ខុសពីការបោះឆ្នោតមុនៗ គណបក្សប្រឆាំងបានប្រើប្រព័ន្ធFacebook និងTwitter ដើម្បីទាក់ទាញប្រជាជនសិង្ហបុរី និងបានរិះគន់យ៉ាងចាស់ដៃដល់ គណបក្សសកម្មភាពប្រជាជន (People’s Action Parti) ដែលកាន់អំណាចតែឯង តាំងតែពី៥២ឆ្នាំមក។
“វាមិនមែនជាការបោះឆ្នោតធម្មតាទេ។ ការបោះឆ្នោតលើកនេះ នឹងអាចផ្លាស់ប្តូរចរិតលក្ខណៈ និងខ្លឹមសារនយោបាយនៅសិង្ហបុរី”។ ការថ្លែងបែបនេះរបស់បេក្ខជនគណបក្សពលករ ដែលជាគណបក្សប្រឆាំង បានទាក់ទាញអ្នកស្តាប់ច្រើន នៅក្នុងការប្រជុំចុងក្រោយ នៅមុនការរៀបចំបោះឆ្នោត ដែលប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍នេះ។
នៅក្នុងអាកាសធាតុក្តៅហួតហែង មនុស្សជាង៣ម៉ឺននាក់បានប្រជ្រៀតគ្នា នៅក្នុងពហុកីឡាឋាន ដើម្បីឈរស្តាប់កម្មវិធីឃោសនារបស់គណបក្សពលករ ដែលជាគណបក្សប្រឆាំង។ ព្រឹត្តិការណ៍បែបនេះ ដែលកម្រនឹងកើតមាន នៅក្នុងប្រវត្តិបោះឆ្នោត នៅសិង្ហបុរី អាចនឹងធ្វើឲ្យប៉ះពាល់ដល់ គណបក្សសកម្មភាពប្រជាជន PAP ដែលកាន់អំណាច តែម្នាក់ឯង នៅសិង្ហបុរី ចាប់តាំងពីប្រទេសនេះរួចពីនឹមអាណានិគមនិយមអង់គ្លេស។
គណបក្សPAPជាក្បាលម៉ាស៊ីនរបស់Lee Kuan Yew ដែលជាស្ថាបនិក ប្រទេសសិង្ហបុរី ដំបូងគេ។ គណបក្សនេះមិនជឿថា ទ្រឹស្តីប្រជាធិបតេយ្យនឹងអាចជួយកសាងប្រទេសបានទេ។ ផ្ទុយទៅវិញ សិង្ហបុរី នៅពេលនេះ មានមោទនភាពខ្លាំង ព្រោះ ដោយចេញពីបាតដៃទទេ គេបានបង្កើតប្រទេសមួយស្អាតស្អំ និងមានសេដ្ឋកិច្ចរីកចម្រើន។
ទោះយ៉ាងណា សេដ្ឋកិច្ចរីកលូតលាស់ខ្លាំងរបស់ប្រទេស លែងទាក់ទាញប្រជាជនសិង្ហបុរីទៀតហើយ។ ប្រជាជនសិង្ហបុរីកាន់តែច្រើនមិនសប្បាយចិត្តនឹងជីវភាពរស់នៅដែលកាន់តែថ្លៃ និងគម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងប្រទេស។ មួយវិញទៀត ប្រជាជនសិង្ហបុរី ជាពិសេស ក្រុមយុវជនមិនពេញចិត្តនឹងរដ្ឋាភិបាលដែលបំបិទសិទ្ធិសេរីភាព បញ្ចេញមតិ និងហាមមិនឲ្យមានការពិភាក្សាសាធារណៈទាំងឡាយណា ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាល។ ដូច្នេះ អ្វីដែលថ្មី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ គឺប្រព័ន្ធផ្សព្វផ្សាយឯករាជបានដើរតួនាទីសំខាន់ ហ៊ាននិយាយបកស្រាយដើម្បីដាស់ស្មារតីនយោបាយរបស់ប្រជាជនឡើងវិញ។
ចំណុចមួយទៀតដែលធ្វើឲ្យការបោះឆ្នោតនៅសិង្ហបុរីលើកនេះ គួរឲ្យចាប់អារម្មណ៍ខ្លាំង គឺជម្រើស។ ជាទម្លាប់កន្លងមក គណបក្សប្រឆាំងតែងតែបាក់គ្នា ដែលធ្វើឲ្យគណបក្សកាន់អំណាចអាចឈ្នះឆ្នោត ដោយសំឡេងច្រើនលើសលុប។ ប៉ុន្តែ លើកនេះ គណបក្សប្រឆាំងទាំងអស់បានចុះសម្រុង រួបរួមគ្នា ដើម្បីផ្ចាញ់គណបក្សកាន់អំណាច។
ការប្រមូលកម្លាំងគ្នា របស់គណបក្សប្រឆាំង អាចធ្វើឲ្យមានការផ្លាស់ប្តូរបន្តិចបន្តួច នៅក្នុងសំឡេងឆ្នោត និង មិនអាចផ្តួលទាំងស្រុងគណបក្សកាន់អំណាចដែលបានចាក់គ្រឹះ នៅសិង្ហបុរី តាំងពីយូរមកហើយនោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណា វាជាព្រឹត្តិការណ៍សំខាន់ដែលបើកសករាជនយោបាយបែបថ្មី នៅសិង្ហបុរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ