អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាល្លឺម៉ង់​បោះឆ្នោត​រើស​រដ្ឋាភិបាល​អាណត្តិ​ថ្មី ប៉ុន្តែ​មិន​ប្តូរជំហរ​ជាមួយ​អឺរ៉ុប

សំឡេង ០៤:០១
លោកស្រី​ Angela Merkel (ឆ្វេង) និង​លោក Peer Steinbrueck តស៊ូ​មតិ​ ក្នុង​ឋានៈ​ជា​គូប្រជែង​នយោបាយ​នៅ​កញ្ចក់​ទូរទស្សន៍​ថ្ងៃ​ទី​១​កញ្ញា​២០១៣
លោកស្រី​ Angela Merkel (ឆ្វេង) និង​លោក Peer Steinbrueck តស៊ូ​មតិ​ ក្នុង​ឋានៈ​ជា​គូប្រជែង​នយោបាយ​នៅ​កញ្ចក់​ទូរទស្សន៍​ថ្ងៃ​ទី​១​កញ្ញា​២០១៣ REUTERS/Fabrizio Bensch
ដោយ៖ អៀង សុខម៉ិញ
២៤ នាទី

ការ​បោះឆ្នោត​សភា​​​អាល្លឺម៉ង់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី ២២​ កញ្ញា ២០១៣​នេះ។ ប៉ុន្តែ​ទោះ​បី​ជា​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ក៏​ឥរិយាបថ​អាល្លឺម៉ង់​ចំពោះ​អឺរ៉ុប​ នឹង​មិន​ប្តូរ​ផ្លាស់​ដែរ ហើយ​ទំនាក់ទំនង​បារាំង​អាល្លឺម៉ង​នឹង​នៅ​តែ​ផុយស្រួយ​ជា​និច្ច។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ ?!

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​អាល្លឺម៉ង់​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ ដែល​មាន​កត់​ត្រា​ក្នុងកាលវិភាគ​នយោបាយ​ឆ្នាំ​២០១៣ ប៉ុន្តែ​ទាំង​សារព័ត៌មាន ទាំង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ នៅ​អឺរ៉ុប ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​លើក​យក​មក​ដាក់​ទំព័រ​មុខ​សោះ។ ហើយ​បើ​និយាយ​អំពី​ខ្លឹម​សារ​នៃ​ការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​បេក្ខនារី និង​បក្ស​នយោបាយ​អាល្លឺម៉ង់វិញ ប្រធានបទ​អឺរ៉ុប និង​តួនាទី​របស់​អាល្លឺម៉ង់​ក្នុង​ឋានៈ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដ៏​សំខាន់​មួយ​សម្រាប់​រយៈ​បួន​ឆ្នាំ​ខាង​មុខ ជា​រឿង​​បន្ទាប់​បន្សំ​ក្នុង​សុន្ទរកថា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

ភាព​ស្ងប់​ស្ងាត់​នេះ​បាន​ធ្វើ​យើងអន្ទះសារ​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​សំឡេង​របស់​អាល្លឺម៉ង់ មហាអំណាច​ទី​មួយ​របស់​អឺរ៉ុប និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​បួន​នៅលើ​ពិភពលោក ជា​សំឡេង​​សម្រេច​រាល់​កិច្ចការ​របស់​ទ្វីប​អឺរ៉ុប។ ក៏​ប៉ុន្តែ​មាន​មូល​ហេតុ​ពីរ​ដែល​អាច​ពន្យល់​អំពី​ភាព​​ស្ងាត់​ជ្រងំ​នេះ​ ៖

ទី​មួយ ការ​បោះឆ្នោត​សភា​នៅ​អាល្លឺម៉ង់​លើក​នេះ ជា​ការ​បោះឆ្នោត​ដែលគេ​អាច​ទាយ​ទុក​ជា​មុន​បាន ឬ​ថា​អាច​ដឹង​លទ្ធផល​មុន​ទៅ​ហើយ។ ទាំង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ អង់ហ្គីឡា មែរគែល​ និង​ទាំង​គូប្រជែង​មក​ពី​បក្ស​សង្គម​ប្រជាធិបតេយ្យ​ លោក Peer Steinbruck ជើង​ឯក​ទាំងពីរ​មាន​នយោបាយ​ការបរទេស​សឹង​ថាប្តូរ​គ្នា​ទៅ​វិញ ទៅមក​បាន។ ដូច្នេះ​ ទោះ​ម្នាក់​ណា​​ជាប់​ឆ្នោត​ក៏​ដោយ​ ក៏​អឺរ៉ុប​ដឹង​ជា​មុន​ស្រេច​ថា​អ្វី​ដែល​កំពុង​រង់​ចាំ​នៅ​ថ្ងៃអនាគត​នោះ។

ចំណុច​ទីពីរ គឺ​លក្ខណៈបុគ្គល។ គ្រប់​ការ​ស្ទង់មតិ សុទ្ធ​តែ​ឱ្យ​លោកស្រី​​មែរគែល​ឈ្នះ​ឆ្នោត​ថ្ងៃ​ទី ២២​កញ្ញា​ខា​ង​មុខ​នេះ​ទាំងអស់។ បើ​គ្មាន​អ្វី​ប្រែប្រួល​នៅ​នាទី​ចុង​ក្រោយ​ទេ លោកស្រី ទំនង​ជា​នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខ​ដឹកនាំប្រទេស​អាណត្តិទីបីទៀត។ ក្នុង​អាណត្តិ​ចុងក្រោយ​នេះ​ គ្មាន​ទេ​ការ​ប្តូរ​ផ្លាស់​នយោបាយ​ លោកស្រី​មាន​ជំហរ​បន្ត​ការដ្ឋាន​ការងារ​ពី​អាណត្តិ​មុន​ទៀត ព្រោះ​ជា​ការងារ​ដ៏​មាន​ប្រសិទ្ធិភាព​ និង​ជោគជ័យ​ បាន​ជួយ​ស្រោច​ស្រង់​អាល្លឺម៉ង់ ឱ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ខុស​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​។ តែ​ទោះបី​ជា​លទ្ធផល​ឆ្នោត​ក្រឡាប់​ចាក់​យ៉ាង​ណា​ក៏​ដោយ ចុះ​ក៏​ឥរិយាបថ​របស់​ក្រុង​ប៊ែរឡាំង​ចំពោះ​អឺរ៉ុប​ នឹង​មិន​ត្រូវ​ប្តូរ​ផ្លាស់​ភ្លាមៗបានដែរ។​

ដោយ​ឡែក ​ចំពោះ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​បារាំង​ ដែល​គេ​ស្គាល់​ថា​​មាន​កម្លាំង​សេដ្ឋកិច្ច​ខ្លាំង​ទីពីរ​បន្ទាប់​ពី​អាល្លឺម៉ង់ និង​ដៃគូ​ក្បាល​ម៉ាស៊ីន​ដឹកនាំអឺរ៉ុប​នោះ ហាក់​នៅ​តែ​ផុយស្រួយ​ជានិច្ច បើ​ទោះ​បី​ជា​ភាគី​ទាំងពីរ​​បាន​ប្រឹង​ប្រែង​ខិត​រក​គ្នា​យ៉ាងណា​ក៏ដោយ។

នៅ​ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ បារាំង​និង​អាល្លឺម៉ង់ ចាប់​ឃ្លាត​ចេញ​ពី​គ្នា​បន្តិច​ម្តងៗ​ ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច។ ហើយ​ពេល​នេះ​គឺ​នៅ​ជាមួយ​លែង​កើត​តែ​ម្តង​ !​ នេះ​បើ​បាន​ទស្សនៈ​របស់​កាសែត​អាល្លឺម៉ង់​មួយ​ ដែល​គូស​បញ្ជាក់​ថា​ គម្លាត​រវាង​មហាអំណាច​មាន​សេដ្ឋកិច្ច​នាំ​មុខ​គេ​នៅ​អឺរ៉ុប​ទាំងពីរ រឹត​តែ​ស្តែង​កាន់​តែ​ច្បាស់​ នៅ​ពេល​ដោះស្រាយ​វិបត្តិ​ឱ្យ​ស៊ីរី។

​កាលពី​មួយ​ឆ្នាំកន្លះមុន ពេលដែល​គណបក្ស​សង្គម​និយម​បារាំង​ជាប់​ឆ្នោត​ ​លោក ហ្វ្រង់ស័រ​ ហូឡង់ ​​បាន​សន្យា​បន្ធូរ​បន្ថយ​វិន័យ​ថវិកា ដើម្បី​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​ តែ​បាន​ធ្វើ​ឱ្យ​បែរឡាំង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។​ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ចេះ​តែ​ឡើង​តាន​តឹង តែ​អាច​សម្រេច​កិច្ចការ​រួម​បាន​ មាន​ជាអាទិ៍​ផែនការ​ជួយ​ស្រោច​ស្រង់​ប្រាក់​អឺរ៉ូ។ ចាប់​ពី​ពេល​នោះ​មក​ ចំណង​មិត្ត​ភាព​ប្រទេស​ជិតខាង​ពីរ​នេះ បាន​ធូរ​ស្បើយ​មក​វិញ​បន្តិច ប៉ុន្តែ​មិន​គ្រប់គ្រាន់​ជា​អ្នក​ដឹកនាំ​រួម​ ឬ​ជា​អ្នក​ផ្តួចផ្តើម​ដោះស្រាយ​សំណុំ​រឿង​ធំៗ​ឡើយ។ នា​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ​ គេ​ឃើញ​មេដឹកនាំ​ បារាំង​ និង​អាល្លឺម៉ង់​ប្រឹង​សម្រប​ខ្លួន​ដាក់​គ្នា​ខ្លាំងណាស់ ប៉ុន្តែ​នៅ​តែ​មិន​អាច​ចូល​គ្នា​ទៅ​រួច ព្រោះ​តែ​ទ្រឹស្តី​សេដ្ឋកិច្ច​ខុសគ្នា​ឆ្ងាយ​ពេក។

ឥលូវ​អាល្លឺម៉ង់​ត្រៀម​បោះឆ្នោត​សភា​ បារាំង​កំពុង​បារម្ភ​មិនដឹង​ថា​តើ​លោកស្រី មែរគែល នៅពេល​ជាប់​ឆ្នោត​ជា​លើកទីបី បន្ត​ជួយ​ជ្រោមជ្រែង​អឺរ៉ុប​បាន​កំរិត​ណា បើ​លោកស្រី​សម្តែង​តែ​កាយ​វិការ​និង​បញ្ចេញ​ពាក្យ​សម្តី​របៀប​អ្នក​សហព័ន្ធ​ ជាតិ​និយម​ដូច្នេះ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ