គណបក្សប្រជាជន បន្តឃោសនាធំនៅភ្នំពេញ ខណៈគណបក្សសង្គ្រោះជាតិធ្វើធំនៅខេត្ត
ចុះផ្សាយនៅថ្ងៃ៖
រហូតមកដល់ថ្ងៃទី៣០ មិថុនា គឺជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតរកសម្លេងគាំទ្រនោះ។ គណបក្ស ធំពីរ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង គណបក្សប្រឆាំងសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងកឹម សុខា ដែលជាគូរប្រជែងដ៏ធំបំផុតសម្រាប់អាណត្តិទី៥ ក៏កំពុងបន្តយុទ្ធនាឃោសនារកសម្លេងគាំទ្ររបស់ខ្លួនជាបន្តដែរ។
លោក កែប ជុតិមា ប្រធានគណបក្សប្រជាជនក្រុងភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក់នេះ គណបក្សរបស់លោកមិនបានបង្អង់ដៃនោះទេ គឺបានបើកក្បួនយុទ្ធនាការឃោសនាទ្រង់ទ្រាយធំដែលអមដោយរថយន្ត៤០០គ្រឿង និងម៉ូតូ២ពាន់គ្រឿងផងដែរ ដែលជាសកម្មជនរបស់គណបក្សប្រជាជន។
ហើយក្បួនយុទ្ធនាការឃោសនា ជាយុទ្ធសាស្ត្រសម្រាប់ ការគៀងគរសម្លេងគាំទ្រអាណត្តិទី៥ ត្រូវបានអតីតអភិបាលក្រុងរូបនេះ បានបញ្ជាក់ថា គឺជាការបង្ហាញនូវសមត្ថភាព និងសក្តានុពល របស់គណបក្សប្រជានកម្ពុជា ដែលជាអ្នកអនុវត្តពិតប្រាកដ និងមិនមែនត្រឹមតែសន្យានោះទេ។
ចំណែក លោក ហូ វ៉ាន់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញវិញ លោកបានប្រាប់ថា យុទ្ធនាការឺឃោសនារបស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលភ្នំពេញ មិនមានទំហំធំធេងនោះទេ ព្រោះក្បួនដង្ហែមានតែរថយន្ត១០គ្រឿង និង ម៉ូតូ៣០០គ្រឿងតែប៉ុណ្ណោះដែលដង្ហែតាមឃុំ សង្កាត់។
តែទោះជាយ៉ាងណានេះ បានអះអាងាថា លោកមានការសោកស្តាយដែលទីស្នាក់ការគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌសែនសុខ ត្រូវបានជនមិនស្គាល់មុខបានចោលដុំថ្មមកលើ។ តាមលោកហូ វ៉ាន់ ទង្វើនេះមិនអាចទទួលយកបានទេ។
ទាក់ទិននឹង បញ្ហាក្នុងយុទ្ធនាការនៃការឃោសនានេះដែរ លោក ទេព នីថា អគ្គលេខា គជប គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃ៣០មិថុនា នេះ គជប មានបណ្តឹងថ្មី១បន្ថែមទៀត គឺបណ្តឹងរបស់អាជ្ញាធរប្តឹងគណបក្សសង្គ្រោះជាតិ ដែលបានបិទបដាឃោសនារបស់ខ្លួនលើសរសរបង្គោលដងគោម តាមទីសាធារណៈ ដោយមិនមានការអនុញ្ញាតិ។
មួយវិញទៀត គជប ក៏បានស្នើយ៉ាងទទួចដល់គណបក្សទាំង៨ឱ្យពង្រឹងសីលធម៌ដល់សកម្មជនគណបក្សរបស់ខ្លួន ដែលលោក បានអះអាងថា សកម្មជនទាំងនោះ បានប្រើប្រាស់ពាក្យពេជ្យ ឌឺដងដាក់គ្នា ដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នាជាយថាហេតុ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ