ចិន-ហុងកុង

ការ​បោះឆ្នោត​សភា​មួយ​ដែល​សំខាន់​សម្រាប់​អ្នកប្រជាធិបតេយ្យ

នៅ​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា​​នេះ មាន​ប្រជាជន​ហុងកុង​ជាង ៣លាននាក់ ក្នុង​ចំណោម ៧លាននាក់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​សរុប​ចំនួន ៧០នាក់​នៅ​ក្នុង​រដ្ឋសភា។ លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នេះ​នឹង​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ ប្រសិន​បើ​ទីក្រុង​ប៉េកំាង​នៅ​បន្ត​រក្សា​នយោបាយ​របស់​ខ្លួន​លើ​ហុងកុង​ដែល​ជា​ខេត្ត​ពាក់​កណ្តាល​ស្វយ័ត​មួយ​នេះ។ តែ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុមអ្នកប្រជាធិបតេយ្យ​ដែល​បាន និង​កំពុង​ទាមទារ​ឲ្យ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ហុងកុង មាន​លក្ខណៈ​ជា​សកល។

ទិដ្ឋភាព​នៅ​ហុងកុង​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា ថ្ងៃទី៩ កញ្ញា ឆ្នំា ២០១២
ទិដ្ឋភាព​នៅ​ហុងកុង​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា ថ្ងៃទី៩ កញ្ញា ឆ្នំា ២០១២
ផ្សាយពាណិជ្ជកម្ម

កាល​ពី ៤ឆ្នំា​មុន ពោល​គឺ​ការ​បោះឆ្នោត​ក្នុង​ឆ្នំា ២០០៨ សភា​ហុងកុង​មាន​តំណាងរាស្រ្ត​តែ ៦០នាក់​ទេ តែ​សម្រាប់​ការ​បោះឆ្នោត​ឆ្នំា ២០១២ នេះ ចំនួន​អ្នកតំណាងរាស្រ្ត​នឹង​កើន​ដល់ ៧០នាក់។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លំាង​នោះ គឺ​ហុងកុង​បាន​អនុវត្ត​នូវ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។ ស្មុគស្មាញ​នៅ​ត្រង់​ថា ការ​ជ្រើសតំាង​អ្នកតំណាងរាស្រ្ត​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​ខុស​គ្នា និង​ដែល​ក្នុង​នោះ មាន​អ្នក​តំណាងរាស្រ្ត​ជាង​ពាក់កណ្តាល​បាន​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​របស់​ប្រជាជន​នៅ​ក្នុង​មណ្ឌលបោះឆ្នោត​ដែល​អ្នកតំណាងរាស្រ្ត​រូប​នោះ​ឈរ​ឈ្មោះ។ រីឯ​អ្នកតំណាងរាស្រ្ត​នៅ​សេសសល់​ជិត​ពាក់កណ្តាល​ផ្សេង​ទៀត ត្រូវ​ជ្រើសរើស​ដោយ​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​​ផ្សេង និង​ដែល​គេ​ដឹង​ថា អ្នកបោះឆ្នោត​ភាគច្រើន​តាម​រយៈ​ប្រព័ន្ធ​នេះ ច្រើន​ជា​អ្នក​មាន​ទំនោរ​ទៅ​រក​ទីក្រុង​ប៉េកំាង។ ទីក្រុងកំាង​ដែល​បាន​សន្យា​ថា នឹង​ប្តូរ​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ជា​សកល​តែ​មួយ​នា​ពេល​ខាង​មុខ។ នៅ​ឆ្នំា ២០១៧ សម្រាប់​កន្លែង​នាយករដ្ឋមន្រ្តី និង​នៅ​ឆ្នំា ២០២០ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតំាង​អ្នកតំណាងរាស្រ្ត។

និយាយ​ពី​ក្រុម​គណបក្សប្រឆំាង​ដែល​មាន​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​ពលរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ឆ្នំា ២០០៨ ពួក​គេ​ធ្លាប់​បាន​ទទួល​អសនៈ​ចំនួន ១៩អសនៈ នៅ​ក្នុង​ចំណោម​អសនៈ​ទំាង ៣០អសនៈ​ដែល​បាន​ដាក់​ឲ្យ​បោះឆ្នោត​ជា​សកល។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ គោលបំណង​របស់​ក្រុមគណបក្សប្រឆំាង​គឺ​ដណ្តើម​ឲ្យ​បាន​អសនៈ​ច្រើន​ជាង​មុន ដើម្បី​ដាក់​គំនាប​ឲ្យ​ទីក្រុង​ប៉េកំាង​គោរព​នូវ​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ប្រទេស​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នំា ១៩៩៧ មក ហុងកុង​មាន​លក្ខន្តិកៈ​ជា​តំបន់​រដ្ឋបាល​ពិសេស និង​ត្រូវ​បាន​ទីក្រុង​ប៉េកំាង​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ជា​តំបន់​ពាក់កណ្តាល​ស្វយ័ត ដោយ​អនុលោម​តាម​គំរូ " ប្រទេស​មួយ ប្រព័ន្ធ​ពីរ "។ ការ​បោះឆ្នោត​សភា​ហុងកុង​ឆ្នំា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បោះបង់​ចោល​នូវ​ពង្រាង​ច្បាប់​មួយ​ដ៏​ចម្រូងចម្រាស​ដែល​ចង់​ដាក់​បញ្ចូល​មុខវិជ្ជា “ ស្នេហាមាតុភូមិ​ចិន ” ទៅ​ក្នុង​កម្មវិធី​សិក្សា។ ការ​សម្រេច​លះបង់​ចោល ដោយសារ​តែ​មាន​ការ​តវ៉ា​ប្រឆំាង​យ៉ាង​ខ្លំាងក្លា​ពី​សំណាក់​បាតុកម្ម​របស់​ប្រជាជន​ហុងកុង​នៅ​តាម​ដងផ្លូវ​ក្នុង​សប្តាហ៍​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI