ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាដាហ្គាស្កា៖ការបោះឆ្នោត​ប្រធានាធិបតី ចំពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ដុនដាប​ខ្លំាង

សំឡេង ០៥:៣៦
ម៉ាដាហ្គាស្កា៖ការបោះឆ្នោត​ប្រធានាធិបតី ចំពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ដុនដាប​ខ្លំាង
ម៉ាដាហ្គាស្កា៖ការបោះឆ្នោត​ប្រធានាធិបតី ចំពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ដុនដាប​ខ្លំាង

នៅ​ថ្ងៃ​សុក្រ ទី២៥ តុលា​នេះ មាន​ប្រជាជន​ម៉ាដាហ្គាស្កា​ជិត ៨លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ រូប​លោក​ប្រធានាធិបតី​ថ្មី​ដែល​អ្នកបោះឆ្នោត​ត្រូវ​ជ្រើសរើស​នៅ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ៣៣នាក់។ ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​នេះ​បាន​រៀបចំ ២ខែ មុន​ការ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២០ ធ្នូ​ខាង​មុខ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​រៀបចំ​បោះឆ្នោត​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​បាន​ស្គាល់​ភាព​ដុនដាប​ខ្លំាង និង​ចំ​ពេល​ដែល​វិបត្តិនយោបាយ​បាន​អូសបន្លាយ​ជិត ៥ឆ្នំា​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បញ្ជី​ដ៏​វែងអបន្លាយ​​នៃ​បណ្តា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ដែល​ភាគច្រើន​ជា​ប្រទេស​ក្នុង​ទ្វីបអាហ្រ្វិក​នោះ ក៏​មាន​ឈ្មោះ​ប្រទេស​ម៉ាដាហ្គាស្កា​ដែល​ស្ថានភាព​សេដ្ឋកិច្ច​បាន​ស្គាល់​ការ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ខ្លំាង​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ ដុនដាប​រហូត​ដល់​ទៅ​អ្នក​តំណាង​ធនាគារពិភពលោក​ប្រចំា​ប្រទេស​ម៉ាដាហ្គាស្កា​លោកស្រី Haleh Bridi បាន​បញ្ជាក់​កាល​ពី​ដើម​ខែ​កក្កដា ឆ្នំា ២០១៣ ថ្មីៗ​នេះ​ថា ម៉ាដាហ្គាស្កា​បាន​ក្លាយ​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ មាន​ប្រជាជន​រហូត​ទៅ ៩២% ឯណោះ​ដែល​កំពុង​រស់នៅ​ជាមួយ​នឹង​ចំណូល​មិន​ដល់​ទំាង ២ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ។ បច្ចុប្បន្ន​នេះ ប្រជាជន​ម៉ាដាហ្គាស្កា​ថ្នាក់​មធ្យម​មាន​ជីវភាព​លំបាកលំបិន​ជាង​កាល​ពី​ទសវត្ស​ឆ្នំា ៦០ ទៅ​ទៀត។

 
រហូត​ដល់​ឆ្នំា ២០០៩ សេដ្ឋកិច្ច​ម៉ាដាហ្គាស្កា​មាន​សុខភាព​ល្អ ដោយសារ​តែ​ទទួល​បាន​ប្រភព​ចំណូល​ពី​ធនធាន​កសិកម្ម និង​ធនធាន​រ៉ែ។ ទន្ទឹម​គ្នា​នេះ រដ្ឋ​ក៏​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​បរទេស មាន​ដូច​ជា​ធនាគារពិភពលោក អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​សហភាព​អឺរ៉ុប​ជា​ដើម។ ក៏​ប៉ុន្តែ ជាមួយ​នឹង​វិបត្តិនយោបាយ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នំា ២០០៩ អ្វីៗ​ក៏​បាន​ផ្តើម​​ក្រឡាប់ចាក់​ទំាង​ស្រុង។ តំាង​ពី​ពេល​នោះ​មក ស្ថានភាព​សេដ្ឋកិច្ច​រុងរឿង​របស់​ម៉ាដាហ្គាស្កា​ក៏​បាន​ចាប់​ផ្តើម​រិចរិល​បន្តិច​ម្តងៗ​រហូត​មក​ដល់​សព្វថ្ងៃ។ បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ការិយាល័យ​ពលកម្ម​អន្តរជាតិ និង​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ចន្លោះ​ឆ្នំា ២០០៨ និង ២០១១ មាន​ការងារ​ចំនួន ៣៣៦ ០០០ការងារ​ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ មាន ១ភាគ៤ ជា​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ។

ការ​ដួលរលំ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ គឺ​ជា​លទ្ធផល​នៃ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ហើយ​គឺ​វិបត្តិនយោបាយ​ផ្ទៃក្នុង​នេះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋបាល​អាមេរិកំាង​សម្រេច​ដក​ម៉ាដាហ្គាស្កា​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​អាច​នំា​សំលៀកបំពាក់​ចូល​សហរដ្ឋអាមេរិក​ដោយ​មិន​បាច់​បង់​ពន្ធ។ ក្រោម​ភ្នែកច្រមុះ​ទីក្រុង​វ៉ាស៊ីតោន ដរាប​ណា​ម៉ាដាហ្គាស្កា​នៅ​តែ​បន្ត​ហែកហួរ​គ្នា​រឿង​នយោបាយ​នោះ គ្មាន​ថ្ងៃ​ដែល​ប្រទេស​មួយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​ការ​លើកលែង​ពន្ធ​នៃ​ការ​នំា​សំលៀកបំពាក់​ចូល​ក្នុង​ទឹកដី​អាមេរិកំាង ដូច​ករណី​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន មាន​កេនយ៉ា​ជា​ឧទាហរណ៍​ជាក់ស្តែង។

ជា​ការ​ពិត​ណាស់ ក្រៅ​ពី​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លំាង ដោយសារ​តែ​ទ័ណ្ឌកម្ម​អាមេរិកំាង ម៉ាដាហ្គាស្កា​អាច​ពឹងពាក់​លើ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម។ ជាមួយ​នឹង​ភូមិសាស្រ្ត​អំណោយផល​របស់​ខ្លួន វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ចំនួន ១១ ០០០ការងារ​ក្នុង​ចន្លោះ​ឆ្នំា ២០០៤ និង ២០១១។ ប៉ុន្តែ​ដោយសារ​តែ​វិបត្តិនយោបាយ សក្តានុពល​នៅ​ក្នុង​វិស័យ​ប្រពៃណី​មួយ​នេះ​ក៏​បាន​ដំាក្បាល​ចុះ​ដែរ។ ចំណែក​វិស័យ​កសិកម្ម​ដែល​មាន​ប្រជាជន ៧៥% ជា​ប្រជាកសិករ ក៏​ត្រូវ​បាន​ថមថយ និង​បំផ្លិចបំផ្លាញ​ដោយសារ​តែ​ភាព​រំាងស្ងួត និង​ការ​ទន្ទ្រាន​ឈ្លានពាន​ពី​ហ្វូង​សត្វ​កណ្តូប​កាល​ពី​ដើម​ឆ្នំា ២០១២។ គឺ​ជា​ព្រឹត្តការណ៍​ធំ​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​ការ​ប្រមូលផល​របស់​ប្រជាកសិករ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង ពិសេស​ផលិផល​ស្រូវ។

 
ការ​ធ្លាក់​ចុះ​ផលិតផល​ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អន្តរកាល​ទិញ​ស្បៀង​ពី​បរទេស​ដើម្បី​យក​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​ក្នុង​គោលដៅ​ទប់ស្កាត់​គ្រោះ​ទុរ្ភិក្ស។ តែ​បញ្ហា​នៅ​ត្រង់​ថា តំាង​ពី ៤ឆ្នំា​កន្លង​ទៅ​នេះ រដ្ឋ​ម៉ាដាហ្គាស្កា​ដែល​ត្រូវ​បាន​ប្រទេស​ផ្តល់​ជំនួយ​ផ្អាក​ជំនួយ​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​វិបត្តិ​នយោបាយ​មក​ដល់​សព្វថ្ងៃ ក៏​បាន​ផ្តើម​ចាយ​លុយ​អស់​ពី​ហោបៅ​របស់​ខ្លួន​ដែរ។ វិបត្តិថវិកា​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រកាស​កាល​ពី​ដើម​ខែ​តុលា​នេះ​ថា នឹង​កាត់​បន្ថយ​ជិត ៥០% ថវិកា​ផ្តល់​ទៅ​ឲ្យ​ក្រសួង​នីមួយៗ​សម្រាប់​ត្រីមាសទី៤ ឆ្នំា​នេះ។

វិស័យ​ទេសចរណ៍ និង​កសិកម្ម​កំពុង​ត្រដរ​ខ្យល់ តែ​ដង្ហើម​សេដ្ឋកិច្ច​ត្រូវ​បាន​ជួយ​បំពេញ​ដោយ​វិស័យ​រ៉ែ​ជាមួយ​នឹង​ការ​អភិវឌ្ឍន៍​អណ្តូងរ៉ែ​​ចំនួន​ពីរ​កន្លែង​នៅ​តំបន់ Ambatovy និង Anosy។ នៅ Ambatovy ការ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​កាណាដា​បាន​ចាប់​ដំណើរការ​តំាង​ពី​ខែ​តុលា ឆ្នំា ២០១២ និង​អាច​ផលិត​បាន​រ៉ែ​នីកែល​ចំនួន ៦០ ០០០តោន និង​រ៉ែ​កូបល៍​ចំនួន ៥ ៦០០តោន​ក្នុង​មួយ​ឆ្នំាៗ​រយៈពេល ៣០ឆ្នំា។ ចំណែក​អណ្តូងរ៉ែ​នៅ Anosy វិញ កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ដោយ​ក្រុមហ៊ុន Rio Tinto ក្នុង​ការ​ទាញ​យក​រ៉ែ​ទីតាន។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​នយោបាយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​សម្រេច​ផ្អាក​ការ​រកស៊ី​របស់​ខ្លួន​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា។ ជាក់ស្តែង ចំនួន​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បាន​ធ្លាក់​ចុះ​ពី ៤ ៤០០ ក្នុង​ឆ្នំា ២០០៨ មក​នៅ​ត្រឹម​តែ ៧៧០ ប៉ុណ្ណោះ​ក្នុង​ឆ្នំា ២០១២។

នៅ​ក្នុង​សោកនាដកម្ម​សេដ្ឋកិច្ច​ដែល​ប្រទេស​ម៉ាដាហ្គាស្កា​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ បាន​ជម្រុញ​ឲ្យ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​នំា​គ្នា​ផ្តោតចក្ខុ​សម្លឹង​មើល​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ថ្ងៃ​នេះ។ មាន​តែ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​ទេ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​អន្តរជាតិ​ជា​ថ្មី​ចំពោះ​ប្រទេស​ម៉ាដាហ្គាស្កា ព្រម​ទំាង​ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​អាមេរិកំាង​ប្រឆំាង​នឹង​ការ​នំា​សំលៀកបំពាក់​ចូល​ទឹកដី​អាមេរិក​ដោយ​មិន​បាច់​បង់ពន្ធ។ ទំាង​នេះ​មិន​ភ្លេច​ទេ ការ​ផ្តល់​ទំនុកទុកចិត្ត​ជាថ្មី​ឲ្យ​ក្រុមអ្នកវិនិយោគ​បរទេស​ដែល​ចង់​វិល​ត្រឡប់​ទៅ​រកស៊ី​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា។

ដូច្នេះ និង​អ្វី​ដែល​ជា​ការ​ទន្ទឹង​រង់ចំា​របស់​ប្រជាជន​ម៉ាដាហ្គាស្កា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ថ្ងៃ​នេះ គឺ​ការ​បិទបញ្ចប់​វិបត្តិ​នយោបាយ​ដ៏​រុំារ៉ៃ និង​ស្រោចស្រង់​ប្រទេស​ម៉ាដាហ្គាស្កា​ឲ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI