អ៊ុយក្រែន

បន្ទាប់​ពី​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​រយៈពេល ៦ខែ អ៊ុយក្រែន​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី

ប៉ូលីស​អ៊ុយក្រែន​កំពុង​ឈរ​យាម​នៅ​ពី​មុខ​ការិយាល័យ​បោះឆ្នោត​មួយ
ប៉ូលីស​អ៊ុយក្រែន​កំពុង​ឈរ​យាម​នៅ​ពី​មុខ​ការិយាល័យ​បោះឆ្នោត​មួយ REUTERS/Kacper Pempel

នៅ​ថ្ងៃ​អាទិត្យ ទី២៥ ឧសភា​នេះ មាន​ប្រជាជន​អ៊ុយក្រែន​ប្រមាណ​ជា ៣៦លាននាក់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មុន​អណត្តិ។ មាន​បេក្ខជន​ឈរឈ្មោះ​ទំាង​អស់​ចំនួន ២១រូប​ដែល​ក្នុង​នោះ មហាសេដ្ឋី​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ដែល​មាន​ទំនោរ​រក​អឺរ៉ុប​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បេក្ខជន​ដែល​មាន​សំណាង​ច្រើន​ជាង​បេក្ខជន​ផ្សេង​ទៀត។ បស្ចិមលោក ពិសេស​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ុយក្រែន​ពេល​នេះ​ថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ស្តារ​ស្ថិរភាព​នយោបាយ​នៅ​អ៊ុយក្រែន ពិសេស​ប្រធានាធិបតី​ថ្មី​ត្រូវ​តែ​ស្ថាបនា​ឡើង​វិញ​នូវ​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​រស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

តំាង​ពី ៦ខែ​មក​ហើយ​ដែល​ប្រទេស​អ៊ុយក្រែន​បាន​​ធ្លាក់​ទៅ​ក្នុង​វិបត្តិនយោបាយ​ដ៏​សែន​ជ្រៅ​មួយ​ដែល​ខ្លួន​មិន​​ធ្លាប់​ប្រទះ​ទេ។ ដូច្នេះ​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ថ្ងៃ​នេះ ពិត​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយ​ដើម្បី​ស្ថិរភាព​នយោបាយ និង​ការ​បង្រួបបង្រួមជាតិ។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ គឺ​ការ​ដែល​មាន​តំបន់​មួយ​ចំនួន​ស្ថិត​ប៉ែក​ខាង​កើត​បាន និង​កំពុង​បន្ត​រ៉ៅឆាន​ដោយ​ពួក​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​គំាទ្រ​រុស្ស៊ី និង​ដែល​ការ​ប្រឈម​ដាក់​គ្នា​កំពុង​បន្ត​មាន​រវាង​ទាហាន​អ៊ុយក្រែន និង​ក្រុមប្រដាប់អាវុធ​អ្នកទាមទារ​ផ្តាច់​ទឹកដីនិយម ពិសេស​តំបន់​ដូណេត (Donetsk) និង លូហ្កាន (Lougansk។

ក្រៅ​ពី​តំបន់​នៅ​ប៉ែកខាងកើត​ដែល​អ្នកចូលរួម​បោះឆ្នោត​មាន​អត្រាទាប អ្នក​ចូលរួម​បោះឆ្នោត​មាន​ចំនួន​ច្រើន​កុះករ​នៅ​តំបន់​ផ្សេងៗ ពិសេស​ក្នុង​ទីក្រុង​គៀវ​ដោយ​ពួក​គេ​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​នំា​សន្តិភាព​ដល់​ពួក​គេ និង​ដល់​ប្រទេស​អ៊ុយក្រែន​ទំាង​មូល។ មាន​បេក្ខជន​ឈរ​ឈ្មោះ​ទំាង​អស់​ចំនួន ២១នាក់ តែ​បើ​តាម​លទ្ធផល​ស្ទង់មតិ​ថ្មីៗ​ចុង​ក្រោយ​នេះ​ឲ្យ​ដឹង​ថា មាន​បេក្ខជន​ចំនួន ៣រូប​ដែល​ទទួល​បាន​សម្លេង​គំាទ្រ​ច្រើន​ជាង​គេ គឺ​មហាសេដ្ឋី​ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) អ្នក​មាន​ទំនោរ​រក​អឺរ៉ុប លោកស្រី​អ៊ីយូលីយ៉ា ទីម៉ូឆេនកូ (Ioulia Timochenko) មេ​ធ្វើ​បដិវត្តន៍​ពណ៌លឿងទុំ​ក្នុង​ឆ្នំា ២០០៤ និង​មាន​ទំនោរ​រក​អឺរ៉ុប និង​លោក​ស៊ែហ្កី ទីហ្គីបកូ (Serguiï Tiguipko) អ្នក​មាន​ទំនោរ​រក​រុស្ស៊ី។

រហូត​មក​ដល់​ពេល​នេះ បេក្ខជន​ដែល​កំពុង​នំា​មុខ​គេ គឺ​មហាសេដ្ឋី​ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) និង​ដែល​គ្រប់​គ្នា​សង្ឃឹម​ថា លោក​អាច​នឹង​ជាប់​ឆ្នោត​តំាង​ពី​ជុំ​ទី១ ដោយ​ទទួល​បាន​សម្លេង​ដាច់ខាត តែ​បើ​មិន​ដូច្នោះ​ទេ ការ​រៀបចំ​បោះឆ្នោត​នៅ​ជុំទី២ ត្រូវ​បាន​គេ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៥ មិថុនា​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ុយក្រែន​ពេល​នេះ​ថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ស្តារ​ស្ថិរភាព​នយោបាយ​នៅ​អ៊ុយក្រែន ពិសេស​ប្រធានាធិបតី​ថ្មី​ត្រូវ​តែ​ស្ថាបនា​ឡើង​វិញ​នូវ​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​រស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI