ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​ប្រធានាធិបតី​ហ្សកហ្ស៊ី៖ ការ​បិទ​ទំព័រ​បដិវត្តន៍​ពណ៌ផ្កាឈូក !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២៧ តុលា​នេះ ប្រទេស​ហ្សកហ្ស៊ី​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ គឺ​ជា​ការ​បោះឆ្នោត​ប្រធានាធិបតី​លើកទី៤ តំាង​ពី​ការ​ដួលរលំ​សហភាពសូវៀត និង​តំាង​ពី​ប្រទេស​ហ្សកហ្ស៊ី​បាន​ទទួល​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៩១ មក។ ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី៤ ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ថ្ងៃ​នេះ គឺ​ជា​ការ​បិទទំព័រ​គ្រប់គ្រង​អំណាច​រយៈពេល ២អាណត្តិ ពោល​គឺ ១០ឆ្នំា​របស់​លោក​ប្រធានាធិបតី​ផុតអណត្តិ Mikheïl Saakachvili និង​ការ​បិទទំព័រ​នៃ​បដិវត្តន៍​ពណ៌ផ្កាឈូក​កាល​ពី​ដំណាច់​ឆ្នំា ២០០៣។

លោក Guiorgi Margvelachvili បេក្ខជន​ប្រធានាធិបតី​នៅ​ហ្សកហ្ស៊ី មក​ពី​គណបក្ស​ប្រឆំាង
លោក Guiorgi Margvelachvili បេក្ខជន​ប្រធានាធិបតី​នៅ​ហ្សកហ្ស៊ី មក​ពី​គណបក្ស​ប្រឆំាង
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​លើក​ទី៤ ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ថ្ងៃ​នេះ មិន​មាន​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ផុតអាណត្តិ​បច្ចុប្បន្ន លោក Mikheïl Saakachvili ទេ។ មូលហេតុ មក​ពី​លោក Saakachvili មិន​អាច​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀត​បាន បន្ទាប់​ពី​បាន​កាន់​តំណែង​ចំនួន ២អាណត្តិ​ជាប់ៗ​គ្នា​មក។

គឺ​បដិវត្តន៍​ពណ៌ផ្កាឈូក​នៅ​ហ្សកហ្ស៊ី​កាល​ពី​ដំណាច់​ឆ្នំា ២០០៣​ដែល​បាន​ជួយ​លោក Saakachvili ឲ្យ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្សកហ្ស៊ី។ លោក Saakachvili ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​មាន​ទំនោរ​ទៅ​រក​ក្រុមប្រទេស​លោកខាងលិច និង​ដែល​រស្ស៊ី​មិន​សប្បាយចិត្ត​ទាល់តែ​សោះ។ ប៉ុន្តែ ១០ឆ្នំា ក្រោយ​ការ​ដឹកនំា​របស់​លោក Saakachvili មក ឥទ្ធិពល​នៃ​បដិវត្តន៍​ផ្កាឈូក​ក៏​ហាក់​ដូច​ជា​បាន​ថមថយ​បន្តិច​ម្តងៗ​ដែរ។ សូម្បី​តែ​គណបក្ស​បង្រួបបង្រួមជាតិ​របស់​លោក Saakachvili ក៏​មាន​បំណង​ចង់​បើកទំព័រ​ថ្មី ដោយ​បំភ្លេច​ទំព័រ​បដិវត្តន៍​ពណ៌ផ្កាឈូក​របស់​លោក Saakachvili។

តំាង​ពី​បាន​ចាញ់​ឆ្នោត​នា​ការ​បោះឆ្នោតសភា​កាល​ពី ១ឆ្នំា​កន្លង​មក គណបក្ស​របស់​លោក Saakachvili គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បិទទំព័រ​ចាស់ បើក​ទំព័រ​ថ្មី​ដើម្បី​អាច​បន្ត​ប្រកួតប្រជែង​ក្នុង​ឆាក​នយោបាយ ប្រឈម​មុខ​នឹង​គណបក្ស​ប្រឆំាង​របស់​លោក​នាយករដ្ឋមន្រ្តី Bidzina Ivanichvili។

គណបក្ស​បង្រួបបង្រួម​ជាតិ​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ដើម្បី​បន្ត​ប្រឡូក​ក្នុង​ឆាក​នយោបាយ

អ្វីៗ​បាន​ចេញ​មក​ពី​លទ្ធផល​នៃ​ការ​កាន់អំណាច​រយៈពេល ១០ឆ្នំា​របស់​លោក​ប្រធានាធិបតី Saakachvili ដែល​បាន​បង្ខំ​ឲ្យ​គណបក្ស​បង្រួបបង្រួមជាតិ​ផ្តើម​គិតគូរ​រឿង​កំណែទម្រង់។ ពិត​មែន​តែ​ការ​គ្រប់គ្រង​ប្រទេស​រយៈពេល ២អាណត្តិ​របស់​លោក Saakachvili បាន​ផ្តល់​ចេញ​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ តាម​រយៈ​ការ​បំបាត់​អំពើពុករលួយ ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស និង​ការ​ដឹក​នំា​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ក៏​ដោយ ក៏​នៅ​មាន​រឿង​អាស្រូវ​ផ្ទុះ​ឡើង​ជា​ច្រើន​ទៀត​ដែល​គេ​មិន​អាច​មើល​រំលង​បាន​ឡើយ រួម​មាន ការ​គ្រប់គ្រង​ចាស់ដៃ​លើ​មធ្យោបាយ​ឃោសនាមហាជន និង​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ដែល​ពន្ធនាគារ​កំពុង​ណែនណាន់ តាន់តាប់​ដោយ​ជន​ប្រព្រឹត្តិ​បទល្មើស។

គឺ​ចំណុច​ខ្វះ​ចន្លោះ​ទំាង​អស់​នេះ​ហើយ​ដែល​គណបក្សប្រឆំាង​បាន​ឆ្លៀត​ឱកាស​បរិហារ ព្រម​ទំាង​មិន​ញញើត​នឹង​ចោទ​លោក Saakachvili ជា​ឧក្រិដ្ឋជន​ទេ។ ដូច្នេះ​ឃើញ​ថា សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ បេក្ខជន​របស់​គណបក្ស​បង្រួបបង្រួមជាតិ​ដែល​ឈរ​ឈ្មោះ​ដោយ​លោក​អតីត​ប្រធាន​រដ្ឋសភា David Bakradzé គ្មាន​ផ្លូវ​នឹង​ឈ្នះ​បេក្ខជន​របស់​គណបក្ស​សុបិន​ប្រជាជន​ហ្សកហ្ស៊ី​ដែល​ជា​បក្សប្រឆំាង​ឈរ​ឈ្មោះ​ដោយ​លោក Guiorgi Margvelachvili ទេ នោះ​បើ​ទោះបី​ជា​រូប​លោក Margvelachvili មិន​សូវ​មាន​អ្នក​ណា​ស្គាល់ និង​គ្មាន​បទបិសោធន៍​នយោបាយ​ក៏​ដោយ។

រូប​ប្រធានាធិបតី​ថ្មី​ត្រូវ​បង្កើន​ទំនាក់ទំនង​ជាមួយ​អតីត​ចៅហ្វាយ​ខ្លួន គឺ​រុស្ស៊ី

ទោះ​បី​ជា​បេក្ខជន​របស់​គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​ក៏​ដោយ ក៏​ប្រទេស​ហ្សកហ្ស៊ី​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បន្ត​ដើរ​តាម​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​បដិវត្តន៍​ផ្កាឈូក​កាល​ពី ១០ឆ្នំា​មុន​ទេ។ បដិវត្តន៍​ផ្កាឈូក​ដែល​បាន​អនុញ្ញាត​ឲ្យ​អតីត​សាធារណរដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត​រួច​ផុត​ពី​ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន។ ក្រោម​ភ្នែក​ចម្រុះ​របស់​ប្រជាជន​ហ្សកហ្ស៊ី​ទូទៅ បដិវត្តន៍​ផ្កាឈូក​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្គាល់​រសជាតិ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​បស្ចិមលោក។

នៅ​ហ្សកហ្ស៊ី​បច្ចុប្បន្ន ឥស្សរជន​នយោបាយ​គ្រប់​រូប ទោះ​បី​ជា​មាន​និន្នាការ​នយោបាយ​ចេញ​មក​ពី​គណបក្ស​មួយ​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​បដិសេធ​ពី​បដិវត្តន៍​ផ្កាឈូក​របស់​លោក​ប្រធានាធិបតី​ផុត​អាណត្តិ Saakachvili ទេ។ តែ​អ្វី​ដែល​អ្នក​ស្នង​តំណែង​ពី​លោក Saakachvili ត្រូវ​បន្ត​ធ្វើ គឺ​ជួយ​លើក​តម្កើង កែតម្រូវ តម្រែតម្រង់​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​បដិវត្តន៍​ផ្កាឈូក​បន្ត​ដើរ​លើ​ផ្លូវ​មួយ​តាម​ឆន្ទៈ​ចង់​បាន​របស់​ប្រជាជន​ហ្សកហ្ស៊ី។ ក្នុង​រយៈពេល ១ឆ្នំា​ចុង​ក្រោយ​នេះ ហ្សកហ្ស៊ី​បាន​ស្គាល់​ការ​គ្រប់គ្រង​ប្រទេស​ដ៏​ប្រទាញប្រទង់​គ្នា​រវាង​លោក​ប្រធានាធិបតី Saakachvili និង​លោក​នាយករដ្ឋមន្រ្តី Bidzina Ivanichvili មក​ពី​គណបក្ស​ប្រឆំាង។

ជាមួយ​នឹង​រូប​លោក​ប្រធានាធិបតី​ថ្មី ហ្សកហ្ស៊ី​សង្ឃឹម​នឹង​គ្មាន​ការ​ដឹកនំា​ប្រទេស​ប្រទាញប្រទង់​គ្នា​ដូច​ក្នុង​រយៈពេល ១ឆ្នំា​កន្លង​ទៅ​ទេ។ ទន្ទឹម​គ្នា​នេះ កិច្ចការ​មួយ​ដែល​រូបលោក​ប្រធានាធិបតី​ថ្មី​មិន​ត្រូវ​ភ្លេច​នោះ គឺ​កាត់​បន្ថយ​ភាពតានតឹង​ជាមួយ​អតីត​ចៅហ្វាយ​របស់​ខ្លួន គឺ​រុស្ស៊ី។ រុស្ស៊ី និង​ហ្សកហ្ស៊ី​ដែល​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ទេ តំាង​ពី​ក្រោយ​សង្រ្គាម​រយៈពេល ៥ថ្ងៃ កាល​ពី​ខែ​សីហា ឆ្នំា ២០០៨។ សង្រ្គាម​ដែល​ហ្សកហ្ស៊ី និង​រុស្ស៊ី​ដណ្តើម​គ្នា​កាន់កាប់​ដែនដី Ossétie ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត