បារាំង

ម៉ាក្រុង៖ ប្រឈម​មុខ​ទប់ទល់នឹង​គំនិត​ឯកតោភាគីនិយម​ គឺត្រូវការ​ដៃគូសហប្រតិបត្តិ​ការកាន់តែច្រើន

ប្រមុខ​រដ្ឋ​បារាំង អេម៉ាណុយអែល ម៉ាក្រុង កំពុង​ថ្លែង​សុន្ទរកថាក្នុងវេទិកា​សន្តិភាព ថ្ងៃទី​១២វិច្ឆិកា
ប្រមុខ​រដ្ឋ​បារាំង អេម៉ាណុយអែល ម៉ាក្រុង កំពុង​ថ្លែង​សុន្ទរកថាក្នុងវេទិកា​សន្តិភាព ថ្ងៃទី​១២វិច្ឆិកា Ludovic Marin/Pool via REUTERS

ប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង មាន​ប្រសាសន៍​ពីថ្ងៃទី​១២វិច្ឆិកាថា ពិភព​លោក​កំពុង​ជួប​នឹង​វិបត្តិ ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​វិបត្តិ​ប្រជាធិបតេយ្យ​។ ហើយ​ដើម្បី​ទប់​នឹងប្រព័ន្ធ​​នយោបាយ​ឯកតោភាគីនិយមថ្មីនេះ​, លោក ម៉ាក្រុង យល់ថា​ អឺរ៉ុប​និង​ចិន ត្រូវការ​ដៃគូសហប្រតិបត្តិ​ការថ្មី។​ នេះគឺជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋ​បារាំង នៅក្នុង​វេទិកាសន្តិភាព រៀបចំ​ជា​លើកទី​២​ នៅក្នុង​ក្រុង​ប៉ារីស​។ 

ផ្សាយពាណិជ្ជកម្ម

«យើង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រព័ន្ធ​​សេដ្ឋកិច្ច​និងនយោបាយពិភពលោក។ ប្រព័ន្ធ​នេះ​ ជា​ប្រព័ន្ធ​សង្គមនិងសេដ្ឋកិច្ច​ ទីផ្សារ​​សេរី, បើក​ចំហ, ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​, ជា​​ប្រព័ន្ធដែល​កើតឡើង​ ក្រោ​យ​សង្គ្រាម​លោកលើកទីពីរ។ យើង​ឃើញថា ក្នុងរយៈពេល​​៧០ឆ្នាំ​កន្លងមកនេះ​ ប្រព័ន្ធ​នេះ មា​នប្រសិទ្ធភាព ក្នុង​ការ​ជួយ​ ឱ្យ​មនុស្ស​រាប់​លាន​ ចេញផុត​ពីភាព​ក្រីក្រ​។

ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ យើងឃើញ​ថាប្រព័ន្ធ​​ ហ្នឹង វាបង្កើត​ឱ្យ​​ជួបបញ្ហា​​វិសមភាព​ថ្មី! ពេលខ្លះ វា​ជា​វិសមភាព​ ដែល​កើត​ឡើង​នៅ​ក្នុង​សង្គមរបស់​យើង​​! បង្កឱ្យ​មា​នការ​បាក់​បែក​នៅក្នុង​សង្គម បង្កើត​ឱ្យ​មាន​​វិបត្តិ​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​មាន​ភាព​សង្ស័យ​មិនទុក​ចិត្ត​ទៅលើ​របៀប​ដឹកនាំ​តាម​បែបប្រជាធិបតេយ្យ​ នៃប្រទេស​លោក​ខាង​លិច​។

មិនតែប៉ុណ្ណោះ វា​បង្កើត​ឱ្យ​មាន​នូវ​​​គំនិត​​ឯកតោភាគី​និយម ដែល ពេល​ខ្លះ គំនិត​​ហ្នឹង​ វាកើត​មាន​នៅក្នុង​ប្រទេស​ ដែលជាសសរស្តម្ភ​ទ្រទ្រង់​ប្រព័ន្ធ​នយោបាយ​និងសេដ្ឋកិច្ចអន្តរជាតិ​ ហ្នឹង​ផងដែរ​​។

ប្រឈម​មុខ​នឹងវិបត្តិ​ទាំងអស់​នេះ យើង​បែរ​ជា​បែកបាក់គ្នា ហើយ​​អ្នកខ្លះ ប្រកាន់​​គំនិត​​ឯកតោភាគីនិយមវិញ​ ដែល​តាម​ពិត​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា គឺ​យើងគួរ​តែ​​ត្រូវការ​ដៃគូសហប្រតិបត្តិ​ការ កាន់​តែ​ខ្លាំង កាន់តែ​ច្រើន​​ ​»។

បើទោះបី​ប្រមុខ​រដ្ឋ​បារាំង មិន​បញ្ជាក់​ឱ្យ​​ច្បាស់​ ក៏​គេ​អាច​ដឹង​ថា លោក ម៉ាក្រុង ​ចង់​មាន​ប្រសាសន៍​មួយ​ផ្នែក​សំដៅ​ទៅ​លើ​នយោបាយ​ឯកតោភាគីនិយម របស់​អាមេរិក ដែល​ដឹកនាំដោយ លោក ដូណាល់ ត្រាំ​។ ការប្រកាន់គំនិតប្រឆាំងនឹងសកលនិយម ឬការគិតគូរតែប្រយោជន៍សួនតួរបស់ប្រទេសខ្លួន គឺជាគ្រោះថ្នាក់មួយ។ គំនិតគិតគូរពីប្រទេសផ្ទាល់ខ្លួនមុនគេ! ជាទស្សនអភិរក្សអាត្មានិយម! ដែលគេបានសង្កេតឃើញថា បាននាំអាទិ៍គេដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកលើកឡើងពីគោលការណ៍ America First «គិតគូរប្រយោជន៍អាមេរិកអាទិភាព»។ មានឧទាហរណ៍​ជាសំអាង​ច្រើនយ៉ាង ដូចជា អាមេរិក ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀម​ប៉ារីស​ស្តីពី​អាកាសធាតុ។ អាមេរិក​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ហើយ​ដើម្បី​គិត​គូរ​ផលប្រយោជន៍​អា​មេរិកមុន​, លោក ត្រាំ ក៏បាន​​ឈ្លោះ​គ្នា​ជាមួយ​ចិន​ក្នុង​សង្គ្រាម​​ពាណិជ្ជកម្ម​ ជាដើម​។​

ជាការកត់សម្គាល់ វេទិកាសន្តិភាព នៅប៉ារីសនេះ គឺគ្មានវត្តមានថ្នាក់ដឹកនាំកំពូលរបស់រដ្ឋសហរដ្ឋអាមេរិក ចូលរួមទេ។​ ប៉ុន្តែ រុស្ស៊ី បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ គឺ​ថ្នាក់រដ្ឋមន្ត្រីការបរទេស ចំណែក​ចិនមាន​តំណាង​ដោយ​អនុប្រធានាធិបតី​ តែម្តង។ ក្នុង​ឱកាស​ថ្លែងការ​ណ៍​ពីម្សិលមិញ អនុប្រធានាធិបតីចិន Wang Qishen ប្រកាសជាថ្មី​ការពារ​យុទ្ធសាស្ត្រ​បើកចំហ ដែល​នាំ​ឱ្យ​ឈ្នះ-ឈ្នះ​ទាំងអស់​គ្នា។ ចិន​ដែល​មាន​អតិថិជន​អ្នក​ប្រើប្រាស់​​ ចំនួន​១,៤ ពាន់​លាននាក់ គឺ​ចិន​នៅតែបន្ត​គាំទ្រ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ និងការ​​បើកជំហ​ទៅកាន់​ពិភពលោក​។

ជាមួយ​គ្នា​នេះ ប្រធាន​គណកម្មការ​សហភាព​អឺរ៉ុប លោកស្រី Ursula von der Leyen ក៏​បាន​លើកឡើង​ក្នុង​វេទិកាសន្តិភាព​​នេះដែរ ថា​សហភាព​អឺរ៉ុបក្រោម​អាណត្តិ​ដឹកនាំ​របស់​លោកស្រី លោកស្រី​នឹង​បន្ត​គាំទ្រ​និង​ជំរុញ​បន្ថែម​ទៀត នូវ​គំនិត​បើ​កចំហ​ទៅកាន់​ពិភព​ខាងក្រៅ​ ពីព្រោះ​ថា យើង​ម្នាក់​ឯង​ នឹង​មិនអាច​ធ្វើ​អ្វី​បាន​ច្រើ​នទេ ប៉ុន្តែ​បើ​ពួត​ដៃ​រួម​គ្នា​ធ្វើ នោះ​គឺនឹង​នាំ​សន្តិភាព​និង​វិបុល​ភាព​សម្រាប់គ្រប់គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI