កម្មករកាន់តែច្រើនធ្វើការតវ៉ាតម្លើងប្រាក់ខែ១៦០ដុល្លារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កម្មករដែលបំរើការងារជាច្រើនរោងចក្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ឈប់ពីការងាររបស់ពួកគេចុះហែរក្បួនតាមផ្លូវ និងធ្វើកូដកម្មនៅមុខរោងចក្ររៀងៗខ្លួន ដើម្បីតវ៉ាឲ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារក្នុងមួយខែ។មន្ត្រីសហជីពនៅថ្ងៃនេះបានអះអាងថា កម្មករស្ទើរគ្រប់រោងចក្របានគាំទ្រដល់ការតវ៉ា ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ និងមន្ត្រីសហជីពមិនគាំទ្ររដ្ឋាភិបាល។ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធ ហើយថាសភាពការណ៍ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។
ភាពប្រសេចប្រសាចដែលបណ្តាលមកពីកម្មករកាត់ដេរនិងដេរស្បែកជើងបានកើតមានម្តងទៀតហើយចាប់តាំងពីព្រឹកព្រលឹមដោយពួកកម្មករដែលដឹកនាំដោយមេដឹកនាំសហជីព បានផ្អើលចេញពីរោងចក្រ ហើយចុះដើរតាមផ្លូវសំខាន់ៗមួយចំនួនពីជាយក្រុងឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ។ ខណៈពេលដូចគ្នានេះដែរ កំណាត់ផ្លូវចូលក្រុងមួយចំនួនត្រូវបានបិទ និងកកស្ទះដោយក្បួនបាតុកម្មរបស់កម្មករ។
គេនៅមិនអាចវាយតម្លៃច្បាស់លាស់ថាមានកម្មករប៉ុន្មានរោងចក្រ ហើយមនុស្សប៉ុន្មាននាក់ បានចេញធ្វើការតវ៉ានៅថ្ងៃនេះនោះទេ។ ក៏ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសហភាពសហជីព
កម្ពុជា បានថ្លែងជាមួយនឹងសម្លេងដោយការដើរនាំក្បួនកម្មករតម្រង់ទៅកាន់ទីស្នាក់ការសមាគមន៍ថៅកែរោងចក្រកាត់ដេរ(GMAC) យ៉ាងត្រហេបត្រហបថា នៅថ្ងៃនេះរោងចក្រស្ទើរតែទាំងអស់បានបិទទ្វារ ហើយកម្មកររាប់ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មទាមទារការតម្លើងប្រាក់ខែគោល ១៦០ដុល្លារ។
នៅឯតាមបណ្តាខេត្តមួយចំនួនវិញមេដឹកនាំសហជីពបានរាយការណ៍ថា យ៉ាងហោចមាន
កម្មករ ជិត១០រោងចក្រដែរ ដែលបានធ្វើកូដកម្មមិនធ្វើការនៅមុខរោងចក្ររបស់ពួកគេ ដោយមិនមានការហែរក្បួននៅខេត្តកំពង់ឆ្នាំង, នេះបើតាមលោក ម៉ាន់ សេងហាក់ អគ្គលេខាធិការ
សហជីពសេរីនៃព្រះរាជាណាចក្រកម្ពុជា។
ងាកទៅមើលមេដឹកនាំគណបក្សប្រឆាំង លោក សម រង្សី ថ្ងៃនេះដែបានដឹកនាំបាតុករតាម
ផ្លូវជាតិលេខ៤ ដើរតម្រង់មកភ្នំពេញស្របពេលដែលសមាជិកជាន់ខ្ពស់របស់គណបក្សនេះ
បានចែកមុខសញ្ញាគ្នាតវ៉ាជាមួយកម្មករតាមគោលដៅរៀងៗខ្លួន។ គ្មានអំពើរហឹង្សារណាមួយ
បានកើតឡើងនោះទេ ក្រៅពីគេឃើញមានវត្តមានសមត្ថកិច្ចចំរុះ នៅតាមតំបន់ដែលមានការ
តវ៉ា។ជាមួយគ្នានេះដែរកម្មករជាច្រើនពាន់នាក់បានមានវត្តមានរួមមកហើយនៅលើទីលាន
ប្រជាធិបតេយ្យ។
មន្ត្រីរក្សាសន្តិសុខរដ្ឋាភិបាលក៏ដូចជាមន្ត្រី GMAC មិនអាចសុំធ្វើការពន្យល់ឬក៏ប៉ាន់ប្រមាណបាននោះទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានប្រាប់អ្នកកាសែតនៅព្រលានយន្តហោះកាលពីព្រឹកមិញថា រដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍ទាំងស្រុង។ លោក រដ្ឋមន្ត្រីបានចោទជាសំណួរថា ប្រសិនបើ
រោងចក្របិទតើលោក សម រង្សី មេដឹកនាំគណបក្សប្រឆាំងអាចរកការងារឲ្យកម្មករធ្វើបានដែរ
ឬទេ?
ជាមួយគ្នានេះសាលាខេត្តស្វាយរៀងបានប្រកាស់ទំលាក់ការទទួលខុសត្រូវទៅលើ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្សី និងមន្ត្រីគណបក្សប្រឆាំង ដែលបាន ញុះញុងដល់កម្មករនៅទីនោះ រយៈពេលបីថ្ងៃកន្លងមក ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សង្វាក់ផលិតកម្មនៃតំបន់ឧស្សាហកម្មមេនហាធេនខេត្តស្វាយរៀង។
សូមបញ្ជាក់ថាកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ គណកម្មការប្រឹក្សាការងារបានសម្រេចតាមរយៈកិច្ចប្រជុំត្រីភាគីមួយថា នឹងតម្លើងប្រាក់ខែគោលដល់កម្មករកាត់ដេរនិងដេរស្បែកជើង ៩៥ដុល្លារ នៅឆ្នាំ២០១៤ ហើយ ឡើងដល់ ១៦០ ដុល្លារនៅឆ្នាំ២០១៨ ក៏ប៉ុន្តែសហជីពមួយចំនួនមិនអាចទទួលយកបាន ហើយបាតុកម្មនិងកូដកម្មក៏បានចាប់ផ្ទុះឡើងភ្លាមៗបន្តរហូតមកដល់ពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ