រុស្ស៊ី

គ្រឿងញៀន​ផ្តាច់ជីវិត​ពលរដ្ឋ​រុស្ស៊ី​អស់ជាង​១លាននាក់​ក្នុង​១ទសវត្សរ៍​

Heroine ​គ្រឿងញៀន​​​​ចេញ​​ពី​​អាហ្វហ្កានីស្ថាន​​​ត្រូវ​​​”ស្ថាប័ន​​រដ្ឋ​រុស្ស៊ី​​ខាងប្រយុទ្ធ​​ទល់នឹង​​គ្រឿងញៀន”​​ វាយតម្លៃ​​ក្នុង​ទឹកប្រាក់​ប្រមាណ​​៦.០០០​លាន​ដុល្លារ​
Heroine ​គ្រឿងញៀន​​​​ចេញ​​ពី​​អាហ្វហ្កានីស្ថាន​​​ត្រូវ​​​”ស្ថាប័ន​​រដ្ឋ​រុស្ស៊ី​​ខាងប្រយុទ្ធ​​ទល់នឹង​​គ្រឿងញៀន”​​ វាយតម្លៃ​​ក្នុង​ទឹកប្រាក់​ប្រមាណ​​៦.០០០​លាន​ដុល្លារ​ D.E.A. / Wikimédia

តួលេខនេះ​មានចែង​ក្នុង​របាយការណ៍​របស់​ ”ស្ថាប័ន​សហព័ន្ធ​រុស្ស៊ី​ខាង​ប្រយុទ្ធ​ទល់នឹង​គ្រឿងញៀន”​ ហៅកាត់​ថា FSKN ​ចេញផ្សាយ​ពេល​រសៀល​ថ្ងៃ​២៥​មិថុនា​ម្សិលមិញ។ ទីផ្សារ​រុស្ស៊ី​នៃធាតុ Heroine ​ មានដើម​កំណើត​ចេញ​មកពី​អាហ្វហ្កានីស្ថាន​ ត្រូវពួក​អ្នកជំនាញ​របស់​”ស្ថាប័ន​រដ្ឋ​រុស្ស៊ី​ខាងប្រយុទ្ធ​ទល់នឹង​គ្រឿងញៀន”​ វាយតម្លៃ​ក្នុងទឹកប្រាក់​រហូត​ដល់​៦.០០០​លាន​ដុល្លារអាមេរិក។

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​របាយការណ៍នេះ​ គិតពី​ឆ្នាំ២០០១​មក​ នៅរុស្ស៊ី​មាន​យុវបុរស​យុវនារី​បាន​ធ្លាក់ខ្លួន​ស្លាប់អស់​ ១លាន​២សែន​នាក់​ឬ ៣/៤​បណ្តាល​មកពី​ការសេព​គ្រឿងញៀន។

 
”ស្ថាប័នរដ្ឋ​រុស្ស៊ីខាង​ប្រយុទ្ធ​ទល់នឹង​គ្រឿងញៀន”​ ហៅកាត់ថា​ FSKN​ លំអិតថា ​ស្ថិតិនេះ ​រាប់តែ​ចំនួន​អ្នកស្លាប់​ដែលមាន​កត់ត្រាឃើញ​ក្នុងវ័យ​ពី​១៥​ដល់​៣៤ឆ្នាំ​ នៅក្នុង​ប្រទេសមួយ​ដែលមាន​បណ្តាជន​ ១៤៣លាននាក់។​ តួលេខ​ផ្លូវការ​ របស់​ស្ថាប័ន​ក៏លើកឡើង​ថា​ ជាសរុប​នៅ​រុស្ស៊ី​មាន​មនុស្ស​ប្រមាណ​ ៥លាននាក់​ឯណោះ ​ដែលប្រើ​គ្រឿងញៀន​ជារឿយៗ។​ ការប្រើ​គ្រឿងញៀន​បានរីក​រាលដាល​យ៉ាងខ្លាំងក្លា​នៅរុស្ស៊ី​ គឺក្រោយ​ពី​សហភាព​សូវៀត​រលំ​រលាយទៅ​ កាលពី​២០ឆ្នាំមុន។

របាយការណ៍​គូស​បញ្ជាក់ថា​ ស្ថានភាព​ក្នុង​វិស័យនេះ​ស្រុតចុះ​ធ្ងន់ធ្ងរ​បណ្តាល​ជាពិសេស​មក​ពី​ចរន្ត​គ្រឿងញៀន​ ហូរ​ចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន​ មកកាន់​ប្រទេស​រុស្ស៊ី​ដោយឆ្លងកាត់​ដែនដី​នៃ​អតីត​សាធារណរដ្ឋ​សូវៀត​ តំបន់​អាស៊ី​កណ្តាល​ បែបយ៉ាង​ តាហ្ស៊ីគីស្ថាន​ជាដើម។

អត្ថបទ​របស់​ស្ថាប័ន​ FSKN​ ក៏លម្អិតថា ​១/៣​នៃ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ក្នុង​ឆ្នាំទៅ​មិញ​នៅរុស្ស៊ី​ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន។​

ទីផ្សារ​រុស្ស៊ី​នៃធាតុ Heroine ​ដែលជា​ប្រភេទមួយ​នៃ​គ្រឿងញៀន​ មានដើម​កំណើត​ចេញ​មកពី​អាហ្វហ្កានីស្ថាន​ ត្រូវពួក​អ្នកជំនាញ​របស់​”ស្ថាប័ន​រដ្ឋ​រុស្ស៊ី​ខាងប្រយុទ្ធ​ទល់នឹង​គ្រឿងញៀន”​ វាយតម្លៃ​ក្នុងទឹកប្រាក់​រហូត​ដល់​៦.០០០​លាន​ដុល្លារអាមេរិក។

ជាការកត់​សម្គាល់​ ទីក្រុងម៉ូស្គូ​តែង​បរិហារ​ជារឿយៗ​ អំពី​ការឡើង​នៃ​ចរន្ត​គ្រឿងញៀន​ ដែលហូរ​ចេញ​មកពី​អាហ្វហ្កានីស្ថាន​ ហើយស្តី​បន្ទោស​កង​កម្លាំង​របស់​លោក​ខាងលិច​ដែល​ប្រចាំការ​ក្នុង​ប្រទេសនេះ​ ដែលមិន​ព្រម​ប្រយុទ្ធ​ឲ្យបាន​ស័ក្តិសិទ្ធិ​ទល់នឹង​ភយន្តរាយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI