កម្ពុជា

ក្រសួង​បរិស្ថាន​សម្ពោធ​រូប​គំនូរ​បរិស្ថាន​លើក​ដំបូង​មុខ​សាលា​ព្រះ​ស៊ី​សុវត្ថិ​

រូបភាពអប់រំពីបរិស្ថាន (Graffiti 3D) ដែលដាក់តាំងមុខសាលាព្រះស៊ីសុវត្ថិ។
រូបភាពអប់រំពីបរិស្ថាន (Graffiti 3D) ដែលដាក់តាំងមុខសាលាព្រះស៊ីសុវត្ថិ។ RFI
១៣ នាទី

ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៨កុម្ភៈនេះ បានដាក់សម្ពោធជាផ្លូវការ នូវផ្ទាំងគំនូរអប់រំបរិស្ថានរបៀប ក្រាវិច ស្រ៊ីឌី (Graffiti 3D) នៅមុខសាលាព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ ការដាក់សម្ពោធរូបគំនូរនេះឡើង ត្រូវបានក្រសួងបរិស្ថាន បញ្ជាក់ថា ដើម្បីជាការបង្ហាញឲ្យសិស្សានុសិស្ស និងសាធារណជន បានយល់ដឹងពីអត្ថប្រយោជន៍នៃការថែរក្សាបរិស្ថាន និងចង់ឲ្យមានការចូលរួមការពារទាំងអស់គ្នា។

ផ្សាយពាណិជ្ជកម្ម

គំនូរអប់រំបរិស្ថានបែបក្រាវិច ស្រ៊ីឌី (Graffiti 3D) ជាលើកដំបូង ដែលក្រសួងបរិស្ថាន បានសម្ពោធដាក់ឲ្យដំណើរការ នៅមុខសាលាព្រះស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញនេះ មានសណ្ឋានជារូបភាពផែនដីមូលមួយ ដែលមានការបកចេញនូវផ្ទាំងបំផុលបរិស្ថានផ្សេងៗ ហើយផែនដីនោះ ពោរពេញដោយភាពស្រស់បំព្រង មានព្រៃឈើព័ណ៌បៃតង មានទឹកសមុទ្រព័ណ៌ខៀវថ្លា មានសត្វម្រឹគ និងបក្សី រស់នៅយ៉ាងសុខសាន្ត បើទោះបីជាមានអគារធំតូច អភិវឌ្ឍព័ទ្ធជុំទីនោះក៏ដោយ។

លោកសាបូ អាហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រូបគំនូរនេះ គឺនិយាយពីភពផែនដី ដែលត្រូវការបរិស្ថាន។ កាលណាតែបរិស្ថានស្អាត នោះផែនដីក៏មានភាពស្រស់ស្អាតដូចគ្នាដែរ។ រូបនេះ ចង់បំផុសស្មារតីដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ដែលឆ្លងកាត់ផ្លូវនេះ ហើយបានឃើញ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតទីក្រុងមួយដែលស្រស់ស្អាត មានព័ណ៌បៃតង។ លោករដ្ឋលេខាធិការរូបនេះ បានទទួលស្គាល់ថា នៅពេលនេះ កម្ពុជា មិនទាន់ទទួលបានភាពបៃតងពីបរិស្ថាននៅឡើយទេ។

លោកសាបូ អាហ្សាណូ បានឲ្យដឹងថា នេះជាជំហានទី១ ដែលក្រសួងបានដាក់តាំងបង្ហាញនូវរូបភាពអប់រំបរិស្ថាននេះ ហើយក្រសួងនឹងបន្តផ្សព្វផ្សាយពីគុណតំលៃនៃបរិស្ថានស្អាតតាមទីសាធារណៈ និងតាមសាលារៀន ជាបន្តទៀត។ កន្លងមក ក្រសួងបរិស្ថាន បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីបញ្ច្រាបវិស័យបរិស្ថាន ចូលក្នុងកម្មវិធីសិក្សា តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា។ 

សូមបញ្ជាក់ថា រូបគំនូរនេះ ត្រូវបានគូរឡើង ដោយក្រុមហ៊ុន Blue Media ដែលមានវិចិត្រករឈ្មោះរិន ហឿត។ ហើយរូបនេះ ត្រូវចំណាយពេលវេលាទាំងការគិត និងការគូរ ប្រហែលជាមួយឆ្នាំ ក្រោមការជួយជ្រោមជ្រែង ទាំងគំនិត និងថវិកា ពីក្រសួងបរិស្ថាន មន្ទីរអប់រំរាជធានីភ្នំពេញ និងសហព័ន្ធសហភាពយុវជនកម្ពុជា។ បើតាមក្រុមហ៊ុន Blue Media រូបនេះ ត្រូវបានគូរលើបន្ទះក្តាស្មាច់ និងប្រើព័ណ៌ប្រេង ដើម្បីបំផុសរូប ហើយថវិកា ដែលចំណាយសម្រាប់គំនូរនេះ គឺអស់ប្រហែលជា ៥ពាន់ដុល្លារអាមេរិក។ វិចិត្រករ លោករិន ហឿត បានឲ្យដឹងថា រូបនេះ នឹងមានស្ថេរភាពតាំងបានប្រហែលជា កន្លះឆ្នាំ ទើបអាចមានការប្រែប្រួលព័ណ៌តិចតួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI