អានតួអត្ថបទ
កម្ពុជា

ERA និង​គណបក្ស​​ភាគ​ច្រើន​ស្នើ​កែ​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​មាន​ឯកត្តនាម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា Siv Channa/RFI
១៨ នាទី

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និង​គណបក្ស​នយោបាយនៅកម្ពុជា លើកលែង​តែ​គណបក្ស​​ប្រជាជន​កម្ពុជា នៅព្រឹក​ថ្ងៃទី២៤ធ្នូនេះ បាន​​ជួប​ជុំ​គ្នា​​រៀបចំ​​កិច្ច​​ពិភាក្សា​​តុមូលមួយ នៅ​សណ្ឋាគារសាន់វេ។ ជាកិច្ច​ពិភាក្សា ដើម្បី​ដាក់​​សំណើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ដោយ​ERA បានលើក​យក​ជំពូក​ទី​៩ ដែល​ជា​ជំពូក​បន្ថែម​​មក​ពិភាក្សា។ បន្ទាប់​ពី​កិច្ច​​ប្រជុំ​ពេញ​មួយ​ព្រឹក​ ភាគី​ទាំងអស់ ស្នើ​ឲ្យ​​មាន​​ការ​​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​ឯកត្តនាម។

ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA ចង់ឲ្យ​កម្ពុជា គួរ​ពិចារណា​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​​បែប​ចម្រុះ សមាមាត្រ និង​ឯកត្តនាម ឬក្រុម​ឯកជន។ សំណើរទាំងនេះ គឺ​ដើម្បី​អាច​បើក​ឲ្យ​​មាន​បេក្ខជន ឬក្រុម​ឯករាជ្យ អាចឈរឈ្មោះប្រកួតប្រជែង នៅក្នុងការ​បោះឆ្នោតបាន។ តាម ERA នេះគឺមានន័យថា ​បុគ្គលឯករាជ្យ អាចឈរឈ្មោះឲ្យ​គេបោះឆ្នោត​បាន​ ដោយ​មិន​បាច់ចូលរួម​ក្នុង​គណបក្ស​នយោបាយនោះទេ។

ក្នុងនោះ ERA និង​គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំនោះ ចង់បាន​ប្រព័ន្ធសមាមាត្រ ជាភាគរយ​ សម្រាប់ចំនួនអាសនៈក្នុងរដ្ឋសភា។ ERA យល់ឃើញថា ដោយ​សារ​សព្វ​ថ្ងៃ កម្ពុជា បាន​ប្រើប្រព័ន្ធគិត​មធ្យមភាគខ្ពស់បំផុត ដូច្នេះទើបគណបក្ស​នយោបាយ​មួយ​ចំនួន​ ដែល​មាន​សម្លេងគាំទ្រ តែមិន​គ្រប់តាម​ចំនួន​កៅអី មិន​អាចចូលរួម​បំពេញ​ការងារ​ជាអ្នក​តំណាងរាស្ត្រក្នុងរដ្ឋសភា​បាន។ ERA បញ្ជាក់ថា ប្រព័ន្ធសមាមាត្រ គិត​ជាភាគរយ នឹង​អាចឲ្យ​គណបក្ស​ដែល​មាន​សម្លេងគាំទ្រ​នោះ អាចមានលទ្ធភាព​ធ្វើការ​ជាមួយគណបក្ស​ដែលទទួលបាន​សម្លេងច្រើន ហើយ​សភា នឹង​ក្លាយ​ទៅជាសភាសេរីពហុបក្ស ស្របតាម​គោលការណ៍រដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា។

លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​គាំទ្រ​ប្រព័ន្ធបោះឆ្នោត​ឯកត្តនាម និង​សមាមាត្រ។ លោក​បាន​មាន​ប្រសាសន៍ថា បើប្រព័ន្ធ​សមាមាត្រ​ជាភាគរយ ត្រូវបាន​អនុវត្ត នោះគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​មាន​សម្លេង​បម្រើ​ការងារ​ក្នុងសភាដែរ ហើយ​ជាផល​ប្រយោជន៍ ដើម្បីទប់ស្កាត់កុំឲ្យ​មាន​សភាឯកបក្ស។

លោក​កៅ ភិរម្យ តំណាងរាស្ត្រខេត្ត​ក្រចេះ របស់គណបក្ស​សង្គ្រោះជាតិ បាន​លើកឡើងថា គណបក្ស​របស់លោក​ក៏ចង់បាន​ប្រព័ន្ធបែបនេះដែរ ប៉ុន្តែគោលការណ៍នៃការ​កែទម្រង់ គឺ​ពិត​ជា​ត្រូវ​ការ​​ពេលវេលាយូរ។ លោក​ថា ក្រុមបច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និងសង្គ្រោះជាតិ បាន​ជួបគ្នា​២ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បី​និយាយ​ពីកំណែទម្រង់​គ.ជ.ប ឲ្យ​កាន់តែមានឯករាជ្យ​ភាព​បន្ថែមទៀត។

ក្នុងនោះ ERA ក៏បាន​ស្នើឲ្យ​មានការ​តំលើងចំនួន​អាសនៈក្នុងរដ្ឋសភាផងដែរ ដោយ​ផ្អែកថា ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្នពេលមានកើនឡើង។ តែសំណើរនេះគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាបក្ស​កាន់អំណាច យល់ថា​មិន​ចាំបាច់ នៅពេលនេះ។

គួរជម្រាបជូនថា ERA បាន​ស្នើសេចក្តីព្រាងច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ដោយ​បាន​បង្កើតជំពូកថ្មីមួយ គឺជំពូកទី៩ ស្តីពីយន្តការគាំទ្រសន្តិសុខ សុចរិតភាព និង​យុត្តិធម៌​នៃ​ការបោះឆ្នោត។ នៅក្នុងជំពូកទី៩នោះ គឺមានបែងចែកទាក់ទង​នឹង​គណៈកម្មការ​សន្តិសុខ​សម្រាប់ការបោះឆ្នោត, គណៈកម្មការយុត្តិធម៌សម្រាប់ការបោះឆ្នោត, ភ្នាក់ងារ​នៃ​គណបក្ស​​នយោបាយ​ និងអ្នក​សង្គេតការណ៍ និង​គណៈកម្មាការ​គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ នៅក្នុងអំឡុងពេល​បោះឆ្នោត។ ជាជំពូកដែលគណបក្ស​ជាប់ឆ្នោតទាំងពីរ កំពុងតែពិភាក្សា​គ្នានៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ