អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តួកគី​​បន្ត​​បោសសម្អាត​​ផ្ទៃក្នុង​ ​លោក​អ៊ែរដូហ្កាន​​​ប្រតិកម្ម​​តប​​​ការ​រិះគន់​​របស់​​ប្រទេស​​លោកខាងលិច​

សំឡេង ០៤:៤៣
ប្រធានាធិបតី​តួកគី លោក ​អ៊ែរដូហ្កាន
ប្រធានាធិបតី​តួកគី លោក ​អ៊ែរដូហ្កាន Reuters
ដោយ៖ ព្រំ សឿន សូលីណា
៣២ នាទី

ការបោស​សម្អាតផ្ទៃក្នុង​​​ក្រោយ​រដ្ឋប្រហារ​១៥កក្កដា នៅ​តួកគី នៅតែ​បន្តធ្វើ និង​បាន​ឈាន​ចូល​​ដល់​​ការចាប់ខ្លួន​អ្នក​សារព័ត៌មាន​និង​ថ្នាក់ដឹកនាំ​​ សហគ្រាស​ធំៗ។ តុលាការ​​បាន​សម្រេចឃុំខ្លួ​នអ្នកកាសែត​​​១៧នាក់ ជាប់ពិរុទ្ធ​ថា​​​ ​​​ជា​សមាជិក​​ក្រុមភេរវជន។ ក្នុង​ចំណោម​អ្នកកាសែត​​ទាំងនេះ​​ ​​មា​ន​ស្ត្រី​​ជា​អតីត​តំណាងរាស្ត្រ​ម្នាក់ ​​​ធ្លាប់​បំរើការ​អោយ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​មួយ​ក្នុងស្រុក​។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​ម្សិលមិញ ​មេដឹកនាំ​សហគ្រាស​សំខាន់​​៣នាក់​ក៏ត្រូវ​អាជ្ញាធរ​ចាប់ខ្លួនផងដែរ​​ ក្នុង​ក្របខណ្ឌ​​ស៊ើប​អង្កេត​ទាក់ទង​​​បណ្តាញ​ក្រុម​លោក​ហ្វេទូឡា ហ្គូឡិន ដែល​រដ្ឋាភិបាល​ចោទថា នៅ​ពីក្រោយ​រដ្ឋប្រហារ​មិនបានសម្រច​កន្លងទៅ។ ​

លោក​អ៊ែរដូហ្កាន ឆ្លើយតប​នឹង​ការរិះគន់​របស់​លោកខាងលិច
ប្រធានាធិបតី​អ៊ែរដូហ្កាន ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​របស់​​ប្រទេស​លោកខាងលិច ចំពោះ​ការ​បោសសម្អាត​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ ដោយ​ប្រាប់​អាមេរិក​​និង​អឺរ៉ុប​អោយ​គិតគូរ​ចំពោះតែ​​រឿង​ផ្ទាល់ខ្លួនវិញទៅ។ លោក​អ៊ែរដូហ្កាន ​​ប្រើឃ្លា​ប្រយោគថា​ មេដឹកនាំ​ប្រទេស​ទាំងនេះ​មិនបាន​​បារម្ភ​ពី​លទ្ធិប្រជា​ធិបតេយ្យ​តួកគី ពី​ប្រជាជន​និង​អនាគត​តួកគីអីទេ។ ពួកគេរវល់​តែ​​ពីរឿង​​ជោគវាសនា​​ក្រុមបះបោរ​រដ្ឋប្រហារ។ ពួកគេ​មិនអាច​ធ្វើជាមិត្ត​នឹង​យើងទេ។

លោក​អ៊ែរដូហ្កាន​សោកស្តាយ​ថា ​តាំងពី​មាន​រដ្ឋប្រហារ​មិនបានសម្រេច​ថ្ងៃ១៥កក្កដាមក ​មិនទាន់​មា​នមេដឹកនាំ រឺ​តំណាង​ប្រទេស​លោក​ខាងលិច​ណាមួយ ចុះ​មកទស្សនកិច្ច​នៅ​តួកគីទេ។ តែ​​លោក​អ៊ែរដូហ្កាន​បាន​ឆ្លៀត​​អួតទៅវិញ​ដែរ ​នូវ​ភាព​មេត្តាធម៌របស់​លោក។ ​លោកថា​លែង​ប្តឹង​មនុស្ស​រាប់រយនាក់​​ដែលបាន​ជេរប្រមាថ​លោក។

ប្រធានាធិបតី​តួកគី​​មិនពេញចិត្ត​​សហភាពអឺរ៉ុប​ប៉ុន្មានទេ ដែល​​បានគំរាម​តួកគី​ចំពោះ​ការសុំចូល​ជា​សមាជិក​អឺរ៉ុប។​​ ប្រឈមនឹង​ការ​បោសសម្អាត​ផ្ទៃក្នុងទ្រង់ទ្រាយ​ធំ​​ ​អឺរ៉ុបបាន​​ព្រមានដោយ​ប្រយោល​​ថា អាច​នឹងព្យួរ​ការចរចា​ទាក់ទង​ការសុំចូល​​របស់​តួកគី​ជា​​សមាជិ​កអឺរ៉ុប​ បើ​តួកគី​មិន​គោរព​គោលការណ៍​ច្បាប់​ គោលការណ៍​សិទ្ធិមនុស្សមូលដ្ឋាន។

ម្សិលមិញដែរ​ ​លោកអ៊ែរដូហ្កាន​​ចោទលោក ​Joe Votel ចូ វោទែល ជា​​ឧត្តមសេនីយ៍​​​យោធា​អាមេរិក​នៅ​ដើមបូព៌ា​ ​ថា​ កាន់ជើង​ក្រុមបះបោរ​រដ្ឋប្រហារ។ មូលហេតុ​ដោយសារ​លោក​ចូ វោទែលនេះ ​បានលើកឡើង​ពីទំនាក់ទំនង​តួកគី-អាមេរិក ព្រោះថា ​មាន​​ទាហាន​តួកគី​មួយចំនួន​ដែល​ធ្លាប់​មានទំនាក់ទំនង​ជាមួយ​​អាមេរិក ត្រូវបានអាជ្ញាធរ​​ចាប់ដាក់គុក។ មេយោធា​អាមេរិក​រូបនេះ​បានឆ្លើយ​បដិសេធ​ការចោទ​ប្រកាន់​​របស់​លោកអ៊ែរដូហ្កាន​​ទាំងស្រុង។ ​សេតវិមា​នអាមេរិក​បាន​គូសបញ្ជាក់​​ឡើងវិញ​ថា អាមេរិក​មីនបានគាំទ្រ​​ក្រុម​បង្ក​រដ្ឋប្រហារ​តួកគី​ទេ។ ​

ផលវិបាក​នៃ​ការ​បោសសំអាត​ផ្ទៃក្នុង​តួកគីចំពោះ​​​ទំនាក់ទំនងរវាង​តួកគី​ជាមួយ​ ​អឺរ៉ុប​ និងអាមេរិក
សហភាព​អឺរ៉ុប​កំពុង​​​បារម្ភ​ ថា វា​អាច​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​តួកគី-អឺរ៉ុប ស្តីពី​ការ​​ទប់ស្កាត់​លំហូរចូល​ជនភៀសខ្លួន​ មកអឺរ៉ុប។ កិច្ចព្រមព្រៀង​នេះ ​ធ្វើឡើង​កាលពី​ខែមិនា ចែង​បញ្ជូន​ជនភៀសខ្លួន​គ្រប់សញ្ជាតិ ដូចជា​ស៊ិរី ​អ៊ីរ៉ាក់ជាដើម ​​ចេញពី​​ក្រិក​ បញ្ជូន​ទៅ​តួកគី​ទាំងអស់។ ជាថ្នូរ​មកវិញ អឺរ៉ុប​ទទួលយក​ជនភៀសខ្លួន​ស៊ិរី តួកគី​ទទួលបាន​ជំនួយ​៣ពាន់លាន​អឺរ៉ូ ហើយពលរដ្ឋ​តួកគី​ធ្វើដំណើរ​មកអឺរ៉ុប​ដោយ​មិនចាំ​បាច់​មានទិដ្ឋាការ​អ្វី​ទេ។ ស្របតាម​កិច្ច​ព្រមព្រៀង​​នេះ បារាំង​និង​អាល្លឺម៉ង់​បានដាក់​​ភ្នាក់ងារ​ការពារ​ព្រំដែន ធ្វើអោយ​​ការហូរចូល​ជនភៀសខ្លួន​ថយចុះ​ជាងមុន។

ក្រោយ​រដ្ឋប្រហារ​នេះ មន្ត្រី​ធំៗ​ដែល​ទទួលបន្ទុក​កិច្ចព្រមព្រៀង​តួកគី-អឺរ៉ុប ត្រូវគេ​បណ្តេញ​ពីការងារ។ ​នៅមិនទាន់​មាន​អ្នកឡើង​មកជំនួស​ការងារ​បន្ត​ពីពួកគេ​ទេ។ កិច្ចព្រមព្រៀង​តួកគី-អឺរ៉ុបនេះ អាចជួបបញ្ហា​គ្រប់ពេល ព្រោះ​លោក​អ៊ែរដូហ្កាន​ធ្លាប់​ព្រមាន​​ច្រើនលើកហើយ​ថា លោក​អាច​នឹង​ពិនិត្យ​មើលវា​ឡើងវិញ។ អឺរ៉ុប​រិះគន់​តួកគី​រឿង​បោសសម្អាត​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ​ខ្លាំង​យ៉ាងនេះ​ លោក​អ៊ែរដូហ្កាន​អាច​នឹង​ព្រលះ​អឺរ៉ុបតាម​រយៈកិច្ចព្រមព្រៀង​នេះវិញក៏ថាបាន។

ទំនាក់ទំនង​តួកគី​ជាមួយ​អាមេរិកវិញ ប្រហែល​កាន់តែ​តានតឹង​ជាងមុន។ យើងដឹងថា​ ប្រទេស​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក ​កំពុង​​​កំចាត់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ដើមបូព៌ា។ យុទ្ធនាការ​នេះ​ត្រូវការ​តួកគី​ចៀសមិនរួច។ អាមេរិក​ប្រើ​មូលដ្ឋានទ័ពអាកាស​មួយនៅតួកគី។ តែ​តួកគី​បានបិទ​លំហអាកាស ក្រោ​យមាន​រដ្ឋប្រហារ១៥កក្កដា ធ្វើអោយ​អាមេរិក​ពិបាក​។ បើ​អាមេរិក​មិនបន្ទន់​ជំហរ​បន្តិច​​ប្រហែល​កាន់តែ​ពិបាកជាងនេះ។ ទោះយ៉ាងនេះក្តី តួកគី​​អះអាង​ថា នៅតែ​​​បន្ត​កិច្ចការ​កំចាត់​ក្រុម​ភេរវជន​។

ហ្វេទូឡា ហ្គូឡិន​ដែល​តួកគី​​ចោទថា នៅ​ពីក្រោយ​ខ្នង​រដ្ឋប្រហារ កំពុង​ភៀសខ្លួន​នៅអាមេរិក។ លោក​អ៊ែរដូហ្កាន​មិនសប្បាយចិត្ត​​​ប៉ុន្មានទេ ដែលអាមេរិក​​​មិនទាន់​បញ្ជូន​លោក​ហ្គូឡិន ដែល​ជា​សត្រូវ​សួរពូជ​មកអោយ​តួកគី​កាត់ទោស។
 
អាមេរិក​កំពុង​ពិនិត្យ​ឯកសារ​ភស្តុតាង​របស់​តួកគី ប្រឆាំង​ហ្វេទូឡា ហ្គូឡិន
លោក​ហ្វេទូឡា​ ហ្គូឡិន​ដែល​ត្រូវតួកគី​ចោទថា មេ​រដ្ឋប្រហារ​មិនបានសម្រេច​នោះ កំពុង​ភៀសខ្លួន​នៅអាមេរិក។ ​អាមេរិ​កទាមទារ​ភស្តុតាងពី​តួកគីថា ​ហ្គូឡិនពិតជា​បាន​រៀបចំ​អោយ​មាន​រដ្ឋប្រហារ​នោះមែន។ កន្លងមក ​តួកគី​បានបញ្ជូន​ឯកសារ​ជាភស្តុតាង​ ទៅ​អោយ​អាជ្ញាធរ​អាមេរិក រួចហើយ​ដែរ។ ពេលនេះ ​អាមេរិក​ប្រាប់ថា កំពុង​ពិនិត្យ​សំណុំរឿងនេះ​ តែ​​គេមិនដឹង​ថា ពេលណា ទើបអាមេរិក​ចេញ​សេចក្តី​សម្រេច​​ ​រឿងនេះទេ។

ការ​បោសសំអាត​ផ្ទៃក្នុង​​​បន្តធ្វើ​រាល់ថ្ងៃ
២សប្តាហ៍​ក្រោយ​រដ្ឋប្រហារ​ ​ការបោស​សំអាត​​​នៅតែ​បន្តធ្វើ​​​ តាម​គ្រប់​ក្រសួងមន្ទីរ។ ជា​តួលេខ សារព័ត៌មាន​ជាង​១៣០ត្រូវបិទ​ដំណើរការ។ អាជ្ញាធរបាន​​ដកហូត​លិខិតឆ្លងដែន​​​​​ប្រមាណ​​​កន្លះសែន។ មនុស្ស​១៨០០០នាក់​ត្រូវឃុំខ្លួន ក្នុង​នោះជិត​​១០០០០នាក់ ​​រង់ចាំ​ការសម្រេច​ពី​​តុលាការ។ សេនាប្រមុខ​កងទ័ព​ជាងពាក់កណ្តាល​ត្រូវ​ដកហូត​តំណែង។ តួកគី​​បានតែងតាំង​កងទ័ព​រៀបចំ​កងទ័ព​ឡើងវិញ​ដែរ។

ក្រៅពី​ការ​កាត់ទោស​អ្នកកាសែត ម្សិលមិញ គេចាប់ខ្លួន​រហូត​​ប្រធាន​ក្រុមហ៊ុន​ទៀតផង គឺ​ចាប់ខ្លួន​​​លោក​​មូស្តាហ្វា បយដាក់ Mustafa Boydak ជា​ប្រធាន​ក្រុមហ៊ុន​​​ បយដាក់ ហូលឌីង Boydak Holding និងអ្នក​ជំនិត​លោក​២នាក់ទៀត។ ក្រុមហ៊ុន​​នេះ មាន​ភាគហ៊ុន​ក្នុង​ផ្នែកថាមពល ហិរញ្ញវត្ថុ​ និង​គ្រឿងសង្ហារិម​នៅ​តួកគី។ លោក​បយដាក់ជាប្រធាន​ក្រុមហ៊ុន​​នេះ ក៏ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​​ក្រុងអភិវឌ្ឍន៍ជឿនលឿន​ ​​Kayseri ដ៏ល្បី​នៅ​តួកគី​ដែរ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ