ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចារកិច្ច៖បារំាង និង​អាល្លឺម៉ង់​ដំឡើង​សម្លេង​ដាក់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿង​ចារកិច្ច​អាមេរិក​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន មាន​បារំាង និង​ប្រទេស​អាល្លឺម៉ង់​បាន​និង​កំពុង​បន្ត​ខ្ចរខ្ចាយ​យ៉ាង​ខ្លំាង។ នៅ​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​រយៈពេល ២ថ្ងៃ​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ តុលា​ម្សិលមិញ សំណុំរឿង​ចារកិច្ច​អាមេរិក​មួយ​នេះ​ហាក់​ដូច​ជា​បាន​គ្រប់ដណ្តប់​សឹង​តែ​ទំាង​ស្រុង​នៅ​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល។ នៅ​ថ្ងៃ​នេះ​ទៀត កាសែត​អង់គ្លេស​ទើប​នឹង​បាន​បញ្ចេញ​ព័ត៌មាន​ថ្មី​ទៀត​ដែល​អះអាង​ថា ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​លួចស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ ឬ​លួច​មើល​សារ​អេឡិចត្រូនិក​របស់​បណ្តា​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​ចំនួន ៣៥រូប​នៅ​ទូទាំង​ពិភពលោក។ តែ​នៅ​ពេល​នេះ មាន​តែ​បារំាង និង​អាល្លឺម៉ង់​ទេ​ដែល​បាន​ផ្តួចផ្តើម​គំនិត​រួម​គ្នា​មួយ​ក្នុង​ការ​នំា​អាមេរិក​ឲ្យ​អនុម័ត​នូវ​ច្បាប់​រួម​មួយ​ស្តីពី​វិស័យ​ស៊ើបអង្កេត។

លោកស្រីនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel និង​លោក​ប្រធានាធិបតី​បារំាង François Hollande
លោកស្រីនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel និង​លោក​ប្រធានាធិបតី​បារំាង François Hollande REUTERS/Bundesregierung/Guido Bergmann/Pool
ផ្សាយពាណិជ្ជកម្ម

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព័ត៌មាន​ស្តីពី​សកម្មភាព​ចារកិច្ច​របស់​អាមេរិក​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​លោក ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ទម្លាយ​ឲ្យ​ដឹង​ជា​បន្តបន្តាប់ ដោយ​ផ្អែក​លើ​ឯកសារ​សម្ងាត់​​បាន​មក​ពី Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA (National Security Agency) ដែល​បច្ចុប្បន្ន​កំពុង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ព័ត៌មាន​ធ្លាយ​ចុង​ក្រោយ គឺ​មាន​ជាប់​ទាក់ទង​នឹង​ប្រទេស​បារំាង និង​អាល្លឺម៉ង់។ ដោយឡែក​នៅ​ថ្ងៃ​នេះ មាន​រឿង​ថ្មី​មួយ​ទៀត​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​អង់គ្លេស​ដែល​ថា ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​លួចស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ ឬ​លួច​មើល​សារ​អេឡិចត្រូនិក​របស់​បណ្តា​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​ចំនួន ៣៥រូប​នៅ​ទូទាំង​ពិភពលោក។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រទេស​ណា​ខ្លះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ បារំាង និង​អាល្លឺម៉ង់​កំពុង​បន្ត​ក្តៅក្រហាយ និង​បាន​សម្តែង​ការ​តូចចិត្ត​ខ្លំាង​ណាស់​ចំពោះ​ទង្វើ​របស់​អាមេរិក។ សម្រាប់​ប្រទេស​បារំាង លោក​ប្រធានាធិបតី François Hollande បាន​ចាត់​ទុក​ទង្វើ​របស់​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ថា​ជា​ទង្វើ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។
 

លោក​ប្រធានាធិបតី​បារំាង François Hollande
លោក​ប្រធានាធិបតី​បារំាង François Hollande REUTERS/Francois Mori/Pool

« វា​មាន​ទង្វើ និង​កាយវិការ​មួយ​ចំនួន​ដែល​គេ​មិន​អាច​ទទួល​យក​បាន​ទេ។ នៅ​ពេល​ដែល​បញ្ហា​មួយ​បាន​កើត​មាន​ជ្រុលហួស ទាក់ទង​នឹង​ការ​លួចស្តាប់​ទូរស័ព្ទ ដូច​ករណី​ការ​លួច​ស្តាប់​ពី​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក និង​ដែល​អាច​មាន​ជាប់​ទាក់ទង​នឹង​ពលរដ្ឋ​គ្រប់រូប ព្រម​ទំាង​ថ្នាក់​ដឹកនំា​អឺរ៉ុប​មួយ​ចំនួន​ផង​នោះ គេ​ត្រូវ​តែ​​ចាត់វិធានការ និង​សុំ​ការ​ពន្យល់​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់។ គឺ​ជា​សំណុំរឿង​មួយ​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​ទេ ព្រោះ​ថា យើង​បាន​ដឹង​យ៉ាង​ច្បាស់​នឹង​មាន​ការ​លេច​ឡើង​ថ្មីៗ​ទៀត​នៅ​ពេល​ខាង​មុខ។ ដូច្នេះ គេ​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​ភ្លាមៗ ជា​ជាង​រង់ចំា​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ដោយ​ផ្អែក​លើ​ឯកសារ​របស់ Edward Snowden។ គេ​ត្រូវ​តែ​ទទួល​បាន​ការ​ពន្យល់​បកស្រាយ​ច្បាស់លាស់ ព្រោះ​ថា សេចក្តីទុកចិត្ត​រវាង​សម្ព័ន្ធមិត្ត គឺ​សំខាន់​ណាស់។ ប្រសិន​បើ​យើង​ចង់​ធ្វើ​ការ​ជាមួយ​​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួម ដូច​យ៉ាង​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម យើង​ត្រូវ​តែ​មាន​ច្បាប់​សម្រាប់​អឺរ៉ុប និង​សម្រាប់​សហរដ្ឋអាមេរិក »

ខុស​ពី​លោក François Hollande លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel មិន​អាច​ទប់​កំហឹង​របស់​លោកស្រី​បាន​ឡើយ។ ទប់​មិន​បាន ព្រោះ​ទូរស័ព្ទ​ដៃ​របស់​លោកស្រី​ត្រូវ​បាន​​ទីភ្នាក់ងារចារកិច្ច​អាមេរិក​លួច​ស្តាប់។ ភ្លាមៗ លោកស្រី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ថា​គេ​មិន​ដែល​ធ្វើ​ចារកិច្ច​រវាង​ប្រទេស​ជាមិត្ត​គ្នា​ឯង​ទេ។
 

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel REUTERS

« តំាងពី​ដើម​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​នូវ​រឿងចារកិច្ចអាមេរិក ខ្ញុំ​បាន​និយាយ​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ថា ទង្វើ​ចារកិច្ច​រវាង​ប្រទេស​ជាមិត្ត ជា​ទង្វើ​មួយ​ដែល​មិន​ត្រូវ​កើត​មាន​ទេ។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​លោក​អូបាម៉ា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ក្នុង​ទីក្រុង​ប៊ែរឡំាង ហើយ​ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ម្តង​ទៀត​នៅ​ថ្ងៃ​ម្សិលមិញ​តាម​ទូរស័ព្ទ។ ខ្ញុំ​មិន​បាន​គិត​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ម្នាក់​ទេ តែ​ខ្ញុំ​គិត​សម្រាប់​ប្រជាជន​អាល្លឺម៉ង់​ទំាង​អស់។ យើង​ត្រូវ​ការ​សេចក្តីទុកចិត្ត​រវាង​ប្រទេស​ជា​ដៃគូ ហើយ​សេចក្តីទុកចិត្ត​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​គោរព។ គេ​ត្រូវ​តែ​គិតគូរ​អំពី​យន្តការ​ក្នុង​ការ​ការពារ​ដែល​យើង​ត្រូវ​ការ។ គេ​ត្រូវ​គិតគូរ​អំពី​តម្លាភាព។ យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​រួម​ដូច​គ្នា។ តែ​សម្ព័ន្ធមិត្ត​របស់​យើង​ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សូម​រម្លឹក​ឡើង​វិញ​ថា គេ​មិន​ដែល​ធ្វើ​ចារកិច្ច​រវាង​ប្រទេស​ជាមិត្ត​ទេ។ ទំាង​នេះ មាន​ជាប់​ទាក់ទង​នឹង​ប្រជាជន​អាល្លឺម៉ង់​គ្រប់រូប។ គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ខ្ញុំ​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ដើម្បី​ធ្វើ​យ៉ាង​ណា ការពារ​មិន​ឲ្យ​មាន​ពលរដ្ឋ​អាល្លឺម៉ង់​ណា​ម្នាក់​ស្ថិត​ក្រោម​ចារកិច្ច​របស់​ប្រទេស​ណា​មួយ​ទេ »

ក្រៅ​ពី​ប្រទេស​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ មាន​បារំាង និង​អាល្លឺម៉ង់ សំណុំរឿង​ចារកិច្ច​អាមេរិក​បាន​ក្លាយ​ជា​ប្រធានក្តៅ​មិន​បាន​ព្រៀង​ទុក​ជាមុន​នៅ​ក្នុង​ជំនួបកំពូល​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិច។ ជា​ទូទៅ មាន​ថ្នាក់ដឹកនំា​អឺរ៉ុប​មួយ​ចំនួន​ធំ​បាន​សម្តែង​ការ​តក់ស្លុត​យ៉ាង​ខ្លំាង​ចំពោះ​ការ​ផ្ទុះ​ចេញ​នូវ​រឿង​អាស្រូវ​នេះ។ រឿង​អាស្រូវ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Barroso ប្រៀបប្រដូច​ទៅ​នឹង​ប៉ូលិស​នៃ​របប​ផ្តាច់ការ។
 

លោក​ប្រធានគណៈកម្មការ​អឺរ៉ុប José Manuel Barroso
លោក​ប្រធានគណៈកម្មការ​អឺរ៉ុប José Manuel Barroso REUTERS/Vincent Kessler

« គឺជាសំណួរមួយយ៉ាងសំខាន់។ យើង​នឹង​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​បាន​ទេ។ សម្រាប់​យើង គឺ​ជា​រឿង​មួយ​សំខាន់ និង​ងាយ​យល់​ណាស់ ប្រសិន​បើ​គេ​បែរ​ក្រោយ​ត្រឡប់​ទៅ​មើល​នៅ​ក្នុង​អតីតកាល​របស់​ប្រទេស​មួយ​ចំនួន។ ជាក់ស្តែង នៅ​អាល្លឺម៉ង់​ខាងកើត​កាល​ក្នុង​របបកុម្មុយនិស្ត គេ​បាន​សង្កេត​ឃើញ​មាន​កងប៉ូលិស​នយោបាយ​ដែល​បាន​តាម​ឃ្លំា​មើល​ជីវិត​រស់នៅ​របស់​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។
 
តាម​រយៈ​ទង្វើ​នេះ យើង​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​បំណង​របស់​របប​ផ្តាច់ការ។ យើង​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​ផលវិបាក​របស់​វា នៅ​ពេល​ដែល​រដ្ឋ​បាន​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ជ្រៀតជ្រែក​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ។
 
ដូច្នេះ វា​ពិត​ជា​រឿង​មួយ​សំខាន់​ណាស់ មិន​មែន​សំខាន់​សម្រាប់​តែ​ប្រទេស​អាល្លឺម៉ង់​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​សំខាន់​សម្រាប់​សហភាព​អឺរ៉ុប​ទំាង​មូល។ សិទ្ធិសេរីភាព​រស់នៅ​ក្នុង​ជីវិត​ឯកជន និង​ការការពារ​គ្រប់ទិន្ន័យ​ទំាង​អស់ ទំាង​នេះ​មាន​ជាប់ទាក់ទង​នឹង​គ្រប់​ប្រទេស​សមាជិក​អឺរ៉ុប​ទំាង​អស់ ហើយ​យើង​នឹង​ព្យាយាម​ទាមទារ​ឲ្យ​មាន​ការ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​បញ្ហា​នេះ »

យ៉ាង​ណា​ក៏​ដោយ ការ​បែក​ធ្លាយ​នូវ​សំណុំរឿង​ចារកិច្ច​អាមេរិក​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ពេល​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិកំាង​ក្រពុលមុខ​យ៉ាង​ខ្លំាង។ លោក Jay Carney អ្នកនំាពាក្យ​របស់​សេតវិមាន​មិន​បាន​បដិសេធ​ទេ​ថា រឿង​អាស្រូវ​នេះ​ពិត​ជា​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រវាង​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ដោយ​ចៀសមិន​រួច។ តែ​ទន្ទឹម​គ្នា​នេះ លោក Jay Carney ក៏​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​មិន​អាច​កាត់ផ្តាច់​បាន​រវាង​អាមេរិក និង​បណ្តា​ប្រទេស​ជា​ដៃគូ។
 

លោក Jay Carney អ្នកនំាពាក្យ​សេតវិមាន
លោក Jay Carney អ្នកនំាពាក្យ​សេតវិមាន REUTERS/Kevin Lamarque

« គេ​ពិត​ជា​មិន​អាច​ទាត់​ចោល​បាន​ទេ​ថា ការ​លេច​ឡើង​នូវ​ព័ត៌មាន​នេះ ពិត​ជា​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​យើង និង​បណ្តា​ប្រទេស​មួយ​ចំនួន ហើយ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ តាម​ផ្លូវ​ការទូត។ ទាក់ទង​នឹង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ដទៃ​ទៀត យើង​កំពុង​ជជែក​គ្នា​យ៉ាង​ច្រើន​ចំពោះ​បញ្ហា​នេះ។ ប្រទេស​ទំាង​អស់​នេះ គឺ​ជា​មិត្ត​របស់​យើង​ដែល​យើង​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ក្តីបារម្ភ​របស់​ពួក​គេ​បាន​ឡើយ។
 
ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទំាង​អស់​នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក សម្រាប់​សេដ្ឋកិច្ច ក៏​ដូច​ជា​សន្តិសុខ​អាមេរិក។ កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី និង​ទំនាក់ទំនង​មិន​អាច​កាត់​ផ្តាច់​បាន​សម្រាប់​សហរដ្ឋអាមេរិក និង​ប្រទេស​ជា​ដៃគូ​ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ »

ពិត​ណាស់​ថា ទំាង​អាមេរិក ក៏​ដូច​ជា​ប្រទេស​សម្ព័ន្ធមិត្ត មាន​បារំាង និង​អាល្លឺម៉ង់ ជា​ឧទាហរណ៍​ជាក់ស្តែង គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​រឿងអាស្រូវ​មួយ​នេះ​ចូល​មក​បំផ្លាញ​ទំនាក់ទំនង​ជា​ដៃគូ​ដែល​មាន​តំាង​ពី​រាប់សិប​ទសវត្ស​មក​ហើយ​នោះ​ទេ។ តែ​ទន្ទឹម​គ្នា​នេះ បារំាង និង​អាល្លឺម៉ង់​ក៏​មិន​ទុក​បណ្តោយ​ឲ្យ​អាមេរិក​បន្ត​ប្រព្រឹត្ត​ទង្វើ​របៀប​នេះ​ជា​បន្ត​ទៀត​ដែរ ដោយ​ទីក្រុង​ប៉ារីស និង​ប៊ែរឡំាង​បាន​ផ្តួចផ្តើម​គំនិត​រួម​គ្នា​មួយ​ក្នុង​ការ​នំា​អាមេរិក​ឲ្យ​អនុម័ត​នូវ​ច្បាប់​រួម​មួយ​ស្តីពី​វិស័យ​ស៊ើបអង្កេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI