អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សត្រូវថ្មីទី១ របស់​សហរដ្ឋអាមេរិក​មិនមែន​អាល់កៃដា​ទេ តែ​គឺ​រដ្ឋអ៊ីស្លាម

សំឡេង ០៤:៣៤
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី REUTERS/Gary Cameron
៣១ នាទី

រហូត​ដល់​ពេល​នេះ និង​តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​សោកនាដកម្ម​ថ្ងៃ១១ កញ្ញា ២០០១ មក អាមេរិក​បាន​ចាត់​ទុក​អង្គការ​ភេរវនិយម​អាល់កៃដា​ជា​សត្រូវ​ទី១ របស់​ខ្លួន។ តែ​ជាង ១០ឆ្នំា ក្រោយ​មក អាមេរិក​បាន​យល់​ឃើញ​ថា សត្រូវ​ទី១ របស់​ខ្លួន​មិនមែន​អាល់កៃដា​ទៀត​ទេ តែ​គឺ​រដ្ឋអ៊ីស្លាម​ដែល​គេ​ហៅ​ដោយ​សាមញ្ញ​ថា ជីហាត។ ពួក​ជ្រុលនិយម​មួយ​នេះ​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តែ​ខុស​ពី​យុទ្ធនាការ​ប្រឆំាង​អាល់កៃដា​ដែល​អាមេរិក​បាន​ចេញ​មុខ​ប្រឆំាង​សឹង​តែ​ម្នាក់​ឯង​នោះ ការ​ប្រឆំាង​នឹង​ពួកជីហាត​ត្រូវ​បាន​អាមេរិក​ដើរ​ប្រមូល​គេ​ឯង​ឲ្យ​ប្រយុទ្ធរួម​គ្នា​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ហៅ​ថា ការ​រួមគ្នា​ជា​លក្ខណៈ​អន្តរជាតិ។ តែ​ក្រុម​ប្រទេស​ដែល​អាមេរិក​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​មុន​គេ​នោះ គឺ​ក្រុម​ប្រទេស​អារ៉ាប់។

ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​មិន​ខុស​ទេ​ដែល​គេ​តែងតែ​និយាយ​ថា អស់​ពី​រឿង​មួយ ចូល​រឿង​មួយ​ទៀត ហើយ​ដែល​ជា​ទូទៅ រឿងថ្មី​កាន់តែ​យ៉ាប់​ជាង​រឿងចាស់​ទៅ​ទៀត​ក៏​មាន​ដែរ។ គ្រាន់​តែ​មួយ​ប៉ប្រិចភ្នែក​សោះ ឈ្មោះ​អង្គការ​អាល់កៃដា​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេចចោល ឬ​មួយ​ក៏​ទុក​ចោល​មួយ​កន្លែង​សិន ដោយ​នំា​គ្នា​ផ្តោត​លើ​ពួកជីហាត​វិញ​ម្តង។ ការ​យក​ចិត្ត​ទុកដាក់​លើ​ពួកជីហាត​មួយ​នេះ​ក៏​ដោយសារ​ថា ពួកជ្រុលនិយម​មួយ​នេះ​មាន​ឥទ្ធិពល​ខ្លំាង និង​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​សាហាវ​ជាង​ពួក​អាល់កៃដា​ទៅ​ទៀត។ ឥទ្ធិពល​ខ្លំាង​ក៏​ដោយសារ​ពួក​នេះ​មាន​រចនាសម្ព័ន្ធ​ដឹកនំា​ត្រឹមត្រូវ មាន​មនោគមន៍វិជ្ជា​ដាច់ខាត និង​មាន​លុយកាក់​ច្រើន។ ទង្វើ​ព្រៃផ្សៃ​របស់​ពួក​ជីហាត​ត្រូវ​បាន​សម្តែង​ឡើង​នា​ពេល​ថ្មីៗ តាម​រយៈ​ការ​កាត់ក្បាល​អ្នកកាសែត​អាមេរិក​ម្នាក់​ឈ្មោះ James Foley និង​ការ​សម្លាប់​ទាហាន​របស់​រដ្ឋាភិបាល​ស៊ីរី​ជាង ១៦០នាក់។

វា​ពិត​ណាស់​ថា បើ​កុំ​តែ​អាមេរិក​បាន​បើក​អន្តរាគមន៍​យោធា​ផ្លូវអាកាស​ប្រឆំាង​ពួក​ជីហាត​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទាន់​ពេល ម្ល៉េះ​អ៊ីរ៉ាក់​នឹង​ធ្លាក់​ក្នុង​កណ្តាប់​របស់​ពួកជ្រុលនិយម​នេះ​ដោយ​ចៀស​មិន​រួច។ តែ​បញ្ហា​នៅ​ត្រង់​ថា អន្តរាគមន៍​យោធា​របស់​អាមេរិក​បាន​ត្រឹម​តែ​រុញច្រាន​ពួកជីហាត​ឲ្យ​ទៅ​ម្ខាង​នៃ​ប្រទេស​អ៊ីរ៉ាក់ ឬ​មួយ​ក៏​បង្ខំ​ឲ្យ​ពួក​នេះ​ឆ្លង​ចូល​ទៅ​លាក់ខ្លួន​ក្នុង​ទឹកដី​ស៊ីរី​ប៉ុណ្ណោះ ពោល​គឺ​នៅ​មិន​ទាន់​អាច​កំចាត់​ពួក​នេះ​ឲ្យ​ដល់​ឫសគល់​នៅ​ឡើយ​ទេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អាមេរិក​បាន​ផ្តើម​បន្ត​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន ដោយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ឯកភាព​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ការ​ប្រឈម​ទប់​នឹង​ពួក​ជីហាត។

ការ​អំពាវនាវ​របស់​អាមេរិក​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​នៅ​ក្នុង​ទំព័រ​កាសែត​អាមេរិកំាង New York Times កាល​ពី​ថ្ងៃ​សុក្រ ទី២៩ សីហា។ នៅ​ក្នុង​ការ​អំពាវនាវ​នោះ លោក​ឃ៊ែរី​បាន​បញ្ជាក់​ថា អាមេរិក​ចង់​ឃើញ​ការ​ពួតដៃ​ជា​ធ្លុង​មួយ​ពី​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​លោក​ដើម្បី​ប្រឆំាង​នឹង​ពួក​ជីហាត ដោយ​លោក​មិន​បាន​ទាត់​ចោល​ការ​រួម​សហការណ៍​របស់​ប្រទេស​ណា​មួយ​ទេ។ លោក​ឃ៊ែរី​បាន​បញ្ជាក់​ថា នៅ​ក្រោយ​ជំនួបកំពូល​អូតង់​ដែល​គ្រោង​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៥ កញ្ញា​ខាងមុខ លោក និង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ គោលដៅ​គឺ​ដើម្បី​ប្រមែប្រមូល​ប្រទេស​ក្នុង​តំបន់​ឲ្យ​រួមសហការណ៍​កំចាត់​ពួកជីហាត​ជាមួយ​អាមេរិក​នោះ​ឯង។

ជា​ការ​ពិត ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ​ទូទៅ ជីហាត​គឺ​ជា​ក្រុម​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លំាង​ណាស់​ចំពោះ​ពិភពលោក និង​ដែល​មាន​តែ​ការ​សហការណ៍​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​ទេ​ទើប​គេ​អាច​យក​ឈ្នះ​លើ​ពួក​នេះ​បាន។ តែ​លើស​ពី​នេះ​ទៅ​ទៀត​សម្រាប់​អាមេរិក ទីក្រុង​វ៉ាស៊ីតោន​ថែម​ទំាង​បាន​ចាត់​ទុក​រដ្ឋអ៊ីស្លាម​ថា ជា​សត្រូវទី១ របស់​ខ្លួន​តែ​ម្តង។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើកឡើង​ថា ពួកជីហាត​នេះ​មិន​ដែល​បាន​បង្ក​ភេរវកម្ម​អ្វី​នៅ​ក្នុង​ទឹកដី​អាមេរិក​ដូច​ពួក​អាល់កៃដា​កាល​ពី​ថ្ងៃ១១ កញ្ញា ២០០១ ទេ ចុះ​ហេតុអ្វី​បាន​ជា​អាមេរិក​បាន​ចាត់​ទុក​ពួក​នេះ​ជា​សត្រូវ​ទី១ របស់​ខ្លួន​ទៅ​វិញ។

តាម​ពិត​ទៅ អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​ដែល​ពួក​ជីហាត​បាន និង​កំពុង​បំផ្លាញ​ផលប្រយោជន៍​របស់​អាមេរិក​នៅ​ក្នុង​តំបន់។ តំបន់​ដែល​អាមេរិក​មិន​សូវ​មាន​សម្ព័ន្ធមិត្ត​ច្រើន​ប៉ុន្មាន​ទេ។ បន្ទាប់​ពី​បាន​បើក​ការ​វាយប្រហារ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​ថ្មី​នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​មក អាមេរិក​ក៏​បាន​និង​កំពុង​ពិចារណា​បើក​ការ​វាយប្រហារ​លើ​ប្រទេស​ស៊ីរី​មួយ​ទៀត។ តែ​អ្វី​ដែល​ខុស​គ្នា​ពី​គម្រោង​​ចង់​វាយប្រហារ​ស៊ីរី​លើក​នេះ និង​លើក​មុន​នៅ​ត្រង់​ថា លើក​មុន​ចង់​វាយប្រហារ​ផ្តួល​រំលំ​របបផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ តែ​លើក​នេះ គឺ​ចង់​វាយប្រហារ​ពួកជីហាត​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​ស៊ីរី​ប៉ែក​ខាងជើង។ គួរ​បញ្ជាក់​ត្រង់​ចំណុច​នេះ​បន្តិច​ថា ក្រៅ​ពី​កំពុង​ប្រយុទ្ធ​ទប់​នឹង​ពួក​បះបោរ​ក្នុង​ស្រុក ទាហាន​របស់​រដ្ឋាភិបាល​ស៊ីរី​ក៏​កំពុង​ប្រឆំាង​ទល់​នឹង​ពួក​ជីហាត​ដែរ និយាយ​ឲ្យ​ស្រួល​យល់ លោក​អូបាម៉ា​ដែល​ស្អប់​លោក​អាសាដ មិន​ជ្រលក់​មាត់​រក​នោះ បែរ​ជា​កំពុង​មាន​សត្រូវ​រួម​ជាមួយ​លោក​អាសាដ​ទៅ​វិញ។

មួយ​វិញ​ទៀត និង​ក្រៅ​ពី​ស៊ីរី អាមេរិក​ក៏​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​អ៊ីរ៉ង់​ដែរ ដោយសារ​តែ​រឿង​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នោះ​ឯង។ ពិត​ហើយ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​ហាក់​ដូច​ជា​មិនសូវ​តានតឹង​ខ្លំាង​ដូច​ក្នុង​ជំនាន់​ប្រធានាធិបតី​អ៊ីរ៉ង់​មុន​ទេ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រាត្រី​ទឹកឃ្មុំ​រវាង​វ៉ាស៊ីតោន និង​តេហេរ៉ង់​ក៏​កំពុង​ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ដែរ។ តែ​នៅ​ចំពោះ​មុខ និង​ដើម្បី​អាច​បង្កើត​សម្ព័ន្ធពិភពលោក​មួយ​សម្រាប់​ប្រឆំាង​រដ្ឋអ៊ីស្លាម​បាន អាមេរិក​ត្រូវ​ការ​ស៊ីរី និង​អ៊ីរ៉ង់​ដោយ​ចៀស​មិន​រួច ព្រោះ​ថា​ចង់ ឬ​មិន​ចង់ ស៊ីរី និង​អ៊ីរ៉ង់​គឺ​ជា​តួអង្គ​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់។

នៅ​ពេល​នោះ បាល់​នឹង​ត្រូវ​ស្ថិត​ក្នុង​ជើង​របស់​បច្ចាមិត្ត​វិញ​ម្តង និង​ដែល​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ពិនិត្យ​មើលឡើង​វិញ​នូវ​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដូច​យ៉ាង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ