អេត្យូពី

ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៖ ​អេត្យូពី ចង់​ដាំកូនឈើ​ ៤ពាន់​លាន​ដើម

ប្រទេស​អេត្យូពី បង្ហាញ​ឆន្ទៈ​ចង់​ដាំ​កូន​ឈើ ឱ្យ​បា​នចំនួន​៤ពាន់​លាន​ដើម នៅទូទាំងប្រទេស។ មហិច្ច​តាដូច្នេះ គឺ​មិន​ធំ​ធេង​ពេក​ទេ។ នេះបើ​តាម​អាជ្ញាធរ​រដ្ឋ​អេត្យូពី ពីព្រោះថា ចាប់ពី​ខែ​មេសា​រហូត​ទល់​នឹង​ពេល​នេះ អេត្យូពី​ ​ដាំកូន​ឈើ​បា​នជាង​៣៥០​លាន​ដើម​ រួច​មកហើយ។

លោក Abiy Ahmed ពាក់អាវយឺត ជ្រមុជក្បាលដាំដើមឈើ
លោក Abiy Ahmed ពាក់អាវយឺត ជ្រមុជក្បាលដាំដើមឈើ Son twitter
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មា​នខែ​ចុង​ក្រោយ​នេះ គេ​ច្រើន​តែ​ឃើញ​នាយករដ្ឋមន្ត្រី​អេត្យូពី ​ លោក អាបីយឺ អាម៉េដ (Abiy Ahmed) ​ ដោះ​អាវ​ធំ​ទុក​ដោយ​ឡែក ហើយ​មូរ​ដៃ​អាវ​​ ឬពេលខ្លះ ​ពាក់​អាវ​យឺត ជ្រមុជក្បាល​ដាំ​ដើមឈើ ហើយ​មាន​រូប​ថត​​ខ្លះទៀត​ គឺ​គេ​ឃើញ​គាត់​ដៃ​កាន់​ប៉ែល ជីកដី​ដាំកូន​ឈើ។ លោក​ប្រមុខរដ្ឋាភិបាល​ចង់​ធ្វើ​ជា​គំរូ​នាំមុខ​គេ និង​ចង់​ដាំកូន​ឈើ​ឱ្យ​បាន​៤ពាន់​លាន​ដើម  នៅត្រឹម​​ខែ​តុលាខាង​មុខ​។

កាលពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍ ​បុគ្គលិក​រដ្ឋ​ មន្ត្រី​រដ្ឋកា​រ​ បាន​​ឈប់​សម្រាកពីការងារ ហើយ​ក៏​នាំគ្នា​​ទៅ​ដាំ​ដើម​ឈើ​ដែរ។​ កាយវិការ​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​នេះ​ ដើម្បី​ឃោសនា​អំពាវវនាវ​ឱ្យ​មនុស្ស​គ្រប់រូប​ ភ្ញាក់​រលឹក​ដាំ​ឈើ​ឡើងវិញ ក្នុង​គោល​បំណង​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​នឹង​រក្សា​ធនធានធម្មជាតិ។​ រី​ឯអ្នក​នាំពាក្យ​របស់​​គណបក្ស​ប្រឆាំង​នៅ​​អេត្យូពី ក៏​បាន​សម្តែង​សមមាន​ចិត្ត​គាំទ្រ​ចលនា​នៃ​សកម្មភាព​ដាំ​ដើម​ឈើ​នេះដែរ។ សមាជិក​បក្ស​ប្រឆាំង ក៏​បា​នចូលរួម​ដាំ​កូន​ឈើ​ជាមួយ​រដ្ឋាភិបាល​ផងដែរ។

គួរ​ជ្រាប​ថា អេត្យូពី​ មាន​គម្រងព្រៃឈើ​ជាង​៤០ភាគរយ កាលពី​៥០ឆ្នាំ​មុន​។ តែក្នុង​រង្វង់​៥ទសវត្សរ៍​ចុងក្រោយ​នេះ អេត្យូពី​បាត់​បង់​ព្រៃ​ច្រើន នៅ​សល់តែ​ប្រមាណ​១៥ភាគរយ​តែប៉ុណ្ណោះ។​

ការ​ដាំ​កូន​ឈើ​ទូទាំង​ប្រទេស នៅពេល​​នេះ គឺ​ស្ថិត​ក្រោម​គម្រោង​«គំនិត​ផ្តួច​ផ្តើម​ដើម្បី​មរតក​បរិស្ថាន» ដែល​នាយករដ្ឋមន្ត្រី​អេត្យូពី យល់ថា ពលរដ្ឋ​គ្រប់​គ្នា​បាន​យល់ពីតួនាទី​របស់ខ្លួនម្នាក់ៗ​ដើម្បី​ទស្សនវិស័យ​វែង​ឆ្ងាយ។​ ​អេត្យូពី បាន​ត្រូវ​គេ​ចាត់ទុកថា ជារដ្ឋ​មួយ​នៅ​ក្នុង​ចំណោម​៥ប្រទេស​នៅ​អាហ្វ្រិក ដែល​ចូលរួម​ចំណែក​ដាំ​កូន​ឈើ​បា​នច្រើន​ជាងគេ។ គឺជា​ការ​បំពេញ​កាតព្វកិច្ច​ដើម្បី​បរិស្ថាន ពិសេស​បំពេញ​ករណីយកិច្ច​ ចែង​នៅក្នុង​កិច្ចព្រម​ព្រៀង​ស្តីពី​អាកាធាតុ ចុះ​ហត្ថលេខា​ ឆ្នាំ​២០១៥ នៅ​ប៉ារីស។

ប្រសិន​បើកូន​ឈើ​ ដែល​អេត្យូពី បាន​ដាំរួច មា​នជាង​៣៥០លាន​ដើម ជាចំនួន​​តួលេខ​ពិត​មែន​ ​គឺប្រទេស​នេះ ​បាន​បំបែក​ឯតទគ្គកម្ម​ពិភព​លោក​រួច​ស្រេចទៅហើយ។ ដ្បិត​ថា​ កន្លងមក រដ្ឋឧត្តរប្រាដេស របស់​ឥណ្ឌា ដាំ​កូន​ឈើ​បាន​៥០លាន​ដើម គឺ​បាន​​ជាប់​ឈ្មោះ​ក្នុង​សៀវភៅកំណត់​ត្រា​ពិភព​​ Guinness៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI