បញ្ហាកម្តៅអាកាសធាតុ៖ សហភាព​អឺរ៉ុប ​​ចង់​បោះពួយ​ទៅ​ប្រើ​ថាមពលនុយក្លេអ៊ែរ​ ឬយ៉ាងណា​?​

សំឡេង ០៥:១៦
លោកស្រី Ursula von der Leyen  ប្រធានគណៈកម្មាការ​សហភាព​អឺរ៉ុប ប្តេជ្ញាចិត្ត​កាត់​បន្ថយ​កម្តៅផែនដី ដោយ​ធ្វើ​ជាគំរូ​។​
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការ​សហភាព​អឺរ៉ុប ប្តេជ្ញាចិត្ត​កាត់​បន្ថយ​កម្តៅផែនដី ដោយ​ធ្វើ​ជាគំរូ​។​ REUTERS/Vincent Kessler

នៅក្នុង​កិច្ចប្រជុំ​នាទីក្រុង​ព្រុចសែល កាល​ពីសប្តាហ៍​មុន តំណាងរាស្ត្រ​និង​អ្នក​តំណាង​​ប្រទេស​អឺរ៉ុប​ ហាក់​បាន​ជំរុញ​និងនាំគ្នាគិតគូរ​ពី​គំរូ​ថាមពលនុយក្លេអ៊ែរ​។  ​ថាមពលនុយក្លេអ៊ែរដែល​ក្រុម​ប្រទេស​ខ្លះ យល់ថា អាច​ជាដំណោះស្រាយ​មួយ​ល្អ និង​មាន​ចីរភាព​ សម្រាប់​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ ហើយ​ការ​កាត់បន្ថយការប្រែប្រួលអាកាសធាតុនេះ គឺសមស្រប​តាម​មហិច្ឆតា របស់​សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ថាមពលនុយក្លេអ៊ែរ គឺ​ជាបញ្ហា​ចំណោទ​ខ្លាំង​ ចំពោះ​ប្រទេស​អឺរ៉ុប​ ដែល​ក្រីក្រ និង​ប្រទេស​អ្នកមាន​ដែល​អាច​ផលិត​បាន តែ​ត្រូវរក​សម្ពាធ​ពី​សាធារណៈ​មតិ​ទៅវិញ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំអាកាសធាតុ COP 25 នៅប្រទេសអេស្ប៉ាញថ្មីៗនេះ បានលទ្ធផលសាច់ការដាក់ស្តែងតិចតួចបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres  បានខកចិត្តខ្លាំង ពីព្រោះ សហគមអន្តរជាតិ បានធ្វើឱ្យខកខានឱកាសដ៏ល្អ ក្នុងការគិតគូរពីភពផែនដី។ ហើយដូចគេដឹងស្រាប់ដែរ​ គឺថា សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ទៅទៀត។

នៅពេលនេះ គេកំពុងតែ​សម្លឹងតាម​មើលសហភាពអឺរ៉ុប ដែល​ចង់​​ធ្វើ​ជាគំរូនៃក្តីសង្ឃឹម​និងចង់​ដឹកនាំគេឯង​ក្នុងការគិតគូរពីបញ្ហាអាកាសធាតុ។ សហភាព​អឺរ៉ុប ដែល​មាន​ក្រុម​ការងារ​ក្បាល​ម៉ាស៊ីន​ថ្មី គឺ​លោកស្រី Ursula von der Leyen បាន​បង្ហាញ​ឆន្ទៈ​ប្តេជ្ញា​ចិត្ត​ខ្លាំង​និង​ច្រើន​ ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ។ ជាក់​ស្តែង សហភាពអឺរ៉ុប ចង់​ធ្វើ​ជា​គំរូ​នាំមុខ ដោយ​នឹង​ត្រូវ​ដាក់​បង្ហាញ​លាតត្រដាង​​វិធានការ​ជាក់​ស្តែង ដើម្បី​សម្រេច​ឱ្យ​បាន​គោល​បំណង​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក នៅឆ្នាំ​២០៥០។ ហើយ​នៅ​ឆ្នាំ​ថ្មី ២០២០ខាងមុខ​នេះ ​សហភាព​អឺរ៉ុប នឹង​ត្រូវ​បង្ហាញ​ផែន​ការ ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័នកាបូនិក ​ ឱ្យ​នៅតិច​ជាង​៤០ភាគរយ​ឆ្នាំ​២០៣០ ដោយ​ធៀប​នឹង​ឆ្នាំ​១៩៩០​។ ផែន​ការ​នេះ នឹង​ត្រូវ​ផ្សាយ​ មិន​ឱ្យ​យូរ​ឡើយ ត្រឹមរដូវ​ក្តៅ​ឆ្នាំក្រោយ​​ នៅអឺរ៉ុប​។​

ជាបណ្តើរៗ សមាជិ​ក​សភាអឺរ៉ុប ថ្នាក់ដឹកនាំ​អឺរ៉ុប បាន​គិតគូរ​ជាបន្តបន្ទាប់ ​រក​មធ្យោបាយ​ត្រឹមត្រូវ និង​សមរម្យ ក្នុងការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។ ដូច​ជា​ ត្រូវ​ជំរុញ​ការប្រើ​ប្រាស់​ថាមពល​ដែល​អាច​កកើតឡើងវិញ។ ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងសាំង និងធ្យូង​ថ្ម។ ត្រូវ​ដំឡើង​ថ្លៃ​ឥន្ធនៈ​ទាំងនេះ ដើម្បី​បំបាក់​ទឹកចិត្តមនុស្សកុំឱ្យ​គេ​ប្រើសាំង និងធ្យូង​ថ្ម​ច្រើន ហើយ​ងាក​មកប្រើ​អគ្គិសនី ឬ​ថាមពល​ដែល​បាន​មកពី​ធម្មជាតិ ដូចជា​ខ្យល់ និង​ពន្លឺ​ព្រះ​អាទិត្យ​ជាដើម។​

កាលពី​សប្តាហ៍​មុន នៅក្នុង​កិច្ចប្រជុំ​កំពូល​នាទីក្រុង​ព្រុចសែល​ គឺ​ក្រុម​ប្រទេស​ខ្លះ​ ដែល​ចង់​ជំរុញ​ឱ្យ​ប្រើប្រាស់​ ​ថាមពលនុយក្លេអ៊ែរ តែម្តង។ ក្រុម​នេះ​នាំអាទិ៍​គេ​ដោយ បារាំង និងប្រទេស​អឺរ៉ុប​ខាងកើត ដូច​ជា​ហុងគ្រី សាធារណរដ្ឋ​ឆែក ជាដើម។ ក៏ប៉ុន្តែ មាន​​ក្រុម​ប្រទេសផ្សេង បាន​​ប្រឆាំង​នឹងការជ្រើស​​ថាមពលនុយក្លេអ៊ែរដើម្បីសម្រេច​​​មហិច្ឆិតា​កាត់​បន្ថយ​កម្តៅ​​​អាកាសធាតុ។ ក្រុម​នេះ​ គឺមាន ​​អាល្លឺម៉ង់ ​ជាមេខ្លោង បន្ត​កន្ទុយ​ដោយប្រទេស​លុច្ស៍​សំបួរ និង​អូទ្រីស​។ អូទ្រីស​ ជា​ប្រទេស​ ​ដែល​គ្មាន​សូម្បី​តែ​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែរ តែមួយ​គត់​ ក៏គ្មាន​ផង។​

តើ​ក្រុម​ទាំងពីរ​ខាង​នេះ សំអាង​ហេតុផល​អ្វីខ្លះ ?

ចំពោះ​អាល្លឺម៉ង់ ការជំរុញ​​ផលិតថាមពលនុយក្លេអ៊ែរ និង​យក​ថាមពលនេះ ជាគំរូ​ស្តង់ដារ​សម្រាប់​ទប់​ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ គឺ​អាល្លឺម៉ង់ មិនទាន់​យល់ស្រប​នៅឡើយទេ​។​ ពីព្រោះថា  សាធារណៈមតិ​ ប្រជាជន និង​អ្ន​កនយោបាយក្រុង​ Berlin ​បាន​ឃើញ​គ្រោះថ្នាក់​រោងចក្រនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាកាល​ពី​ឆ្នាំ​២០១១ រួចហើយ គឺហាក់​បី​ដូចជា​ខ្លាច​រអាល​នឹងគ្រោះភ័យ​ដ៏​សម្បើម​នេះ ហើយ​អាល្លឺម៉ង់​បានពឹតតែពីនាំ​គ្នា​ ​ងាយ​មក​ផលិត​ថាមពល​ដែល​កកើត​ឡើងវិញ ដូច​ជា​ ទាញ​យក​ថាមពល​ពី​ខ្សល់​និង​ពី​ពន្លឺ​ព្រះអាទិត្យ សម្រាប់ការ​ប្រើប្រាស់​អគ្គិសនី។ ​សព្វថ្ងៃនេះ ការ​ផលិត​​ថាមពល​ដោយ​កង្វារ​និង​បាណូសូឡែរ គឺ​មាន​ប្រមាណ​ជា​៤០​ភាគរយ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី ក្នុង​ប្រទេស​អាល្លឺម៉ង់​ទាំងមូល។ រដ្ឋាភិបាល​ដឹកនាំ​របស់​លោកស្រីអធិការបតី Angela Merkel ក៏​បាន​ជួយ​ជ្រោម​ជ្រែង​វិស័យ​ឯកជន​ និងសហគ្រាស​ក្នុង​វិស័យផលិត​អគ្គិសនី​ពី​ធម្មជាតិ​នេះ ច្រើន​ណាស់​ដែរ។ ដូច្នេះ ចំពោះ​ជំហរ​អាល្លឺម៉ង់ ក៏​ឃើញថា ប្រឹង​ការពារ​ប្រយោជន៍​និងគំរូ​សេដ្ឋកិច្ច​របស់ខ្លួន​។​

ផ្ទុយទៅវិញ ចំពោះ​ខាង​បារាំង! បារាំង​​ខ្លាំង​និងមាន​បច្ចេកទេស​សម្បូរបែប ​ក្នុងការ​ផលិត​ថាមពលនុយក្លេអ៊ែរ​​។​​ បារាំង​សព្វថ្ងៃ​ ​ប្រើប្រាស់​ប្រភពអគ្គិសនី ដោយ​ពឹង​ផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ថាមពលនុយក្លេអ៊ែរ។ ​រដ្ឋបាលក្រុង​ប៉ារីស ក៏​ធ្លាប់​ធានា​ដែរ ថា​គ្រាន់តែ​ប្រទេស​បារាំងមួយ​​ គឺ​​អាចផលិត​ថាមពល​​ ស្ទើរតែ​ស្មើ​នឹង​ពាក់កណ្តាល​នៃការ​ផលិត​ថាមពល​នៅ​អឺរ៉ុប​។ ដូច្នេះ ជំហរ​របស់​ប្រទេស​បារាំង​ គឺ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ដើរ​តាម​គំរូ​របស់ខ្លួន ក្នុងការសម្រេច​​មហិច្ឆតាកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ពោលគឺជ្រើស​ត្រូវ​យកការផលិតថាមពលនុយក្លេអ៊ែរ​។

ចំពោះ​ក្រសែ​ភ្នែក​អ្ន​កវិភាគស្ថានការណ៍​ បារាំង​កាន់​ជំហរ​បែបនេះ គឺ​បារាំង​ពិត​ជា​ខ្លាំង​មែនពិត​ហើយខាង​ថាមពលនុយក្លេអ៊ែរ ក៏ប៉ុន្តែ នៅ​ពីក្រោយ​រឿងនេះ គឺ​បារាំង​ក៏​ការពារ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ដើរ​អាស្រ័យ​នឹង​ថាមពលនុយក្លេអ៊ែរផងដែរ។ នេះគឺជារឿង​ការពារផល​ប្រយោជន៍​របស់​ខ្លួន​ផងដែរ ដែល​គេ​ត្រូវតែ​គូស​បញ្ជាក់។

ក៏ប៉ុន្តែ យើងសួរ​ថា តើការ​​ផលិតថាមពលនុយក្លេអ៊ែរ និងយកថាមពលនេះជាគំរូស្តង់ដារសម្រាប់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ​វាពិត​ជា​ត្រឹមត្រូវ​គ្រប់​ជ្រុង​ជ្រោយដែរឬទេ?

ទី១​​ដំបូង​បំផុត ការ​​ផលិតថាមពលនុយក្លេអ៊ែរ គឺ​ថ្លៃណាស់ និងត្រូវការ​បច្ចេសច្រើ​នសម្បើម ដែល​ប្រទេស​ខ្លះនៃ​សមាជិក​សហភាពអឺរ៉ុប​​ បាន​បដិសេធ​ស្រេច​ទៅហើយ ថាតម្លៃ​ថ្លៃ​ក្រៃណា។

ទី២ គឺ​រឿង​សុវត្ថិភាពរោង​ចក្រ​និង​អាយុជីវិត​មនុស្ស​​ តើ​គេ​អាច​ធានា​បាន​កម្រិតណា ពីការ​មិន​បែក​ធ្លាយ ឬ​ផ្ទុះនោះ?​ ឧទាហរណ៍ ករណី​គ្រោះថ្នាក់​រោចក្រ​នុយក្លេអ៊ែរនៅ​ហ្វូគូស្ហ៊ីម៉ា ប្រទេស​ជប៉ុន ជាដើម​?

ហើយ​ម្យ៉ាង​ចុងក្រោយ គឺ​ការ​រក្សា​ទុក​កាក់​សំណល់នុយក្លេអ៊ែរ និង​ការ​បន្សាបធាតុ​វិទ្យុ​សកម្ម។ ទាំង​នេះជា​ចំណោទ​ខ្លាំងមែនទែន ដែល​ សហភាពអឺរ៉ុប ត្រូវ​ដោះស្រាយ និងត្រូវ​​បំភ្លឺ​សាធារណៈជន​  មុន​នឹង​ពិចារណា​សម្រេច​ជ្រើស​យក​ការ​​​ផលិតថាមពលនុយក្លេអ៊ែរ​ ធ្វើ​ជាគំរូស្តង់ដារសម្រាប់ទប់ទល់នឹងការ​ប្រែប្រួល​អាកាសធាតុ​​ និង​ការកើន​កម្តៅផែនដី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI