រុស្ស៊ី-ហ្សកហ្ស៊ី

សហភាព​អឺរ៉ុប​ទាមទារ​ពី​ហ្សកហ្ស៊ី​ឲ្យ​បើកផ្លូវ​សម្រាប់​រុស្ស៊ី​ចូលក្នុង OMC

ស្លាកសញ្ញា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក
ស្លាកសញ្ញា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

សហភាពអឺរ៉ុប​ទាមទារ​ពី​អាជ្ញាធរ​ហ្សកហ្ស៊ី ដែលជា​ភាគី​តែមួយ​គត់​នៅ​ជំទាស់ ឲ្យចេះ​ធ្វើ​សម្បទានដើម្បី​បើកផ្លូវ​សម្រាប់​រុស្ស៊ីចូល​ជា​សមាជិក “អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” ហៅកាត់​ថា OMC។ ដំណឹង​ដ៏ល្អ​នេះ​សម្រាប់​រុស្ស៊ី ទើប​ទម្លាយចេញ​មក ដោយ​កាសែត​អាមេរិកាំង The Wall Street Journal ហើយ​លើក​យក​មក​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន រុស្ស៊ី Russian Business Consulting។

ផ្សាយពាណិជ្ជកម្ម

សាច់រឿង​ដែល​មាន គឺថា ថ្ងៃ​អង្គារ​២៥​តុលា លោក Gunnar Wiegland ជា​ស្នងការរង ខាង​នយោបាយ​ក្រៅប្រទេស របស់​សហភាព​អឺរ៉ុប បាន​នាំសារ​មួយ​ច្បាប់ ទៅ​ប្រគល់ជូន​អាជ្ញាធរ​ហ្សកហ្ស៊ី នៅ​រដ្ឋធានី Tbilissi។ សេចក្តី​នៃ​សារ​នោះ គឺ​ទាមទារ​ពី​ភាគី​ហ្សកហ្ស៊ី​ឲ្យ​ឈប់​បង្កើត​ជា​ឧបសគ្គ​រាំងរា ក្នុងន័យថា​ ត្រូវតែ​ចេះ​ធ្វើ​សម្បទាន លុះ​ទាល់តែ​រុស្ស៊ី​បាន​ចូល​ជា​សមាជិក នៃ “អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” ហៅកាត់​ថា OMC។

ពុំនោះសោតទេ តាម​ការ​ព្រមាន​ធ្វើ​ដោយ លោក Gunnar Wiegland ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​ទទួល​ឲ្យចូល​ជា​សមាជិក​អង្គការ​នេះ គឺ​ដោយ​មិនបាច់​មាន​ការ​យល់ព្រម ទាំង​ពី​ខាង​ហ្សកហ្ស៊ី​ឡើយ។ ក្នុង​ករណី​នេះ សម្រាប់​អាជ្ញាធរ​ហ្សកហ្ស៊ី គឺ​នឹង​មានន័យ​ថា ជា “បរាជ័យ​នយោបាយ” តែម្តង។

សេចក្តីខាងលើ ចុះផ្សាយ​ដោយ​កាសែត​អាមេរិកាំង The Wall Street Journal យោង​ទៅលើ​ប្រភព​ក្នុង​ក្រុង Tbilissi ផ្ទាល់។

តាមកាសែតនេះ ការព្រមាន​ធ្វើ​ដោយ​ស្នងការរង​ខាង​នយោបាយ​ក្រៅប្រទេស របស់​សហភាព​អឺរ៉ុប គឺ​ពិតជា​សំអាង​លើ​ច្បាប់ OMC ដែល​ចែង​អំពី​ករណី​លើកលែង សម្រាប់​ប្រទេសនេះ​ឬនោះ ចូលជា​សមាជិក បើ​ក្នុង​ដំណើរប្រព្រឹត្តទៅ​នៃ​កិច្ចចរចា សាមីប្រទេស​អាច​មិនទទួល​បាន​ដូចចិត្ត នូវ​ការ​គាំទ្រ​ពីខាង​គ្រប់តែ​ដៃគូ​ចរចា។ ហើយ​ដៃគូ​នៃ​កិច្ចចរចា​នេះ​ដែល​រុស្ស៊ី​ធ្វើ​ដោយ​ស៊ីពេល​យូរក្រៃ អស់​១៧ឆ្នាំ​មកហើយ គឺ​គ្រប់តែ​១៥៣ប្រទេស​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។
ករណីលើកលែងនេះ សម្រាប់​ទទួល​រុស្ស៊ី​ចូលជា​សមាជិក OMC ក៏​ធ្លាប់បាន​បង្ហើប​ឲ្យដឹង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោកSerguei Lavrov។

ជាការរំលឹក ហ្សកហ្ស៊ី​តែង​ចង​ជា​ល័ក្ខខ័ណ្ឌ ដើម្បី​ឲ្យ​មាន​ពួក​អ្នក​សង្កេតការណ៍​បរទេស នៅ​ត្រង់​ខ្សែ​ព្រំដែន​រវាង​រុស្ស៊ី និង Abkhazie និង រវាង​រុស្ស៊ី និងOssetie ខាងត្បូង។ ប៉ុន្តែ រុស្ស៊ី​តែង​ប្រកែក ដោយ​យោង​ទៅលើ​ទឡ្ហីករណ៍​ថា ដែនដី​អបគម​ទាំង២​នេះ របស់​ហ្សកហ្ស៊ី ឥឡូវ​ជា​រដ្ឋ​ឯករាជ្យ​ទៅហើយ។

តាមប្រសាសន៍​លោក Gunnar Wiegland ការ​បោះឆ្នោត​ដោយ​ត្រង់ផ្ទាល់ ដើម្បី​ទទួល​រុស្ស៊ី​ចូលជា​សមាជិក “អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” OMC អាច​ប្រព្រឹត្តទៅ នៅ​ថ្ងៃ១៥ធ្នូ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI