អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​អឺរ៉ុប​កំរើក បារាំង​អរ តែ​​មូលនិធិរូបិយវត្ថុ​ព្រមាន

សំឡេង ០៤:០០
បន្ទាប់​ពី​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​អស់​ពីរ​ឆ្នាំ​ តំបន់​អឺរ៉ូ​ចាប់​ស្គាល់​កំណើនតិច​តួច​​ឡើង​វិញ​
បន្ទាប់​ពី​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​អស់​ពីរ​ឆ្នាំ​ តំបន់​អឺរ៉ូ​ចាប់​ស្គាល់​កំណើនតិច​តួច​​ឡើង​វិញ​ REUTERS/Ralph Orlowski
ដោយ៖ អៀង សុខម៉ិញ

សកម្មភាព​សេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​ ហាក់​ដូច​ចាប់​ផ្តើម​មាន​កំរើក​ឡើង​វិញ​បន្តិច ! សញ្ញា​វិជ្ជមាន​ ដែល​បាន​ឆេះ​ឡើង​ជា​លើកទីមួយ​ គិត​ចាប់ពី​២​ឆ្នាំ​មកនេះ​ បាន​បណ្តុះ​សេចក្តី​សង្ឃឹមថា​នឹង​​ឃើញ​តំបន់​អឺរ៉ូ​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ។ ដំណឹង​នេះ​គ្រប់​គ្រាន់​នឹង​ធ្វើ​ផ្តល់កម្លាំង​ចិត្ត​ ដល់​​​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ឱ្យ​កាន់​តែ​មាន​សុទិដ្ឋិនិយម​ និង​ជំនឿ​​។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​វិភាគ​ មាន​សញ្ញា​វិជ្ជមាន​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ស្ថិរភាព​សេដ្ឋកិច្ច​ ទំនង​​កើត​មាន​នៅ​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០១៣​នេះ មុន​នឹង​ចាប់​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ នៅ​ចុង​ឆ្នាំ។ នៅ​ប្រទេស​អាល្លឺម៉ង់ សេដ្ឋកិច្ច​ចាប់​ផ្តើម​កំរើក​ខ្លាំងវិញ​ហើយ ចំណែក​ បារាំង​ អ៊ីតាលី ឬ​អេស្ប៉ាញ​វិញ ផលិតផល​សរុប​ក្នុង​ស្រុក នៅទ្រឹង​-​លែង​ធ្លាក់​ចុះ​ ឯ​សេដ្ឋកិច្ច​​ក៏​ចាប់​មាន​សកម្មភាព​​​ដែរ។ ​ លោក​ប្រធានាធិបតី​បារាំង ចង់​ជឿ​លើ​​ភាព​រស់​រវើកឡើង​​វិញ​នៃ​សេដ្ឋកិច្ច​នេះ​ ទោះ​បី​ជានៅ​ ផុយ​ស្រួយ មិន​ទៀត​ទាត់​ក៏ដោយ។​ នយោបាយ​​​សុទិដ្ឋនិយម​ ដែល​ជា​ឯកទេស​របស់​លោក​ប្រធានាធិបតី បារាំង​ ហ្វ្រង់ស័រ​ហូឡង់! ទស្សនៈរបស់​លោក​គឺ​ “ផ្តល់​ក្តី​សង្ឃឹម គឺដើម្បី​ស្វែង​រក​​ទំនុក​ចិត្ត​ឡើងវិញ !” ទោះ​បី​ជាត្រូវ​​ឃ្លាត​ឆ្ងាយ​ពី​ការពិត​​ ប្រជាជន​​ត្រូវ​ត្រដាបត្រដួស​យ៉ាងណា​ក៏​ដោយ។

ប៉ុន្តែ​សម្រាប់​​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គឺ​មិន​ទាន់​ពេល​វេលា​ទេ។ បារាំង​នៅមាន​កិច្ចការ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​កំណែទម្រង់​ច្រើន​ទៀត​ ទើប​អាច​​រក្សា​សេដ្ឋកិច្ច​មាន​សកម្មភាព​ ឱ្យ​បាន​នៅ​គង់វង់បាន។ ព្រោះ​​​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ដែល​នៅតែ​បន្ត​​កើន​ឡើង​ជា​និច្ច អាច​នឹង​ធ្វើ​ក្តី​រំពឹង​នេះ ត្រូវ​អូសបន្លាយ និង​អាចជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់សម្មភាព​​សេដ្ឋកិច្ច​​ និង​ពិសេស​សម្ពាធ​សង្គម​និង​នយោបាយ។

តាំង​ពី​បាននៅជា​បេក្ខជន​ប្រធានាធិបតី រហូត​មក​កាន់​តំណែង​កំពូល​នេះ​ លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​តែ​ទន្ទេញ​ដដែល​ ជា​ដដែល​ ក្នុង​រាល់​សុន្ទរកថា​ លុប​ចោល​កំណើន​អត្រា​អ្នក​អត់ការងារ​ ឱ្យ​បាននៅ​ចុង​ឆ្នាំ​២០១៣។ ចុះ​សួរ​ថា​តើ​មាន​សញ្ញា​ធ្លាក់​ចុះ​ហើយ​ឬ​នៅ ?!

គ្មាន​​ទេ អត្រា​អ្នក​អត់​ការងារ​ធ្វើ​បន្ត​​កើន​ឡើង​ជា​លំដាប់​ ! តួលេខ​ថ្មី គួរ​ឱ្យ​ព្រឺខ្លាច ​ ព្យាករ​ដោយ​មូលនិធិ​រូបិយវត្ថុ ថា​នឹង​មាន​បណ្តា​ជន​បារាំង​ដល់​ទៅ ១១,២%​​ អត់​ការ​ងារ​ធ្វើ​នៅដំណាច់​ឆ្នាំ​​២០១៣​ អត្រា​នេះ​នឹង​បន្ត​ឡើង​ដល់​ ១១,៦% នៅ​​ឆ្នាំ​២០១៤ មុន​នឹង​អាច​ធ្លាក់​ចុះ​មក​វិញ​បន្តិច​នៅ​ចុង​ឆ្នាំ​២០១៤ មក​ត្រឹម​១១,៤%។

បង្កើត​ការងារ ជា​កម្មវត្ថុ​ចម្បង​របស់​រដ្ឋាភិបាល​លោក ហ្វ្រង់ស័រ ហូឡង់ ! ដើម្បី​មាន​ការងារ​ ត្រូវ​មាន​ការ​ធ្វើ​វិនិយោគ ប៉ុន្តែអ្នក​វិនិយោគ​ខ្លាច​បារាំង​ណាស់ ព្រោះ​ប្រទេស​នេះ​មាន​នយោបាយ​បង់​ពន្ធ​ខ្ពស់​កប់​ពពក -ខ្ពស់​ជាង​គេ​បំផុតមួយ​នៅ​លើ​ពិភពលោក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​មូលនិធិ​រូបិយវត្ថុ​​ ចង់​ឱ្យ​បារាំង​ធ្វើ​កំណែទម្រង់​ឱ្យ​មាន​លំនឹង​ រវាង​ការ​ប្រឹង​សន្សំ​សំចៃ ដើម្បី​កាត់​បន្ថយ​ចំណាយ​សាធារណៈ និង​ការ​ទារ​ពន្ធ។ វា​ពិត​ជា​គ្មាន​ផល​ល្អ​ឡើយ ប្រសិន​បើ​ការ​កាត់​បន្ថយ​​ឱនភាព​ថវិកា​ជាតិ​ បាន​មក​តែ​ពី​ការ​ដំឡើង​​ពន្ធ​ដារ។ ស៊ូកាត់​បន្ថយ​ឱនភាពជាតិ​​ជា​សន្យឹមៗ តិច​ជាង​ការ​គ្រោង​ទុក​ និង​តាម​រយៈ​ការ​កាត់បន្ថយ​ចំណាយ​។ FMI ចង់​ឱ្យ​បារាំង​កាត់​បន្ថយ​ឱនភាព​ជាតិ​ ត្រឹម​៣,៩% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ក្នុង​ឆ្នាំ​២០១៣​នេះ​ ទល់​នឹង​៤,៨%​នៅ​ឆ្នាំ​២០១២ ៣,៥% នៅ​ឆ្នាំ​២០១៤ និង​ក្រោម​៣%​ នៅ​ឆ្នាំ​២០១៥ មិន​​ដូចអ្វី​​ដែល​បារាំង​បាន​សន្យា​​ជាមួយ​ដៃគូ​អឺរ៉ុប សម្រេច​កម្មវត្ថុ​តែ​ក្នុង​ពេល​ពីរ​ឆ្នាំ​នោះ​ទេ។

សេដ្ឋកិច្ច​តំបន់​អឺរ៉ូ កំរើក​ឡើង​វិញមែន​ ប៉ុន្តែនៅ​ផុយស្រួយ និង​ពឹង​ផ្អែក​លើ​កត្តា​ច្រើន​យ៉ាង​វិល​វល់​ ពឹង​ទៅ​ពឹង​មកប្រទាក់​គ្នា ហើយ​​​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​ ត្រូវ​ចាក់​សេ្រស​ ពេញ​ទៅ​ដោយ​ប្រព័ន្ធ​​តាន​តឹង​និង​ស្មុគស្មាញ។ ប្រព័ន្ធ​ដែល​តាំង​ពី​​ដើម​មក​ ធ្លាប់​បាន​រួម​ចំណែក​​ ឱ្យ​ បាត់​បង់​ ទីផ្សារ​ និង​ភាពប្រកួត​ប្រជែង។ បារាំង​ត្រូវ​គិត​គូរ​ធ្វើ​កំណែ​ទម្រង់​​លើ​ចំណុច​នេះ។

ផ្ទុយ​ទៅ​វិញ ជាមួយ​នឹង​ប្រទេសអាល្លឺម៉ង់ មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​របស់អឺរ៉ុប​ ​ និង​ជា​បង្គោល​សេដ្ឋកិច្ច​សម្រាប់​ក្រុម​អឺរ៉ូ​ប្រទេស​​​ ដែល​ល្បី​ខាង​នយោបាយ​រឹតត្បឹត មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ណែ​នាំ​ឱ្យ​​ប៊ែរឡាំង កុំររិះ​រឹត​​ចំណាយ​​សាធារណៈ​ជ្រុល​ហួសហេតុ​ខ្លាំង​ពេក​ ព្រោះ​អាច​នឹង​ធ្វើ​កំណើន​សេដ្ឋកិច្ច​ងាយ​បាក់​វិញដែរ ! មាន​តម្រូវការ​​ក្នុងស្រុក​មិន​រំពឹង​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ ជា​ភាព​ចាំ​បាច់​ក្នុង​ការរក្សា​សុខភាព​សេដ្ឋកិច្ច​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ