អានតួអត្ថបទ
អឺរ៉ុប-អាហ្រ្វិក

សហភាពអឺរ៉ុប​ព្យាយាម​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​នៅ​ឯ​ប្រភព​ដើម

ថ្នាក់ដឹកនាំអឺរ៉ុប និង​អាហ្រ្វិក​ក្នុង​ជំនួប​ក្នុង​ទីក្រុង​វ៉ាឡែត ប្រទេស​ម៉ាល់ត៍ ថ្ងៃទី១២ វិច្ឆិកា ២០១៥
ថ្នាក់ដឹកនាំអឺរ៉ុប និង​អាហ្រ្វិក​ក្នុង​ជំនួប​ក្នុង​ទីក្រុង​វ៉ាឡែត ប្រទេស​ម៉ាល់ត៍ ថ្ងៃទី១២ វិច្ឆិកា ២០១៥ REUTERS/Yves Herman
៣២ នាទី

ចប់​ហើយ​ជំនួបកំពូល​រវាង​អឺរ៉ុប និង​អាហ្រ្វិក​ស្តីពី​បញ្ហា​ជនអន្តោប្រវេសន៍​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​វ៉ាឡែត ប្រទេស​ម៉ាល់ត៍។ គោលដៅ​នៃ​ជំនួប គឺ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប។ បន្ទាប់​ពី​បាន​ចរចា​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល​ជាង ២៤ម៉ោង កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ភាគី​ទំាង​ពីរ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ ភាគី​នីមួយៗ​បាន​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​ធ្វើ​យ៉ាង​ណា រារំាង​កុំ​ឲ្យ​ពលរដ្ឋ​អាហ្រ្វិក​ធ្វើ​ចំណាកស្រុក។ បន្ទាប់​ពី​បើក​ជំនួបកំពូល​ជាមួយ​អាហ្រ្វិក អឺរ៉ុប​មាន​គម្រោង​នឹង​បើក​ជំនួបកំពូល​ជាមួយ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ពី​មុខ​ក្រុម​អ្នកកាសែត​ដែល​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស និង​លោក​ប្រធាន​សហភាព​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិក​ម៉ាកគី សាល​បាន​លំអិត​ត្រួសៗ​លើ​កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប និង​អាហ្រ្វិក​បាន​ចុះ​ហត្ថលេខា​រួម​គ្នា។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អឺរ៉ុប​បាន​សម្រេច​បង្កើត​ឲ្យ​មាន​មូលនិធិ​ជំនួយ​ក្នុង​ទឹកប្រាក់ ១ ៨០០លានអឺរ៉ុប​សម្រាប់​ជួយ​គំាទ្រ​សេដ្ឋកិច្ច និង​ការ​គ្រប់គ្រង​ជនភៀសខ្លួន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ ទន្ទឹម​គ្នា​នោះ ថ្នាក់ដឹកនំា​អឺរ៉ុប និង​អាហ្រ្វិក​ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​នយោបាយ​រួម​គ្នា និង​លើ​ផែនការ​សកម្ម​មួយ​ចំនួន​សម្រាប់​ឆ្នំា​ខាង​មុខៗ។ ឧទាហរណ៍​ជាក់​ស្តែង អឺរ៉ុប​បាន​សន្យាបង្កើន​ទ្វេដង​ចំនួន​ទិដ្ឋាការ និង​អាហាររូបករណ៍​សម្រាប់​និស្សិត និង​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាហ្រ្វិក។

ជា​ថ្នូរ​នឹង​សម្បទាន​របស់​អឺរ៉ុប អាហ្រ្វិក​បាន​សន្យា​ទប់​ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​ខ្លួន​ទៅ​កាន់​ទ្វីបអឺរ៉ុប។ អឺរ៉ុប​បាន​យល់​ច្បាស់​ណាស់​ថា ដើម្បី​អាច​ទប់​ស្កាត់​លំហូរ​ជនភៀសខ្លួន និង​លំហូរ​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីប​អឺរ៉ុប​បាន គេ​ត្រូវ​តែ​ទប់ស្កាត់​នៅ​ឯ​ប្រភព​ដើម​របស់​វា។ យ៉ាង​ណា​ក៏​ដោយ នៅ​មាន​សំណូមពរ​ផ្សេងៗ​ទៀត​របស់​អឺរ៉ុប​ដែល​អាហ្រ្វិក​កំពុង​ពិចារណា ដូច​យ៉ាង​អឺរ៉ុប​បាន​ស្នើ​ឲ្យ​ប្រទេស​អាហ្រ្វិក​​ទទួល​យក​វិញ​នូវ​ពលរដ្ឋ​ខ្លួន​ណា​ដែល​គ្មាន​សិទ្ធិ​រស់នៅ​ក្នុង​ទឹកដី​អឺរ៉ុប។ សំណុំរឿង​ដ៏​រសើប​មួយ​នេះ​មាន​ជាប់ពាក់ព័ន្ធ​តែ ១០ប្រទេស​អាហ្រ្វិក​ប៉ុណ្ណោះ។

តែ​ដោយ​នៅ​មិន​ទាន់​ឯកភាព​គ្នា​ជា​ធ្លុង​មួយ អឺរ៉ុប និង​អាហ្រ្វិក​បាន​ត្រឹម​តែ​ព្រម​គ្នា​ជា​គោលការណ៍​ដោយ​យល់ព្រម​បញ្ជូន​មន្រ្តី​អន្តោប្រវេសន៍​អាហ្រ្វិក​ទៅ​កាន់​ទ្វីបអឺរ៉ុប​ដើម្បី​កំណត់​ពី​សញ្ជាតិ​របស់​ជនអន្តោប្ររវេសន៍​អាហ្រ្វិក​ណា​ដែល​កំពុង​រស់នៅ​ក្នុង​ទ្វីបអឺរ៉ុប​ដោយ​ខុស​ច្បាប់។ សម្រាប់​លោក​ប្រធាន​សហភាព​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិក​ម៉ាកគី សាល អឺរ៉ុប​បាន​ធ្វើ​សំណូមពរ​ច្រើន​ជ្រុល និង​ថា អឺរ៉ុប និង​រដ្ឋអាហ្រ្វិក​ធ្លាប់​បាន​លើក​យក​សំណុំរឿង​នេះ​ទៅ​និយាយ​ម្តង​ហើយ ព្រម​ទំាង​មាន​កិច្ចព្រមព្រៀង​ជា​មួយ​គ្នា​ទៀត​ផង។

អាហ្រ្វិក៖អឺរ៉ុប​បាន​ធ្វើ​សំណើ​ច្រើន​ជ្រុល

ទំាង​ភាគី​អឺរ៉ុប និង​អាហ្រ្វិក គឺ​គ្មាន​នរណា​ម្នាក់​បាន​ប្រើ​ពាក្យ​បរាជ័យ ហើយ​ក៏​មិន​បាន​និយាយ​ពី​ជោគជ័យ​ដែរ។ អឺរ៉ុប​បាន​យល់​ឃើញ​ថា ខ្លួន​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​អស់​ហើយ តែ​អាហ្រ្វិក​បាន​យល់​ផ្ទុយ​ទៅ​វិញ​ថា នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​​ទេ និង​ថា អឺរ៉ុប​បាន​ធ្វើ​សំណើ​ច្រើន​ជ្រុល និង​មាន​សំណើ​ខ្លះ​ពិបាក​នឹង​ទទួល​យក​ថែម​ទៀត ដូច​យ៉ាង​ឲ្យ​អាហ្រ្វិក​ទទួល​យក​វិញ​នូវ​ពលរដ្ឋ​ខ្លួន​ដែល​គ្មាន​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ជា​ដើម។ ជា​ទូទៅ គឺ​ភាគី​អាហ្រ្វិក​ដែល​មិន​សូវ​ពេញ​ចិត្ត ពេញ​ថ្លើម​នឹង​ជំនួបកំពូល​ជាមួយ​អឺរ៉ុប​ពេល​នេះ។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​សេណេហ្កាល់​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសន្ទនា​ជាមួយ​អឺរ៉ុប​ពេល​នេះ ពិសេស​សារៈសំខាន់​នៃ​ការ​បន្ត​កិច្ចសន្ទនា​រវាង​អឺរ៉ុប និង​អាហ្រ្វិក​នៅ​ពេល​ខាង​មុខ​ជា​បន្ត​ទៀត។ ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​លោក​អគ្គនាយក​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ William Swing ដែរ។ លោក William បាន​ថ្លែង​ថា ការ​ដែល​មាន​ជំនួបកំពូល​អឺរ៉ុប អាហ្រ្វិក​ពេល​នេះ គឺ​ជា​ដំណឹង​ល្អ​មួយ​ស្រេច​ទៅ​ហើយ និង​ថា នេះ​ជា​លើកទី១ ដែល​អឺរ៉ុប និង​អាហ្រ្វិក​បាន​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ដើម្បី​និយាយ​ពី​បញ្ហា​ជនអន្តោប្រវេសន៍។

អឺរ៉ុប​បែរ​ក្បាល​រក​តួកគី​ដើម្បី​បន្ត​និយាយ​ពី​បញ្ហា​ជនអន្តោប្រវេសន៍

ក្រៅ​ពី​ជំនួបកំពូល​​ជាមួយ​អាហ្រ្វិក អឺរ៉ុប​ត្រៀម​បើក​ជំនួបកំពូល​ជាមួយ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​និយាយ​ពី​បញ្ហា​ជនអន្តោប្រវេសន៍​ដូច​គ្នា។ នេះ​មក​ពី​តួកគី ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​កំពុង​ស្ថិត​ក្នុង​ដែនដី​អឺរ៉ុប​សព្វថ្ងៃ។ នៅ​ក្នុង​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ សមាជិក​អឺរ៉ុប​ទំាង ២៨ប្រទេស​បាន​សន្យា​ផ្តល់​លុយ​ឲ្យ​ប្រទេស​តួកគី​ចំនួន ៣ ០០០លានអឺរ៉ូ​សម្រាប់​រយៈពេល ២ឆ្នំា។ ជា​ថ្នូរ​ត្រឡប់​វិញ រដ្ឋាភិបាល​តួកគី​ត្រូវ​តែ​រៀបចំ​ទទួល​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ចំនួន​ជនភៀសខ្លួន ២លាន ២សែន​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​ខ្លួន ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី។ ទន្ទឹម​គ្នា​នេះ តួកគី​ក៏​ត្រូវ​ទទួល​យក​បន្ថែម​ទៀត​នូវ​ជនអន្តោប្រវេសន៍​ណា​ដែល​អឺរ៉ុប​មិន​អាច​ទទួល​យក​បាន។

រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំនួន​ជនអន្តោប្រវេសន៍​ទំាង ១៦០ ០០០ម៉ឺននាក់​ដែល​ប្រទេស​អឺរ៉ុប​នីមួយៗ​ត្រូវ​ចែក​គ្នា​ទទួល​យក គឺ​មាន​មិន​ដល់ ១៥០នាក់​ផង​ដែល​បាន​បញ្ជូន​ពី​ប្រទេស​អ៊ីតាលី និង​ក្រិក​ទៅ​កាន់​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត។ លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker បាន​ទាញ​សញ្ញា​អាសន្ន​ថា បើ​ការ​យឺតយ៉ាវ​នៅ​តែ​បន្ត​មាន​យ៉ាង​ដូច្នេះ នោះ​ប្រតិបត្តិការ​នៃ​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​ទំាង ១៦០ ០០០នាក់​នឹង​ត្រូវ​ចប់​សព្វគ្រប់​នៅ​ឆ្នំា ២១០១។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ជាមួយ​តួកគី​ត្រូវ​បាន​លោកប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​យល់​ឃើញ​ថា ហាក់​ដូច​ជា​មិន​សូវ​មាន​ដំណើរ​ការ​ទៅ​មុខ​សោះ។

ដូច្នេះ​ជំនួបកំពូល​អឺរ៉ុប និង​តួកគី​នៅ​ថ្ងៃ​ខាង​មុខ គឺ​ជា​ឱកាស​មួយ​ដែល​អឺរ៉ុប និង​តួកគី​ត្រូវ​លើក​យក​កិច្ចព្រមព្រៀង​នោះ​ទៅ​ពិនិត្យមើល​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ